វៀតណាម​ចាប់​បាន​កុយរមាស​និង​ខ្លា​ក្លាស្សេ​នាំចូល​ពី​បរទេស​

1089
ចែករម្លែក

​កុយ​រមាស​៥៥​ដុំ ត្រូវបាន​រកឃើញ​បង្កប់​ក្នុង​ម្សៅ​កំបោរ​បៀក​ជញ្ជាំង​នៅ​អាកាសយានដ្ឋាន​មួយ​ក្នុង​រដ្ឋធានី​វៀតណាម ,​នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​អាជ្ញាធរ​កាលពី​ថ្ងៃអាទិត្យ​ទី​២៨​កក្កដា​។​

​កុយរមាស​ទម្ងន់​១២៥​គីឡូក្រាម​នេះ​ត្រូវបាន​ចាប់​នៅ​អាកាសយានដ្ឋាន​ណូយ​បៃ​នៃ​ក្រុង​ហាណូយ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ក្រោយ​ពី​ទំនិញ​នាំចូល​ពី​អាហ្វ្រិក​នេះ​បង្ក​អោយ​​មាន​ការសង្ស័យ​។​

​មន្ត្រី​វៀតណាម​រើ​យកចេញ​កុយរមាស​ពី​ឡាំង​ម្សៅ​កំបោរ​លាប​ជញ្ជាំង​

​ការរកឃើញ​ផ្នែក​នៃ​សត្វព្រៃ​ប្រឈម​ការ​ផុត​ពូជ​នេះ កើត​ឡើង​ក្នុង​ថ្ងៃ​តែមួយ​ដែល​ប៉ូលិស​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​សត្វព្រៃ​សំខាន់​ម្នាក់​និង​បុរស​២​នាក់​ទៀត​បន្ទាប់ពី​​ខ្មោច​ខ្លា​ក្លាស្សេ​ចំនួន​៧​ក្បាល​ត្រូវបាន​រកឃើញ​នៅក្នុង​រថយន្ត​របស់​គេ​។​

​ភ្លុក​ដំរី ស្រកា​ពង្រូល ផ្នែក​នៃ​រាងកាយ​ខ្លា​និង​កុយរមាស ត្រូវ​បាន​លក់​ក្នុង​ទីផ្សារងងឹត​នៅ​វៀតណាម និង​ចិន​ក្នុង​តំលៃ​ដ៏​ខ្ពស់​។​គ្រាន់តែ​កុយរមាស​មួយ​គីឡូក្រាម ថ្លៃ​៦​ម៉ឺន​ដុល្លារ​។​​វា​មាន​សេចក្តីត្រូវការ​ខ្ពស់​នៅ​វៀតណាម ដោយសារ​តែ​គេ​ជឿថា​កុយរមាស​អាចជួយ​ព្យាបាល​ជម្ងឺ​និង​បន្សាប​ជាតិពុល​រួម​ទាំង​ការ​ស្រវឹងស្រា ពេល​កិន​ក្លាយទៅជា​ម្សៅ​។​

​សូមបញ្ជាក់​ថា ខ្លា​ក្លាស្សេ​៧​ក្បាល​ត្រូវបាន​រកឃើញ​ក្នុង​រថយន្ត​មួយ​ក្នុង​ក្រុង​ហាណូយ​ដែល​នាំ​ដល់​ការចាប់​បាន​ជនសង្ស័យ​ម្នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ជនសង្ស័យ​ឈ្មោះ​ង្វៀន ហ៊ូ វ៉េ ​ត្រូវ​គេ​ជឿ​ថា​បាន​លួច​នាំ​ខ្លា​ងាប់​ទាំងនេះ​មក​ពី​ឡាវ និង​បាន​រកស៊ី​ជំនួយ​ផ្នែក​នៃ​រាងកាយ​សត្វព្រៃ​ហាមឃាត់​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មកហើយ​។​

​ការ​ចាប់បាន​នេះ​កើត​មាន​ក្រោយ​ពី​សិង្ហ​បុរី​ចាប់​បាន​កុយរមាស​ជិត​៩​តោន​កាល​ពី​មួយ​សប្តាហ៍​មុន និង​ស្រកាពង្រូល​រាប់​តោន​ដែល​បំរុង​ដឹក​មក​កាន់​ប្រទេស​វៀតណាម​៕ដោយ៖វាសនា

​ខ្លា​ទាំង​៧​ក្បាល​ទំនងជា​កូន​ខ្លា ត្រូវបាន​ក្លាស្សេ​ទុក​ក្នុង​រថយន្ត​មួយ​

#