វៀតណាម​កាត់ទោស​ប្រហារជីវិត​អ្នកជួញដូរ​គ្រឿងញៀន​២​នាក់​

499
ចែករម្លែក

​តុលាការ​វៀតណាម​បាន​កាត់ទោស​ប្រហារជីវិត​បុរស​២​នាក់​កាលពី​ថ្ងៃ​ចន្ទ​ពីបទ​ជួញដូរ​គ្រឿងញៀន​ចំនួន​៤,៨​គីឡូក្រាម កាលពី​ឆ្នាំមុន​។​

​បុរស​ឈ្មោះ Nguyen Van Toan និង Lu Van Hai ទទួលទោស​ប្រហារជីវិត​ចំពោះ​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ នៅ​តុលាការ​នៅ​ខេត្ត​ង៉េ​អាន​។​​ចំណែក​បុរស​ឈ្មោះ​Ho Sy Long ដែលជា​អ្នកបើក​រថយន្ត​ឱ្យ​ពួកគេ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​២០​ឆ្នាំ​ពី​បទ​លួច​ដឹក​ជញ្ជូន​គ្រឿងញៀន​។​

​កាលពី​ខែ​ឧសភា​ឆ្នាំមុន Nguyen Van Toan បាន​ជួល​Ho Sy Long ឱ្យ​បើក​រថយន្ត​ដឹក​គាត់​ទៅ​ជួប Lu Van Hai​នៅ​ខេត្ត​ង៉េ​អាន​ដើម្បី​ទិញ​គ្រឿងញៀន​ហេ​រ៉ូ​អ៊ីន​ចំនួន​២​កញ្ចប់​ជិត​៧០០​ក្រាម ក្នុងតម្លៃ​៣៦០​លាន​ដុង (១៥.៤៨០ ដុល្លារ​) ហើយ​ក្រោម​ក​Nguyen Van Toan នាំយក​គ្រឿងញៀន​ទាំងនោះ​ទៅ​លក់​ឱ្យ​បុរស​ម្នាក់​នៅ​ទីក្រុង​ហូ​ជី​មី​ញ​ ក្នុងតម្លៃ​៤២០​លាន​ដុង ហើយ​បង់ប្រាក់​ឱ្យ Ho Sy Long ចំនួន​២​លាន​ដុង​។​

​កាលពី​ខែ​មិថុនា Nguyen Van Toan បាន​ជួល​Ho Sy Long ម្តងទៀត​ដើម្បី​ទិញ​គ្រឿងញៀន​ហេ​រ៉ូ​អ៊ីន​៣​កញ្ចប់​ពី​Lu Van Hai ក្នុងតំម្លៃ​៥២០​លាន​ដុង ។​ Ho Sy Long បាន​ទទួល​ប្រាក់​៥​លាន​ដុង​ចំពោះ​ការធ្វើដំណើរ​នេះ​។​

​នៅក្នុង​ខែ​មិថុនា ផង​ដែរ​នោះ​Nguyen Van Toan និង​Ho Sy Long​ទៅ​ជួប Lu Van Hai ដើម្បី​ទិញ​គ្រឿងញៀន​ហេ​រ៉ូ​អ៊ីន​៣​កញ្ចប់​ទៀត​និង​គ្រឿងញៀន​មេ​តាំ​ហ្វីតា​មីន​​ចំនួន​១​គីឡូក្រាម​។

​ពួកគេ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នៅពេល​បើក​រថយន្ត​ត្រឡប់មកវិញ​។​

​ការទិញ​ដូរ​គ្រឿងញៀន​៣​លើក​នេះ ពួកគេ​បាន​ធ្វើ​ការជួញដូរ​គ្រឿង​ញៀន​សរុប​ជាង​៤.៨​គីឡូក្រាម​៕ដោយ៖សុខា/sn

(​រូប​ពីឆ្វេង​) Ho Sy Long ,Lu Van Hai និង​Nguyen Van Toan​ត្រូវបាន​វិនិច្ឆយ​ទោស​នៅ​តុលាការខេត្ត​ង៉េ​អាន ពី​បទ​ជួញដូរ​គ្រឿងញៀន​កាល​ពី​ទី​១​ខែកក្កដា ឆ្នាំ​២០១៩