វៀតណាម​កាត់ទោស​ប្រហារជីវិត​៣​នាក់​ចំពោះ​ការជួញដូរ​ថ្នាំញៀន​

265
ចែករម្លែក

​តុលាការ​ប្រជាជន​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​មិថុនា​បាន​កាត់ទោស​ប្រហារជីវិត​ជនជាតិ​វៀតណាម​៣​នាក់​ចំពោះ​បទល្មើស​ថ្នាំញៀន​។​

​តុលាការ​បាន​រកឃើញ​ថា​Vo Van Nam, Ngo Thi Cham និង Chu Van Thang​មាន​ទោស​កំហុស​ចំពោះ​ការជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​។​

​យោងតាម​របាយការណ៍​តុលាការ កាលពី​ខែ​មេសា​ឆ្នាំមុន​បុរស​ឈ្មោះ​Vo Van Nam​និង ស្រ្តីឈ្មោះNgo Thi Cham បាន​ស្នើសុំ​អោយ​ស្ត្រី​មិន​ស្គាល់​ឈ្មោះ​ម្នាក់​រស់នៅ​ឡាវ​លក់​ថ្នាំញៀន​មេ​តំ​​ហ្វេ​តា​មីន​អោយ​ពួកគេ​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​៦០០​លាន​ដុង​(២៥.៦៧០​ដុល្លារ​)​។​ស្ត្រី​នោះ​បាន​យក​ថ្នាំញៀន​២​គីឡូក្រាម​ទៅ​ដាក់​ក្រោម​បង្គោល​ភ្លើង​មួ​យ​និង​អោយ​បុរស​ឈ្មោះ​Chu Van Thang​ទៅ​យក​និង​នាំទៅ​ប្រគល់​អោយ​Vo Van Nam តែ​Vo Van Nam​មាន​លុយ​អោយ​ត្រឹមតែ​១​គី​ឡូ ដូច្នេះ​Chu Van Thang​បាន​នាំ​ថ្នាំ​នៅសល់​ត្រឡប់មកវិញ​តែ​ត្រូវ​​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។​

​សូមបញ្ជាក់​ថា វៀតណាម​មាន​អ្នកញៀន​ថ្នាំ​ជាង​២២២.០០០​នាក់​នៅ​ត្រឹម​ចុងឆ្នាំ​២០១៧ ដោយ​បង្ហាញ​កំណើន​អ្នកញៀន​ថ្នាំ​ជាខ្លាំង ជាពិសេស​ក្នុងចំណោម​យុវជន​ដែល​ចូលចិត្ត​​ពិធី​ស៊ីផឹក​សប្បាយ ដោយ​ពួកគេ​ប្រើ​ថ្នាំញៀន​សំយោគ​ដូចជា មេតំ​ហ្វេ​តា​មីន ថ្នាំ​វង្វេង​និង​កេតា​មីន​។​

​ការប្រើ​ថ្នាំ​ត្រូវ​ហាមឃាត់​នៅក្នុង​ប្រទេស​នេះ និង​អ្នក​ប្រើ​ត្រូវ​ពិន័យ​និង​បញ្ជូន​ទៅ​កាន់​មណ្ឌល​ស្តារនីតិសម្បទារ​។​ការផលិត​ឬ​ចែកចាយ​ថ្នាំញៀន​ជា​បទឧក្រិដ្ឋ​មួយ​ដែល​អាច​មាន​​ទោស​ប្រហារជីវិត​៕​ដោយ​៖​វាសនា​

Chu Toan Thang (​ឆ្វេង​), Ngo Thi Cham (​ខាងក្រោយ​) និង Vo Van Nam ក្នុង​សវនាការ​ក្នុង​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​២៥​មិថុនា​