វើ​ល​ខាប់ ៖ សាឡា​ខកចិត្ត​ខ្លាំង ខណៈដែល​ម្ចាស់ផ្ទះ​រុស្ស៊ី ទម្លាក់​អេ​ហ្ស៊ី​ប​ដើម្បី​ឡើងទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​

911
ចែករម្លែក

​បី​សប្ដាហ៍​និង​បី​ថ្ងៃ​បន្ទាប់ពី​កីឡាករ សឺ​ជី​អូ រ៉ា​ម៉ូ​ស បានធ្វើឱ្យ​ថ្លោះ​ស្មា និង​បំផ្លាញ​ក្តីសង្ឃឹម​របស់​កីឡាករ​ឆ្នើម​របស់​អេ​ហ្ស៊ី​ប​ក្នុង​វើ​ល​ខាប់ ទីបំផុត​ម៉ូ​ហា​ម៉ាត់ សាឡា បាន​ត្រឡប់មកវិញ​។​

​រូបគេ​បានទទួល​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​និង​ស៊ុត​បាល់​បញ្ចូល​ទី​ជាមួយ​ជើងឆ្វេង​សំដៅ​ទៅរក​ជ្រុង​៩០​ដឺ​ក្រេ​។​

​ប៉ុន្តែ​នៅពេលនោះ រុស្ស៊ី​បាន​នាំមុខ​មុន ៣ សូន្យ​រួចទៅហើយ ហើយ​ការប្រកួត​នេះ​ក៏​ចប់សព្វគ្រប់​រួចទៅហើយ​ផងដែរ​។​

​ការបង្ហាញ​សមត្ថភាព​នៅទីនេះ​មិនមែនជា​សាឡា ដែល​ទម្លុះ​សំណាញ់​ក្រុម Roma និង​ក្រុម Manchester City ផុយៗ ឬ​រកបាន ៣២ គ្រាប់​ក្នុង​ក្របខ័ណ្ឌ Premier League និង ១០ គ្រាប់​ដើម្បី​ជួយ​ឱ្យ Liverpool ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League នោះទេ​។​

​នេះ​គឺជា​សឡា​ដែល​ខំប្រឹង​អស់ពី​សមត្ថភាព ដោយ​សង្ឃឹមថានឹង​ជួយ​នាំមក​នូវ​ឱកាស​ឈ្នះ​តែមួយគត់​មកដល់​ប្រទេស​គាត់ ទោះបីជា​គាត់​ដឹងថា លេង​មិនបាន​ល្អឥតខ្ចោះ​ដូច​មុន​ក៏ដោយ​។​

​ពិតប្រាកដ​ណាស់ សាឡា​មិនទាន់​ជាសះស្បើយ ១០០ ភាគរយ​ពីរ​បួស​ស្មា​ទេ ប៉ុន្តែ​គ្រូបង្វឹក​អេ​ហ្ស៊ី​ប លោក ហិ​កទ័រ ឃូ​ភើ មាន​ជម្រើស​តិចតួច​ណាស់​ក្រៅតែពី​ដាក់ឱ្យ​សាឡា​លេង ព្រោះ​បើ​អេ​ហ្ស៊ី​ប​ចាញ់​ប្រកួត​ទី​២ ទោះ​សាឡា​ជា​ទាំងស្រុង​ក៏​គ្មាន​ន័យ​ដែរ ពេល​ប្រកួត​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​សាឡា​បាន​ស៊ុត​បញ្ចូល​ទី​មែន ក៏​ប៉ុន្មាន​មិន​ទទួលបាន​អ្វី​ក្រៅតែពី​ការខកចិត្ត​ធំ​នោះឡើយ ដែល​ធ្លាក់​ចេញពី​ការប្រកួត​ជម្រុះ​តាម​ពូ​ល​៕ ដោយ៖ កញ្ញាដាលីស

សាឡា​មិន​អាចជួយ​អ្វី​ដល់​ក្រុម​អេ​ហ្ស៊ី​ប​ឡើយ ក្រោយពី​រុស្ស៊ី​ឈ្នះ ៣-១ កាលពី​រាត្រី​ថ្ងៃ​អង្គារ ទី​១៩ មិថុនា