វៀតណាម​ចំណាយ​៤៦០​លាន​ដុល្លារ សាងសង់​ផ្លូវ​ល្បឿន​លឿន​ថ្មី​ត​ភ្លាប់​ពី​ទីក្រុង​ហូជីមីញ​មក​ព្រំដែន​កម្ពុជា​

438
ចែករម្លែក

​សារព័ត៌មាន​VnExpress បាន​រាយការណ៍​ថា ផ្លូវ​ល្បឿន​លឿន​(expressway)​ថ្មី ដែល​ត្រូវ​ចំណាយ​កសាង​អស់​៤៦០​លាន​ដុល្លារ​នឹង​ត​ភ្លាប់​ពី​ទីក្រុង​ហូជីមីញ ប្រទេស​វៀតណាម​​មក​ចក្រ​ព្រំដែន​ម៉ុក បៃ​(Moc Bai )​នៅក្នុង​ខេត្ត​តៃនិញ​របស់​វៀតណាម​។​

​នាយកដ្ឋាន​ផ្លូវថ្នល់​របស់​វៀតណាម បាន​ដាក់​គម្រោង​សិក្សា​ជា​មុន​មួយ​អំពី​ផ្លូវ​ល្បឿន​លឿន​ចម្ងាយ​៥៣,៣​គីឡូម៉ែត្រ​នេះ ទៅ​ក្រសួង​ដឹកជញ្ជូន​។​វា​នឹង​ត្រូវ​សាងសង់​ជា​ពីរ​ដំណាក់​​កាល​និង​ត្រូវ​ចំណាយ​អស់​១០,៧​លាន​លាន​ដុង​(៤៥៩,៣៦​លាន​ដុល្លារ​)​។​

​ផ្លូវ​ល្បឿន​លឿន​នេះ នឹង​ត​ភ្ជាប់​ពី​សង្កាត់​ហុក ម៉ុន នៃ​ទីក្រុង​ហូ​ជី​មី​ញ​មកកាន់​ចក្រ​ព្រំដែន​អន្តរជាតិ​ម៉ុក​បៃ​រវាង​វៀតណាម​និង​កម្ពុជា​នៅ​ខេត្ត​តៃនិញ ។​

​បច្ចុប្បន្ន វៀតណាម​មាន​ផ្លូវជាតិ​ទី​២២​តែមួយគត់​ដែល​ភ្ជាប់​ក្រុង​ហូ​ជី​មី​ញ មក​កាន់​ច្រក​ព្រំដែន​ម៉ុក​បៃ​នៃ​ខេត្ត​តៃនិញ ហើយ​វា​ត្រូវ​បាន​កំពុង​ប្រើ​ហួស​កំរិត​។​ផ្លូវ​ល្បឿន​លឿន​នេះ​​នឹង​បន្ថយ​រយៈពេល​ធ្វើ​ដំណើរ​ពី​ក្រុង​ហូ​ជី​មី​ញ​មក​កាន់​ច្រក​ព្រំដែន​អន្តរជាតិ​នេះ និង​ពង្រឹង​ការតភ្ជាប់​រវាង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភាគ​ខាងត្បូង​វៀតណាម​និង​របៀង​សេដ្ឋកិច្ច​​ខាងកើត​-​ខាងលិច​(​មី​យ៉ាន់​ម៉ា ឡាវ កម្ពុជា និង​វៀតណាម​)​។​

​វា​ក៏​នឹង​ភ្ជាប់​បណ្តាញ​ផ្លូវ​អាស៊ាន​ហាយវ៉េ ពី​ផ្លូវ​ល្បឿន​លឿន​បាវិត​មក​កាន់​ទីក្រុង​ភ្នំពេញ របស់​កម្ពុជា​៕​ដោយ​៖​សុខា​/​វាសនា​

រថយន្ត​បើក​នៅលើ​ផ្លូវ​លឿង​នៅ​ប្រទេស​វៀតណាម ភាគខាងត្បូង​

#