វៀតណាមជួយបានទាន់ពេលវេលាក្នុងការនាំផលស្រូវ និងកសិផលនានាពីកម្ពុជាទៅកាន់ទីផ្សាររបស់ខ្លួន

1118
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង លោករដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី បុយ ធីធឿម ជាប្រធាន សមាគមកសិករ​វៀតណាមថ្នាក់មជ្ឈិម និងលោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​សង្គម​ និយមវៀតណាមប្រចាំនៅកម្ពជា ព្រមទាំងប្រធានសមាគមកសិករ​ប្រចាំខេត្តទាំង៥ នៅជាប់ព្រំដែនដូចជាខេត្តអាងយ៉ាង គៀងយ៉ាង ដុង ផាត់ តាយ និញ និងខេត្តឡុងអាន។ ជំនួបនេះមានគោលបំណងពង្រីង និងពង្រីកកិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម រួមទាំងប្រធានបទផ្សេងៗទៀត។

លោករដ្ឋមន្ត្រី វ៉េង សាខុន តាមរយ:ដំណើរទស្សនកិច្ចរបស់លោកស្រី និងគណៈប្រតិភូអមដំណើរនាថ្ងៃនេះ បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់ការ​អភិវឌ្ឍប្រទេសកម្ពុជាជារួមនិងដោយឡែកការអភិវឌ្ឍវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម។ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេស​ទាំងពីរបានចូលរួមចំណែកធ្វើឱ្យវិស័យនេះមានការរីកចម្រើនគួរឲ្យមោទនភាព ពិសេសលើផលិតកម្មស្រូវ ដំណាំកសិឧស្សាហកម្ម និងការធ្វើកសិ-ពាណិជ្ជកម្ម ហើយសង្ឃឹមថារដ្ឋាភិបាលវៀតណាមនឹងបន្តជួយអភិវឌ្ឍវិស័យកសិកម្មបន្ថែមទៀត។ ជាពិសេស​ដល់វិស័យកសិ-ពាណិជ្ជកម្មនៅតាមខ្សែបន្ទាត់ព្រំដែន​នៃប្រទេសទាំងពីរដោយ​ផ្តោតជាសំខាន់់លើលំហូរកសិផលកម្ពុជាចូលក្នុង​ទីផ្សារវៀតណាមដូចជាស្រូវ ដំឡូង ស្វាយ ស្វាយចន្ទី ពោត ម្រេច។ល។ សមទ្ធិផលដែលក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាសម្រេច​បាន​គឺដោយសារ​ទទួលបាននូវកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងល្អប្រសើរ​ពីរដ្ឋាភិបាលវៀតណាម ។

លោកបានបញ្ជាក់បន្ថែមថា ដោយសារកិច្ចសហប្រតិបត្តការ និងជាពិសេសកិច្ចអន្តរាគមន៍​បានទាន់ពេលវេលាពីរដ្ឋាភិបាលវៀតណាម កន្លងមក​បានធ្វើឲ្យស្រូវរក្សាតម្លៃបានសមរម្យ ម៉្យាងទៀតការនាំចេញ​កសិផលកម្ពុជាដូចជាស្វាយ ដំឡូង ស្វាយចន្ទី ទៅកាន់ទីផ្សារវៀតណាម​មានការកើនឡើងគួរឲ្យចាប់អារម្មណ៍។

ក្នុងឱកាសនោះ លោកស្រីប្រធានប្រតិភូ បានបន្តថា​ជំនួបនាពេលនេះ​គឺមានគោល​បំណងធ្វើការផ្លាស់ប្តូរបទពិសធន៍ជាមួយក្រសួង ពិសេស​អគ្គនាយកដ្ឋាន ឬអង្គភាពពាក់ព័ន្ធដើម្បីបង្កើន​ការធ្វើកសិ-ពាណិជ្ជកម្ម​នាពេលអនាគត ដោយសំដៅទៅលើខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ​ដូចជាការប្រើប្រាស់ទឹក ការដោះដូរទំនិញ ការផ្លាស់ប្តូរបទពិសោធន៍លើការងារ​បច្ចេកទេសក្រោយពេលប្រមូលផល និងទេសចរណ៍។ល។

លោកស្រីសង្ឃឹមថា តាមរយ:កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេស​ទាំងពីរ​នឹងជួយជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឲ្យមានការ​រីកចម្រើនសមស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលអនាគត។

នាឱកាសនេះដែរភាគីទាំងពីរ ក៏បានលើកយកប្រធានបទសំខាន់ៗមកពិភាក្សា​ផងដែរជាអាទិ៍ ៖ ទី១.ការរៀបចំផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់សមាជិក​សហគមន៍កសិកម្មរវាងប្រទេសទាំងពីរទី២.ការរៀបចំវេទិកាកសិករប្រទេសទាំពីរ រួមទាំងការតាំងពិព័រណ៍កសិផលសហគមន៍កសិកម្ម និងបច្ចេកវិទ្យាកសិកម្ម នៃប្រទេសទាំងពីរ។

លោក ងឹន ឆាយ អគ្គនាយកកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មិនអាចសុំអធិប្បាយបានទេនៅព្រឹកថ្ងៃទី៨ ខែឧសភានេះ លោកប្រាប់ថារវល់​ជាប់ប្រជុំ៕B/Ha