វៀតណាម​ចាប់​បាន​ភ្លុក​ដំរី​និង​ស្រកាពង្រូល​ជាង​៧​តោន​

499
ចែករម្លែក

​ក្រុម​អាជ្ញាធរ​វៀតណាម​បាន​ចាប់​រឹបអូស​ភ្លុក​ដំរី​និង​ស្រកាពង្រូល​សរុប​៧,៥​តោន​នៅក្នុង​ករណី​មួយ​ក្នុងចំណោម​ករណី​ជួញដូរ​សត្វព្រៃ​ដ៏​ធំ​បំផុត​នៅ​វៀតណាម​។​

​ភ្លុក​ដំរី​៣,៥​តោន​និង​ស្រកា​ពង្រូល​៤​តោន​នេះ ត្រូវបាន​រកឃើញ​នៅក្នុង​ធុង​ជាច្រើន នៅពេល​ក្រុម​មន្ត្រី​គយ​បាន​ត្រួតពិនិត្យ​មើល​កុង​ធឺ​ន័រ​ដឹក​តាម​នាវា​មួយ ដែល​មក​ដល់​​កំពង់ផែ​ក្រុង​ហាយ​ហ្វុង កាលពី​ថ្ងៃ​ពុធ​ទី​១២​មិថុនា​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​VNA​។​

​ធុង​ដែក​ដែល​ផ្ទុក​ភ្លុក​ដំរី​និង​ស្រកាពង្រូល​ទាំងនេះ មាន​លាយឡំ​ជាមួយនឹង​ធុង​ជ័រកៅស៊ូ​ធ្វើ​ផ្លូវ​ដើម្បី​លាក់បាំង​ពី​ក្រុម​អាជ្ញាធរ​គយ​។​

​ទំនិញ​ទាំងនេះ ត្រូវបាន​ផ្ញើរ​ទៅកាន់​ក្រុមហ៊ុន​ដឹកជញ្ជូន​មួយ​នៅ​ទីក្រុង​ហាយ​ហ្វុង ប៉ុន្តែ​សេចក្តីរាយការណ៍​បាន​និយាយថា គ្មាន​នរណា​ម្នាក់​អះអាង​ថា​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ទំនិញ​​ទាំងនេះ​ទេ និង​ក៏​មិន​មាន​ព័ត៌មាន​លម្អិត​អំពី​ប្រភព​ដើម​នៃ​ទំនិញ​ខុសច្បាប់​នេះ​ទេ​។​

​ប៉ូលិស​បាន​ចាប់ផ្តើម​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​លើ​ករណី​ជួញដូរ​ផ្នែក​នៃ​សត្វព្រៃ​ជិត​ផុត​ពូជ​នេះ​កាលពី​ថ្ងៃ​សុក្រ​៕​ប្រែ​សម្រួល​៖​សុខា​