វើ​ល​ខាប់ ៖ សុបិន​របស់​ហុងដា​ក្នុង​ការជួយ​ឱ្យ​ជប៉ុន​ឡើងទៅ​វគ្គ​បន្ទាប់​អាច​នឹង​សម្រេចបាន ពេល​ប៉ះ​ប៉ូឡូញ​ថ្ងៃស្អែក​នេះ​

1407
ចែករម្លែក

​លោក អាគី​រ៉ា នី​ស៊ី​ណូ អាច​នឹងត្រូវ​លើកលែង​ចំពោះ​ការ​ក្តិច​សាច់​ខ្លួនឯង ប្រសិនបើ​ជប៉ុន​ទទួលបាន​លទ្ធផល​ស្មើ ដែល​ពួកគេ​ត្រូវការ​បំផុត​ពេល​ប៉ះ​ជាមួយ​ក្រុម​ប៉ូឡូញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ មិថុនា ដើម្បី​ឆ្លងទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​នៃ​ការប្រកួត​វើ​ល​ខាប់​។​

​កាលពី​ជាង​២​ខែ​មុន គាត់​មិនទាន់​បានមក​ដឹកនាំ​ក្រុម​សា​ម៉ូ​រ៉ៃ​ខៀវ​ជប៉ុន​ផង​ទេ ហើយ​កីឡាករ​ល្បី​បំផុត​របស់​ពួកគេ​គឺ កៃ​ស៊ូ​កេ ហុងដា ពេលនោះ​មិនដឹងថា​អាច​បាន​ជិះ​យន្តហោះ​មក​រុស្ស៊ី​ឬ​អត់​ផង​។​

​ឥឡូវ ក្រុម​របស់លោក នី​ស៊ី​ណូ ត្រូវការ​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ​ពេល​ប៉ះ​ក្រុម​ប៉ូឡូញ​នៅក្នុង​ទីក្រុង​វ៉ុល​ហ្គោ​ក្រា​ដ​ដើម្បី​ឡើងទៅ​វគ្គ​បន្ទាប់ ដោយសារតែ​ការ​ស៊ុត​តាម​ស្មើ​ចុង​ម៉ោង​របស់​ហុងដា ពេល​ប៉ះ​សេ​ណេ​ហ្គា​ល់​។​

​មុននេះ ជប៉ុន​ក្លាយជា​ប្រទេស​អាស៊ី​ទី​១​ដែល​ឈ្នះ​ការប្រកួត​លើ​ក្រុម​មកពី​អាមេរិក​ឡាទីន នៅពេល​ជប៉ុន​ឈ្នះ​កូ​ឡុំ​ប៊ី​សល់​គ្នា ១០ នាក់​ក្នុង​លទ្ធផល ២-១​។​

​សូម្បីតែ​បរាជ័យ​ក៏​អាច​នឹង​គ្រប់គ្រាន់​ដែរ ប្រសិនបើ​សេ​ណេ​ហ្គា​ល់​ផ្តួល​កូ​ឡុំ​ប៊ី តែ​ទោះយ៉ាងណា ជប៉ុន​ឥឡូវ​គឺ​ក្តោប​ក្តាប់​ជោគវាសនា​ក្នុង​ដៃ​ខ្លួនឯង​រួចជាស្រេច ពោលគឺ​ទើប​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​ក្តីសង្ឃឹម​របស់​ពួកគេ​នៅក្នុង​វើ​ល​ខាប់​ហាក់ដូច​ជាមាន​ភាពច្របូកច្របល់​ខ្លាំង​។​

​សមាគម​បាល់ទាត់​ជប៉ុន​បាន​លេងល្បែង​ដ៏​ប្រថុយប្រថាន​ដោយ​បណ្តេញ​គ្រូបង្វឹក​សញ្ជាតិ​បូ​ស្នី លោក វ៉ា​ហ៊ី​ដ ហា​លី​ហូដ​ហ្ស៊ី​ក កាលពី​ខែមេសា បន្ទាប់ពី​ជប៉ុន​លេង​យ៉ាង​អន់ និង ចំពេល​លេច​ឮថា គាត់​មាន​ជម្លោះ​ជាមួយ​កីឡាករ​ឆ្នើមៗ​របស់​ជប៉ុន​។​។​

​ប៉ុន្តែ​ឥឡូវ​ការ​ប្រថុយ​នោះ​ពិតជា​បាន​ផល ហើយ​ពួក​អ្នក​ដែល​ពូកែ​សង្ស័យ​ស្ងាត់​មាត់​ជ្រៀប ដោយសារតែ​ទម្រង់​លេង​ដ៏​រឹងមាំ​និង​មាន​របៀប​របស់លោក​នី​ស៊ី​ណូ ជាមួយនឹង​ល្បឿន ល្បិចកល និង​យុទ្ធសាស្ត្រ​ពិបាក​ទប់ទល់​បំផុត​នៅក្នុង​ពូ​ល H៕ ដោយ៖ កញ្ញាដាលីស

ហុងដា​ស៊ុត​តាម​ស្មើ​សេ​ណេ​ហ្គា​ល់ ២-២