វៀតណាម​ចាប់ខ្លួន​ប្រធាន​ក្រុមហ៊ុន​ចម្រាញ់​ប្រេងកាត ខណៈ​ការបង្ក្រាប​អំពើពុករលួយ​កំពុង​ធ្វើឡើង​យ៉ាង​ក្តៅគគុក​

809
ចែករម្លែក

​វៀតណាម​ចាប់ខ្លួន​ប្រធាន​ក្រុមហ៊ុន​និង​ប្រធាន​គណនេយ្យករ​នៃ​ក្រុមហ៊ុន​ចម្រាញ់​ប្រេងកាត​រដ្ឋ​ឈានមុខ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ឧសភា​ពីបទ​រំលោភ​អំណាច និង យក​ទ្រព្យ​របស់​រដ្ឋ​ធ្វើជា​សម្បត្តិ​ផ្ទាល់ខ្លួន ស្រប​ពេលដែល​រដ្ឋាភិបាល​កំពុង​បង្កើន​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​ដ៏​ធំ​។​

​នាយក​ប្រតិបត្តិ​និង​មន្ត្រីជាន់ខ្ពស់​លេចធ្លោ​រាប់សិប​នាក់​ត្រូវបាន​ដាក់ពិន័យ​នៅក្នុង​ការបង្ក្រាប​អំពើពុករលួយ ដែល​បាន​ដាក់ចេញ​ដោយ​រដ្ឋបាល​ដ៏​តឹងរ៉ឹង ចាប់តាំងពី​បាន​កាន់អំណាច​ក្នុង​ឆ្នាំ ២០១៦ មក​។​

​ឈ្មោះ​ល្បីៗ​បំផុត​មួយចំនួន ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ការបង្ក្រាប​នេះ ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​បំផុត​របស់​វៀតណាម គឺ PetroVietnam (PVN)​។​

​ក្នុងនោះ​មាន​លោក ង្វៀន ហយ យ៉ាង ប្រធាន​ក្រុមហ៊ុន​ចម្រាញ់​ប្រេងកាត​និង​គីមី​ឥន្ទ​នៈ​បិ​ញ​សឺ​ន ដែលជា​បុត្រ​សម្ព័ន្ធ​របស់ PVN និង ប្រធាន​គណនេយ្យករ​លោ​ក ផាំ សួន ក្វាង​។​

​ក្រសួង​សន្តិសុខ​សាធារណៈ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អ្នក​ទាំង​២​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពីបទ​រំលោភ​អំណាច​និង​យក​សម្បត្តិ​រដ្ឋ ដោយ​មិន​ផ្តល់ព័ត៌មាន​លម្អិត​អ្វី​ឡើយ​។​

​ក្រសួង​បាន​និយាយថា ខ្លួន​នឹង​ស៊ើបអង្កេត​បន្ថែមទៀត​លើ​ការចោទប្រកាន់ថា​វា​ក៏​ជាប់ទាក់ទង​នឹង​ធនាគារ Ocean Bank ដែលជា​គោលដៅ​សំខាន់​មួយទៀត​នៃ​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​នាពេល​ថ្មីៗ​នេះ​។​

​យោងតាម​តួលេខ​ចុងក្រោយ​បំផុត​នៅលើ​វេ​ប​សាយ​របស់​ក្រុមហ៊ុន​បានឱ្យដឹងថា ក្រុមហ៊ុន​ចម្រាញ់​ប្រេងកាត​និង​គីមី​ឥន្ទ​នៈ​បិ​ញ​សឺ​ន​មានតម្លៃ ១,៥ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៥​។​

​ក្រុមហ៊ុន​នេះ​បាន​បង្កើន​ប្រាក់ ២៤៥ លាន​ដុល្លារ​កាលពី​ខែមករា​ពី​ការលក់​ភាគហ៊ុន ៧,៧៩ ភាគរយ​នៅក្នុង​ការបោះ​ផ្សាយ​លក់ស​ន្លឹ​ក​ហ៊ុន​លើកដំបូង​៕ ដោយ៖ កញ្ញាដាលីស

វៀតណាម​កំពុង​បង្កើន​ការបង្ក្រាប​អំពើពុករលួយ​យ៉ាងខ្លាំង​ក្លា