វើ​ល​ខាប់ ៖ អ្នកគាំទ្រ​ឥណ្ឌា​ជិះ​កង់​ពី​ឌូ​បៃ​ទៅ​រុស្ស៊ី ដើម្បី​ថត​ស៊ែ​ល​ហ្វី​ជាមួយ​ម៉េ​ស​ស៊ី

455

​រដ្ឋ​កេ​រ៉ា​ឡា​នៅ​ចុង​ភាគខាងត្បូង​របស់​ឥណ្ឌា​គឺ​ល្បីល្បាញ​ជា​តំបន់​សម្បូរ​អ្នកគាំទ្រ​បាល់ទាត់​ដ៏​ងប់ងុល ដែល​ហ៊ាន​ធ្វើ​គ្រប់យ៉ាង​ដើម្បី​បង្ហាញ​ពី​ការលះបង់​របស់​ពួកគេ​ចំពោះ​បាល់ទាត់​។ ឥឡូវ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នោះបាន​សបញ្ជាក់​ឱ្យឃើញ​តាមរយៈ អ្នកគាំទ្រ​ឈ្មោះ គ្លី​ហ្វី​ន ហ្វ្រ​ង់​ស៊ី​ស​។​

​អ្នកគាំទ្រ​ផ្កាប់មុខ​របស់​កីឡាករ​ម៉េ​ស​ស៊ី មកពី​ភូមិ​ឆឺ​ថា​ឡា ក្នុង​រដ្ឋ​កេ​រ៉ា​ឡា​រូបនេះ​បាន​ជិះ​កង់​តាមផ្លូវ​មកពី​ទីក្រុង​ឌូ​បៃ​មកដល់​ទីក្រុង​មូ​ស្គូ​ដើម្បី​ទស្សនា​ផ្ទាល់​ការប្រកួត​ហ្វី​ហ្វា​វើ​ល​ខាប់ ២០១៨​រវាង​បារាំង​និង​ដា​ណឺ​ម៉ា​កនៅ​ថ្ងៃទី ២៦ មិថុនា​ខាងមុខ​។​

​កាសែត​ក្នុងស្រុក Malayala Manorama បាន​រាយការណ៍​ថា គ្លី​ហ្វី​ន​បាន​សន្សំ​ប្រាក់​សម្រាប់​ដំណើរ​កម្សាន្ត​របស់គាត់​តាមរយៈ​ការបង្រៀន​គួរ​គណិតវិទ្យា​ដល់​មន្ដ្រី​ធនាគារ​នៅ​ទីក្រុង​កូ​ជី​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​គ្លី​ហ្វី​ន​បាន​កត់ត្រា​រាល់​បទពិសោធន៍​របស់​គាត់​ឆ្លងកាត់​ការធ្វើដំណើរ​តាម​កង់​នេះ​។ គាត់​បាន​បង្ហោះ​រូបភាព​នៃ​ការ​ស្នាក់នៅ​ជាមួយ​គ្រួសារ​អ៊ីរ៉ង់​ក្នុងនាម​ជា​ភ្ញៀវ​មួយ ចត​កង់​របស់គាត់​នៅឯ​ប៉ុស្តិ៍​ប៉ូលិស​អា​ហ្សៃ​បៃ​ហ្ស​ង់ និង ត្រូវបាន​ស្វាគមន៍​ដោយ​ស្នាមញញឹម​ដោយ​មន្ត្រី​សន្តិសុខ​រុស្ស៊ី​។​

​គាត់​បាន​រ៉ាយរ៉ាប់​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់គាត់​ថា គាត់​ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​មន្ត្រី​ព្រំដែន​នៅ​អ៊ីរ៉ង់ នៅពេល​ពួកគេ​ដឹងថា​គាត់​គឺជា​ភ្ញៀវ​មកពី​ប្រទេស​ឥណ្ឌា​។ ចេញពី​ប្រទេស​អ៊ីរ៉ង់ គាត់​បាន​ឆ្លងកាត់​ទៅ​ប្រទេស​អា​ហ្សៃ​បៃ​ហ្ស​ង់​ដែលជា​អតីត​សាធារណរដ្ឋ​របស់​សហ​ភាព​សូ​វៀត​។ គាត់​ចែករំលែក​បទពិសោធន៍​របស់គាត់​ថា ប៉ូលិស​អា​ហ្សៃ​បៃ​ហ្ស​ង់​មាន​អារម្មណ៍​រំភើប​ដូច​ប្រជាជន​នៅ​ប្រទេស​នេះដែរ ដែល​បានទទួល​រូបលោក​។​

​ចេញពី​អា​ហ្សៃ​បៃ​ហ្ស​ង់ គាត់​បាន​ឆ្លង​ចូល​ប្រទេស​រុស្ស៊ី​។ កាត​អ្នកគាំទ្រ​វើ​ល​ខាប់​របស់គាត់​បាន​ជួយ​គាត់​ចូលទៅ​ទីតាំង​ទាំងអស់​នៃ​ការប្រកួត ហើយ​គ្លី​ហ្វ​ត​បានសរសេរថា មាន​អ្នកគាំទ្រ​រឿង​ឥណ្ឌា​ជាច្រើន​នាក់​បាន​សួរ​គាត់​អំពី​តារា​សម្តែង​ឥណ្ឌា នាង អៃ​ស្វា​យ៉ា រ៉ៃ ។​

​ពួកគេ​បានបង្ហាញ​ទីកន្លែង​សុវត្ថិភាព​ដើម្បីឱ្យ​គ្លី​ហ្វី​ន​បោះជំរំ និង ទុក​កង់​នៅ​ប៉ុស្តិ៍​ប៉ូលិស​ទៀតផង​៕ ដោយ៖ កញ្ញាដាលីស

គ្លី​ហ្វី​ន​មក​រុស្ស៊ី​ដើម្បី​ថត​ស៊ែ​ល​ហ្វី​ជាមួយ​ម៉េ​ស​ស៊ី