វៀតណាម​កាត់ទោស​ប្រហារជីវិត​មនុស្ស​៥​នាក់​ចំពោះ​ការជួញដូរ​ថ្នាំញៀន​

378
ចែករម្លែក

​ជនជាតិ​វៀតណាម​៤​នាក់​និង​ឡាវ​ម្នាក់​ត្រូវបាន​កាត់ទោស​ប្រហារជីវិត និង​ជនជាតិ​វៀតណាម​៨​នាក់​ទៀត​ជាប់គុក​អស់​មួយ​ជីវិត និង​រាប់​ឆ្នាំ​ចំពោះ​ទោស​ជួញដូរ​ថ្នាំញៀន​។​

​ការកាត់ទោស​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ខេត្ត​ក្វាង​និ​ញ ភាគ​ខាងជើង​វៀតណាម​កាលពី​ថ្ងៃ​ពុធ​ទី​១៣​វិច្ឆិកា​។​

​ជនសង្ស័យ​២​នាក់​ទៀត​ក្នុងករណី​ថ្នាំញៀន​នេះ​កំពុង​រត់គេចខ្លួន​ក្រោយពី​ប៉ូលិស​បាន​បង្ក្រាប​ជម្រក​ថ្នាំញៀន​មួយ​នៅ​ទីប្រជុំជន​ម៉ុង​កៃ ជាប់​ព្រំដែន​ចិន កាលពី​ខែ​មិថុនា​ឆ្នាំមុន​​ដោយ​បាន​រកឃើញ​ថ្នាំ​ញៀន​ហេ​រ៉ូ​អ៊ីន ២៣,៧​គីឡូក្រាម​និង​ចាប់​បាន​ជនសង្ស័យ​ម្នាក់​។​

​ការស៊ើបអង្កេត​បន្ត នាំ​ដល់​ការចាប់ខ្លួន​១២​នាក់​បន្ថែម​នៃ​សមាជិក​ក្រុម​ថ្នាំញៀន​នេះ​ដែល​បាន​លួច​នាំ​ចូល​ថ្នាំ​ហេ​រ៉ូ​អ៊ីន​៤៨,៨​គីឡូក្រាម​ពី​ឡាវ​និង​បន្ទាប់​មក​នាំ​ទៅ​លក់​នៅ​ចិន​។​

​វៀតណាម​ឥឡូវ ជួប​កំណើន​អ្នក​ប្រើប្រាស់​និង​ជួញដូរ​ថ្នាំញៀន​។​ការបង្ក្រាប​និង​កាត់ទោស​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ត្រូវបាន​រាយការណ៍​ស្ទើរ​រាល់​សប្តាហ៍ ទោះ​ជា​ប្រទេស​​នេះ​មាន​ច្បាប់​ប្រឆាំង​ថ្នាំញៀន​ដ៏​តឹង​រឹងក្តី​។​ជនជាប់ចោទ​ណា​ដែល​មាន​ឬ​លួច​នាំ​ចូល​ថ្នាំញៀន​ហេ​រ៉ូ​អ៊ីន​៦០០​ក្រាម​ឡើង ឬ​មេតំ​ហ្វេ​តា​មីន​២,៥​គីឡូក្រាម​ទៅ ប្រឈម​ទោស​ប្រហា​រ​​ជីវិត​។​ការផលិត​ឬ​លក់​ហេ​រ៉ូ​អ៊ីន​ចាប់ពី​១០០​ក្រាម ឬ​ថ្នាំ​ញៀន​ខុស​ច្បាប់​ផ្សេងៗ​៣០០​ក្រាម​ឡើង​ក៏​ប្រឈម​ទោស​ប្រហារជីវិត​ផងដែរ​៕​ដោយ​៖​វាសនា​

អ្នកទោស​ថ្នាំញៀន​វៀតណាម​និង​ឡាវ ឈរ​ក្នុង​សវនាការ​នៃ​តុលាការខេត្ត​ក្វាង​និញកា​លពី​ថ្ងៃ​១៣​វិច្ឆិកា​