វៀតណាម​ចាប់​បាន​លុយ​ជិត​កន្លះ​លាន​ដុល្លារ​នាំចូល​ពី​កម្ពុជា​

522
ចែករម្លែក

​ឆ្មាំ​ព្រំដែន​វៀតណាម​នៅ​ក្នុង​ខេត្ត​អាន​យ៉ាង (An Giang )​បាន​ឃាត់​កាណូត​គួរអោយ​សង្ស័យ​ដែល​ឆ្លងកាត់​ទៅ​ពី​ព្រំដែន​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​មិថុនា និង​បាន​រកឃើញ​​ប្រាក់​៤៧០.០០០​ដុល្លារ​នៅក្នុង​កាណូត​នោះ​។​នេះ​បើ​តាម​សារព័ត៌មាន​វៀតណាម​VnExpress​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។​

​ពួកគេ​បាន​ធ្វើ​សញ្ញា​អោយ​កាណូត​នោះ​ឈប់​នៅ​ទីប្រជុំជន​ព្រំដែន ចា​វ ដុក របស់​ខេត្ត​តែ​បុរស​២​នាក់​នៅ​លើ​ទូក​នោះ​មិន​ឈប់​បែរ​ជា​បង្កើនល្បឿន​កាណូត​ក្នុង​បំណង​បើក​រត់​​គេច​។​នៅពេល​ឆ្មាំ​ព្រំដែន​ដេញតាម ពួកគេ​បាន​លោត​ចេញ​ពី​កាណូត​និង​រត់​ចូល​ខាង​ព្រំដែន​កម្ពុជា​វិញ​។​

​ក្នុង​កាណូត ឆ្មាំ​ព្រំដែន​វៀតណាម​បាន​រកឃើញ​ស្បោង​នីឡុង​មួយ រុំ​ដោយ​បង់​ស្អិត​និង​លុយ​ដុល្លារ​នៅ​ខាងក្នុង​។​លុយ​នេះ​ត្រូវបាន​រឹបអូស​សំរាប់​ការស៊ើបអង្កេត​។​

​តាម​ច្បាប់​វៀតណាម ជន​ណា​ដែល​មាន​ប្រាក់​៥.០០០​ដុល្លារ​ឡើង​ក្នុង​ខ្លួន​ហើយ​ត្រូវ​យក​ចេញ​ឬ​ចូល​ក្នុង​ប្រទេស​វៀតណាម ត្រូវតែ​ប្រកាស​លុយ​នោះ​ប្រាប់​គយ​។​ការ​ខកខាន​មិន​បាន​​ធ្វើ​ដូច្នេះ នាំ​ដល់​ការចោទប្រកាន់​ព្រហ្មទណ្ឌ​ដែល​អាច​ជាប់គុក​ដល់​១០​ឆ្នាំ​៕​ដោយ​៖​វាសនា​

លុយ​៤៧០.០០០​ដុល្លារ ដែល​ចាប់បាន​នៅ​អាន​យ៉ាង​កាលពី​ថ្ងៃ​២៤​មិថុនា​