វៀតណាម​កាត់ទោស​ប្រហារជីវិត​២​នាក់​ចំពោះ​ការ​ជួញដូរ​ថ្នាំញៀន ,​ថៃ​ចាប់បាន​ថ្នាំញៀន​ជាង​២​លាន​គ្រាប់​

298
ចែករម្លែក

​តុលាការ​វៀតណាម​ភាគ​កណ្តាល​មួយ​បាន​កាត់ទោស​ប្រហារជីវិត​បុរស​២​នាក់​ចំពោះ​ការជួញដូរ​ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​និង​ហេ​រ៉ូ​អ៊ីន​ពី​ប្រទេស​ឡាវ​ចូល​វៀតណាម​។​

Tran Xuan Thanh អាយុ​៣១​ឆ្នាំ​ និង Vo Quoc Duong​ អាយុ​៤២​ឆ្នាំ បាន​កំពុងកាន់​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​៣២​គីឡូក្រាម និង​ហេ​រ៉ូ​អ៊ីន​១០​ថង់ សរុប​ប្រមាណ​៣,៥​គីឡូក្រាម​​មក​ពី​ឡាវ​ចូល​វៀតណាម​ក្នុងពេល​ពួកគេ​ត្រូវបាន​ចាប់​ឃាត់ខ្លួន​កាលពី​ខែ​តុលា​ឆ្នាំមុន​។​

​ថ្នាំញៀន​និង​របស់របរ​ដែល​ប៉ូលិស​រឹបអូស​បាន​ពី​ជនល្មើស​ជួយ​ដឹកជញ្ជូន​ថ្នាំញៀន​នៅក្នុង​ខេត្ត​ហា​ទិញ​

​ពួកគេ​បាន​អះអាងថា ពួកគេ​បាន​ទទួល​ថ្នាំញៀន​ទាំង​នោះ​ពី​ស្ត្រី​ឡាវ​ម្នាក់​និង​ត្រូវ​នាំ​វា​ឆ្លងកាត់​ព្រំដែន​ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​៥០​លាន​ដុង​(២.១០០​ដុល្លារ​)​។​

​ទោះជា​មាន​ច្បាប់​ថ្នាំញៀន​តឹងរ៉ឹង​បំផុត​មួយ​ក្នុង​លោក ក៏​វៀតណាម​ឥឡូវ​បាន​ក្លាយជា​មជ្ឈមណ្ឌល​ជួញដូរ​និង​ឆ្លងកាត់​ថ្នាំញៀន​ដ៏​សំខាន់​មួយ​សម្រាប់​ថ្នាំញៀន​មក​ពី​តំបន់ត្រីកោណ​​មាស ដែល​ជា​ចំណុចប្រសព្វ​រវាង​ព្រំដែន​ឡាវ មី​យ៉ាន់​ម៉ា​និង​ថៃ​។​

​ជុំវិញ​ថ្នាំញៀន​មក​ពី​តំបន់ត្រីកោណមាស​នេះដែរ សមត្ថកិច្ច​ថៃ​កាលពី​យប់​ថ្ងៃ​អង្គារ​ស្ទាក់​ចាប់បាន​ថ្នាំញៀនមេតំ​ហ្វេ​តា​មីនដ​ល់​ទៅ​២,២​លាន​គ្រាប់ ក្រោយពី​ការ​បើករថយន្ត​ដេញ​​ចាប់​កាត់​ផ្លូវ​ភ្នំ​នៅ​ខេត្ត​ឈៀង​រ៉ៃ​ភាគ​ខាងជើង​។​

​នៅ​ទីបំផុត​នៅ​ដើម​ថ្ងៃ​ពុធ ទាហាន​បាន​រកឃើញ​ថ្នាំ​មេតំ​ហ្វេ​តា​មីនប្រមាណ​២,២​លាន​គ្រាប់​និង​មេតំ​ហ្វេ​តា​មីន​ក្រាម​ចំនួន​១១​គីឡូក្រាម​ក្នុង​រថយន្ត​ដែល​ជនល្មើស​ទុកចោល​ក្រោយ​​ការចេញ​ចាប់​រថយន្ត​មួយ​បាំង​កន្លះ​មួយ​។​ទោះជា​យ៉ាងណា អ្នកបើក​រថយន្ត​និង​អ្នកដំណើរ​ម្នាក់​ក្នុង​រថយន្ត​ល្មើស​បាន​គេចខ្លួន​៕​ដោយ​៖​វាសនា​/Ha

​ថ្នាំញៀន​ជាង​២​លាន​គ្រាប់​ត្រូវ​ទាហាន​ថៃ​ចាប់បាន​នៅ​ព្រំដែន​ជាប់​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ពុធ​