វៀតណាម​កេណ្ឌ​មនុស្ស​កន្លះ​លាន​នាក់​សំរាប់​ឆ្លើយតប​នឹង​គ្រោះមហន្តរាយ​បង្កឡើង​ដោយ​ព្យុះ​

679
ចែករម្លែក

វៀតណាមកណ្តាលឆៀងខាងជើងរងព្យុះSon Tinhកាលពីខែមុន ឥឡូវកំពុងរង់ចាំទទួលព្យុះថ្មីមួយទៀតនៅសប្តាហ៍នេះ។

ដោយព្យុះBebincaត្រូវធ្វើដំណើរមកដល់វៀតណាមនៅព្រឹកថ្ងៃសុក្រទី១៧សីហា អាជ្ញាធរវៀតណាមកំពុងកេណ្ឌកម្លាំងទាំងអស់ដើម្បីត្រៀមដោះស្រាយនិងកាត់បន្ថយផលប៉ះពាល់ពីព្យុះនេះ។

គិតមកត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ស្នូលនៃព្យុះត្រូពិកនេះនៅចម្ងាយប្រមាណ១៧០គីឡូម៉ែត្រពីឆ្នេរម៉ុងកាយនៃខេត្តក្វាងនីញ ជាមួយនឹងល្បឿនខ្យល់៩០គីឡូម៉ែត្រក្នុងមួយម៉ោង។វាត្រូវគេរំពឹងថានឹងចូលដល់តំបន់ខាងជើងចាប់ពីខេត្ត ថាយប៊ីញ ដល់ ថាញ់ហ័រ នៅព្រឹកថ្ងៃសុក្រ មុនពេលចុះខ្សោយប្រែទៅជាសម្ពាធទាបមួយ។

អ្នកជំនាញអាកាសធាតុនិយាយថាវៀតណាមខាងជើងនិងតំបន់ដីសណ្តរភាគកណ្តាលឆៀងខាងជើង នឹងរងការធ្លាក់ភ្លៀងនិងខ្យល់ខ្លាំងរហូតដល់ថ្ងៃសៅរិ៍។

ក្នុងការឆ្លើយតបចំពោះស្ថានភាពនេះ ឆ្នាំព្រំដែននិងឆ្នេរសមុទ្រនៅតាមបណ្តាខេត្តភាគកណ្តាលចាប់ពីក្វាងនីញដល់ ក្វាង ប៊ីញ បានបញ្ជាអោយមានការជម្លៀសទូកនេសាទ និងបែរត្រីទ្រង់ទ្រាយធំទៅកាន់តំបន់មានសុវត្ថិភាព។

ក្រសួងការពារជាតិវៀតណាម ក្នុងពេលជាមួយគ្នា បានអំពាវនាវអោយកេណ្ឌមនុស្ស៥០០.០០០នាក់ រួមមានទាហាន និងសមាជិកកងកម្លាំងប៉ូលិស រួមទាំងអ្នកស្ម័គ្រចិត្តស៊ីវិល អោយត្រៀមខ្លួនសំរាប់ជួយអ្នកស្រុកនៅតំបន់រងគ្រោះដោយព្យុះ។

យានយន្តប្រមាណ២.៧០០ រួមមាននាវា៣៥គ្រឿង រថយន្តចំនួន១.៥៧០និងយានយន្តផ្សេងទៀតត្រូវបានប្រមូលត្រៀមទុកសំរាប់ជម្លៀសអ្នកស្រុកក្នុងករណីគ្រាអាសន្ន។

ព្យុះBibenca ត្រូវវាយប្រហារវៀតណាមនៅដើមថ្ងៃសុក្រ ជាហេតុនាំអោយមានការត្រៀមបង្ការទុកដ៏ធំ។វាជាព្យុះទី៤ដែលកើតនៅសមុទ្រចិនខាងត្បូងនៅឆ្នាំនេះ។ព្យុះ Son Tinhដែលបានវាយប្រហារវៀតណាមកណ្តាលកាលពីខែមុន បង្កទឹកជំនន់និងការបាក់ដីសម្លាប់មនុស្សយ៉ាងតិច២៧នាក់។

វៀតណាមរងការវាយប្រហារដោយខ្យល់ព្យុះ១៦កាលពីឆ្នាំមុន ដែលបណ្តាលអោយស្លាប់ឬបាត់ខ្លួនមនុស្ស៣៨៩នាក់ និង៦៦៨នាក់ទៀតរងរបួស ភាគច្រើននៅតំបន់ខាងជើងនិងកណ្តាល។

ព្យុះដំរី(Damrey)ដែលជាព្យុះខ្លាំងនិងបំផ្លិចបំផ្លាញវៀតណាមបំផុតកាលពីខែវិច្ឆិកាឆ្នាំមុន បានសម្លាប់មនុស្ស១០៦នាក់៕ដោយ៖វាសនា

ព្យុះ Son Tinh បានវាយប្រហារវៀតណាមកណ្តាលកាលពីខែមុន