វើ​ល​ខាប់ ៖ ម៉ាស៊ីន​យន្តហោះ​ដឹក​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវ​ភ្លើង​ឆេះ​

727
ចែករម្លែក

​សហព័ន្ធ​បាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​មិថុនា​ថា យន្តហោះ​ដឹក​ក្រុម​ប្រកួត​វើ​ល​ខាប់​របស់​អារ៉ាប៊ីសាអ៊ូឌីត​បាន​រង​អគ្គីភ័យ​នៅក្នុង​ម៉ាស៊ីន​មួយ​របស់ខ្លួន ខណៈដែល​កីឡាករ​បាន​ជិះ​យន្តហោះ​ទៅ​ទីក្រុង​រ៉ូ​ស្តូវ សម្រាប់​ការប្រកួត​បន្ទាប់​របស់​ពួកគេ​។​

​យន្ដហោះ​បាន​ចុះចត​ដោយ​សុវត្ថិភាព​បន្ទាប់ពី​អ្វីដែល​កីឡាករ​មួយរូប​ក្នុងចំណោម​កីឡាករ​របស់​អារ៉ាប៊ីសាអ៊ូឌីត​បាន​ហៅថា “​បញ្ហា​ធម្មតា​” ។​

​ប្រធាន​សហព័ន្ធ លោក អា​ម៉ាត់ អាល់ ហា​ប៊ី បាន​ប្រាប់​ទូរទស្សន៍​កីឡា​អា​រ៉ា​ប៊ី​សា​អូឌីត KSA ថា “​វា​គឺជា​អគ្គីភ័យ​តូចតាច​មួយ​នៅក្នុង​ម៉ាស៊ីន គឺ​ម៉ាស៊ីន​ខាងស្តាំ ប៉ុន្តែ​យន្តហោះ​បាន​ចុះចត​ដោយ​សុវត្ថិភាព​”​។​

​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​អារ៉ាប៊ីសាអ៊ូឌីត ឈ្មោះ ហា​តាន់ បា​បៀ បាន​និយាយ​នៅក្នុង​វីដេអូ​មួយ​នៅលើ​គណនី Twitter របស់​សហព័ន្ធ​ថា “​យើង​បាន​មកដល់​ដោយ​សុវត្ថិភាព ហើយ​យើងទាំងអស់គ្នា​សុខ​សប្បាយ​។ វា​ជា​បញ្ហា​ធម្មតា​” ។​

​នៅក្នុង​វីដេអូ​នេះ មាន​មនុស្ស​ម្នាក់​នៅក្បែរ​កាមេរ៉ា​បាន​សួរ​គាត់​ថា​តើ​គាត់​មានការ​ភ័យខ្លាច​ទេ គាត់​បាន​ឆ្លើយថា “​ទេ ទេ អត់​ខ្លាច​ទេ​។ ជាការ​ពិត យើង​ភ័យ​តិចៗ​ដែរ ប៉ុន្តែ​សូម​អរគុណ​ព្រះ​”​។​

​អា​រ៉ា​ប៊ី​សា​អូឌីត​នឹងត្រូវ​ប្រកួត​ជាមួយ​អ៊ុយ​រូ​ហ្គា​យ ក្នុង​ប្រកួត​ទី​២ នៅ​ថ្ងៃ​ពុធ ទី​២០ មិថុនា បន្ទាប់ពី​បើកឆាក​ចាញ់​ម្ចាស់ផ្ទះ​រុស្ស៊ី ៥-០៕ ដោយ៖ កញ្ញាដាលីស

អា​រ៉ា​ប៊ី​សា​អូឌីត​បើកឆាក​ចាញ់​ម្ចាស់ផ្ទះ​រុស្ស៊ី ៥-០