វើ​ល​ខាប់ ៖ អ្នកចាំទី​ស៊ូ​បា​ស៊ី​ក​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី ៣ លើក ជួយ​ឱ្យ​ក្រូ​អាស៊ី​ឈ្នះ​ដា​ណឺ​ម៉ាក​

1133
ចែករម្លែក

​អ្នកចាំទី ដា​នី​ជែ​ល ស៊ូ​បា​ស៊ី​ក បាន​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​ចំនួន​៣​លើក ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​ឈ្នះ​ដា​ណឺ​ម៉ាក​កាលពី​យប់​ថ្ងៃទី ១ កក្កដា​។​

​ក្រូ​អាស៊ី​បាន​ឈានដល់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ជាមួយ​ជ័យជម្នះ ៣-២ លើ​ក្រុម​ដា​ណឺ​ម៉ា​កដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ក្រោយពី​ស្មើគ្នា ១-១​។​

​ស៊ូ​បា​ស៊ី​កបាន​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​ដំបូង​ពី​សំណាក់​ខ្សែបម្រើ​ដា​ណឺ​ម៉ាក គ្រី​ស្ទា​ន អេ​រិ​កសិន ។ បន្ទាប់មក​រូបគេ​បាន​ហក់​ទៅ​ស្តាំ​ដៃ​ដើម្បី​សង្គ្រោះ​បាល់​ស៊ុត​របស់​កីឡាករ ឡាស​សេ ស្កូ​ណេ​។ ចុងក្រោយ ស៊ូ​បា​ស៊ី​កបាន​ប្រើ​ជើង​ដើម្បី​រារាំង​ការ​ស៊ុត​របស់​កីឡាករ នី​កូ​ឡាយ ចូ​ហ្គិ​ន​សិន​។​

​លោក​ស្លាត​កូ ដា​លី​ក គ្រូបង្វឹក​ក្រូ​អាស៊ី​បាន​និយាយថា “​គាត់​ជា​វីរបុរស​នៅ​រាត្រី​នេះ​។ គាត់​បាន​ជួយសង្គ្រោះ​បាល់​៣​គ្រាប់​នៅក្នុង​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​។ អ្នក​មិនដែល​ឃើញបែបនេះ​រាល់ថ្ងៃ​ទេ​” ។​

​ស៊ូ​បា​ស៊ី​កបាន​ក្លាយជា​អ្នកចាំទី​ទី ២ ដែល​បាន​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី ៣ គ្រាប់​នៅ​វើ​ល​ខាប់ ដោយ​ស្មើនឹង​អ្នកចាំទី​ព័រ​ទុយ​ហ្គា​ល់ រី​កាដូ ពេល​ប៉ះ​អង់គ្លេស​ក្នុង​ឆ្នាំ ២០០៦​។​

​ក្រូ​អាស៊ី​នឹង​ជួប​ជាមួយ​ម្ចាស់ផ្ទះ​រុស្ស៊ី​នៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍​ខាងមុខ​នៅ​ទីក្រុង​សូ​ជី​។ រុស្ស៊ី​ក៏បាន​ឈានដល់​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ផងដែរ​ដោយបាន​ផ្តួល​អេ​ស្ប៉ា​ញ ៤-៣ ក្រោយពី​ស្មើគ្នា ១-១៕ ដោយ៖ កញ្ញាដាលីស

អ្នកចាំទី ដា​នី​ជែ​ល ស៊ូ​បា​ស៊ី​ក សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី ៣ ដង​ជួយ​ឱ្យ​ក្រូ​អាស៊ី​ឡើងទៅ​វគ្គ ១/៤ ជួប​រុស្ស៊ី