វៀតណាមនាំសកម្មជន៦នាក់ឡើងតុលាការចំពោះវិទ្ធង្សនា

955
ចែករម្លែក

តុលាការមួយនៅក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ទី៥មេសា បានបើកសវនាការកាត់ទោសសកម្មជន៦នាក់ដែលជាប់ចោទពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ខណៈដែលអាជ្ញាធរកុំម្មុយនីស្តវៀតណាមបង្កើនការបង្រ្កាបលើជនប្រឆាំង។

មេធាវី ង្វៀន វ៉ាន់ ដាយ (កណ្តាល)ឈរក្នុងសវនាការនៅក្រុងហាណូត កាលពីថ្ងៃ៥មេសា

មេធាវីសិទ្ធិមនុស្សលេចធ្លោ ង្វៀន វ៉ាន់ ដាយ និងមនុស្ស៥នាក់ទៀត ត្រូវបានចោទប្រកាន់ថាសហការជាមួយក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យមួយហៅថា «ភាតរភាពសំរាប់លទ្ធិប្រជាធិបតេយ្យ» ដែលពួករដ្ឋអាជ្ញានិយាយថាធ្វើការជាមួយអង្គការបរទេសនិងក្នុងស្រុកដើម្បីប្រឆាំងរដ្ឋ ផ្លាស់ប្តូរប្រព័ន្ធនយោបាយនិងនៅទីបំផុតផ្តួលរំលំរដ្ឋាភិបាល។

ពួកគេទាំង៦នាក់ប្រឈមការប្រហារជីវិត ប្រសិនបើត្រូវដាក់ទោស។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានស្រង់ខ្លឹមសារក្នុងឯកសារចោទប្រកាន់ដែលនិយាយថា«ចុងចម្លើយបានឆ្លៀតចំណេញពីការប្រយុទ្ធដើម្បីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសង្គមស៊ីវិលដើម្បីបិទបាំង…បំណងរបស់ក្រុមភាតរភាពសំរាប់លទ្ធិប្រជាធិបតេយ្យ» ។

ពួករដ្ឋអាជ្ញាបានកំណត់ថា លោកដាយ ជាមេក្លោងនៅពីក្រោមក្រុមនេះ ដោយបង្កើតកម្មវិធីនយោបាយ បណ្តុះបណ្តាលសមាជិកនិងស្វះស្វែងរកហិរញ្ញវត្ថុមកពីអង្គការបរទេសព្រមទាំងបុគ្គលខ្លះ ដែលសរុបប្រមូលបានប្រាក់ជាង៨០.០០០ដុល្លារ។

ទោះជាយ៉ាងណា បណ្តាក្រុមសិទ្ធិមនុស្ស បានអំពាវនាវអោយដោះលែងពួកគេ។

ជេមស៍ ហ្គោមេហ្ស៍ នាយកអង្គការលើកលែងទោសអន្តរជាតិប្រចាំអាស៊ីអាគ្នេយ៍ បាននិយាយថា«វៀតណាមជាប្រទេសនៅអាស៊ីអាគ្នេយ៍មួយដែលដាក់គុកសកម្មជនអហិង្សាច្រើនជាងគេ ។វាជាភាពអាម៉ាសមួយដែលគេមិនគួរប្រាថ្នាចង់បានឡើយ»។

លោកបាននិយាយថា អ្នកទោសមនសិការ៩៧នាក់ដែលយើងបានដឹងនៅក្នុងប្រទេសនេះគឺសុទ្ធតែជាបុរសស្រ្តីក្លាហានដែលត្រូវបានលួចប្លន់សេរីភាពរបស់គេ ដោយសារតែពួកគេគ្មានបំណងអ្វីក្រៅតែពីជំរុញឃោសនាសិទិ្ធមនុស្ស»។

ចំណែកអង្គការHuman Rights Watch បាននិយាយថា អ្នកជាប់គុកដោយសាររំលោភច្បាប់សន្តិសុខជាតិនៅវៀតណាមមានចំនួន១១៩នាក់។ទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងហាណូយអះអាងថា មិនមានអ្នកទោសនយោបាយនៅក្នុងប្រទេសវៀតណាមទេ មានតែអ្នករំលោភច្បាប់ជាប់គុក។

សូមបញ្ជាក់ថា នៅឆ្នាំ២០០៧ ដាយនិងមនុស្ស៤នាក់ផ្សេងទៀតក៏ត្រូវបានកាត់ទោសអោយជាប់គុក៥ឆ្នាំចំពោះការឃោសនាប្រឆាំងរដ្ឋាភិបាល តែរយៈពេលជាប់គុករបស់គាត់ត្រូវបានបន្ថយមកនៅត្រឹម៤ឆ្នាំក្នុងបណ្តឹងឧទ្ធរណ៍៕ដោយ:វាសនា