វៀតណាម​ក្លាយជា​ប្រទេស​នាំមុខគេ​នៅ​អាស៊ី​អា​គ្នេ​ហ៍​ខាង​កំណើនសេដ្ឋកិច្ច​ឌីជីថល​

392
ចែករម្លែក

​របាយការណ៍​ថ្មី​មួយ​បាន​និយាយថា សេដ្ឋកិច្ច​ឌីជីថល​របស់​វៀតណាម​កំពុង​រីកចម្រើន​ខ្លាំង​និង​ជាទី​ផ្សារ​ដែលមាន​ការរីក​ចម្រើន​លឿន​បំផុត​ទី ២ នៅ​អាស៊ីអាគ្នេយ៍​បន្ទាប់ពី​ប្រទេស​ឥណ្ឌូនេស៊ី​។​

​សេដ្ឋកិច្ច​អ៊ី​ន​ធឺ​ណេ​តរបស់​វៀតណាម​បាន​ឈានដល់​តម្លៃ ១២ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៩ ជាមួយនឹង​អត្រាកំណើន​ប្រចាំឆ្នាំ ៣៨ ភាគរយ​ចាប់តាំងពី​ឆ្នាំ ២០១៥ និង​ត្រូវគេ​រំពឹងថា​នឹង​កើនឡើង​ដល់ ៤៣ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៥​។​

​តួលេខ​ទាំងនេះ​ត្រូវបាន​លើកឡើង​នៅក្នុង​របាយការណ៍​អេឡិចត្រូនិក​អាស៊ីអាគ្នេយ៍​ឆ្នាំ ២០១៩ របស់​ក្រុមហ៊ុន Google ក្រុមហ៊ុន Temasek ដែល​កាន់កាប់​ដោយ​រដ្ឋាភិបាល​សិង្ហ​បុរី និង ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ផ្នែក​គ្រប់គ្រង​សកល Bain មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាម៉េរិក​។​

​របាយការណ៍​បាន​និយាយថា “​ជាមួយនឹង​តម្លៃ​ទំនិញ​សរុប​ដែល​ត្រូវបាន​ជួញដូរ​តាម​អ៊ី​ន​ធឺ​ណេ​ត​នៅក្នុង​ប្រទេស​វៀតណាម​ដែលមាន​ចំនួន​ជាង ៥ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​ក្នុង​ឆ្នាំ ២០១៩ ប្រទេស​នេះ​កំពុង​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ឌីជីថល​ធំ​បំផុត​មួយ​នៅក្នុង​តំបន់​អាស៊ាន​”​។​

​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​គឺជា​កត្តា​ជំរុញ​ដ៏​សំខាន់​មួយ​នៅ​ពីក្រោយ​ការរីកលូតលាស់​សេដ្ឋកិច្ច​នៅ​ប្រទេស​វៀតណាម កន្លែង​ដែល​ទីផ្សា​ក្នុងស្រុក​ដូចជា​ក្រុមហ៊ុន Sendo និង​ក្រុមហ៊ុន Tiki កំពុង​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​សំខាន់ៗ​នៅក្នុង​តំបន់​រួមមាន​ហាង​លក់ទំនិញ Lazada និង ហាង Shopee របស់​ក្រុមហ៊ុន Tencent Holdings Ltd ។​

​នៅ​ឆ្នាំ ២០១៩ ប្រជាជន​វៀតណាម​ប្រមាណ ៦១ លាន​នាក់​បាន​ប្រើ​អ៊ី​ន​ធឺ​ណេ​ត​ហើយ​ជនជាតិ​វៀតណាម​ជា​មធ្យម​ចំណាយពេល ៣ ម៉ោង ១២ នាទី​ក្នុង​មួយថ្ងៃ​ក្នុងការ​ប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​លើ​ឧបករណ៍​ចល័ត​ដូចជា​ស្មា​ត​ហ្វូ​ន​។​

​សេដ្ឋកិច្ច​ឌីជីថល​របស់​វៀតណាម​នឹងមាន​ចំនួន ២០ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់ខ្លួន​នៅ​ឆ្នាំ ២០២៥ នេះ​បើ​យោងតាម​សេចក្តីសម្រេច​មួយ​ចេញផ្សាយ​ដោយ​ការិយាល័យ​នយោបាយ ដែលជា​ស្ថាប័ន​ធ្វើការ​សម្រេចចិត្ត​សំខាន់បំផុត​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម​៕ ដោយ៖ កញ្ញាដាលីស

នៅ​ឆ្នាំ ២០១៩ ប្រជាជន​វៀតណាម​ប្រមាណ ៦១ លាន​នាក់​បាន​ប្រើ​អ៊ី​ន​ធឺ​ណេ​ត​ហើយ​ជនជាតិ​វៀតណាម​ជា​មធ្យម​ចំណាយពេល ៣ ម៉ោង ១២ នាទី​ក្នុង​មួយថ្ងៃ​ក្នុងការ​ប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​លើ​ឧបករណ៍​ចល័ត​ដូចជា​ស្មា​ត​ហ្វូ​ន