វៀតណាម​ឈរ​នៅលើ​កំពូល​តារាង​នៃ​ក្រុម​ប្រទេស​ដែល​ទទួលផល​ចំណេញ​ច្រើនជាងគេ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​និង​ចិន​

680
ចែករម្លែក

​វៀតណាម​គឺជា​អ្នកឈ្នះ​ដ៏​ធំ​បំផុត​ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន​រហូតមក​ដល់ពេលនេះ ខណៈដែល​ក្រុម​អ្នក​នាំចូល​ទំនិញ​សម្លឹង​រកមើល​វិធី​បង្វែរ​ការបញ្ជាទិញរ​បស់​ពួកគេ​ដើម្បី​បញ្ចៀស​ពន្ធ​ដ៏​ខ្ពស់​។​

​យោងតាម​ការសិក្សា​មួយ​របស់​ក្រុមអ្នកវិភាគ​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន Nomura Holdings Inc. លោក រ៉ុ​ប សាប់​បា​រ៉ា​ម៉ាន់ លោក​សូ​ណា​ល់ វ៉ា​ម៉ា និង លោក​ម៉ៃ​ឃើ​ល លូ បានឱ្យដឹងថា ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ដែលមាន​ព្រំដែន​ជាមួយ​ចិន ទទួលបាន​ការបញ្ជាទិញ​ពី​ការបញ្ចៀស​ពាណិជ្ជកម្ម​លើ​ទំនិញ​បង់ពន្ធ ស្មើនឹង ៧,៩ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅក្នុង​ឆ្នាំនេះ​ពេញ​មួយ​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ ២០១៩​។ តៃវ៉ាន់​គឺជា​អ្នក​ជាប់​លេខ​២​ដ៏​សែនឆ្ងាយ​ពី​លេខ​១ ជាមួយ​ផលចំណេញ​ស្មើនឹង ២,១​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។ សេដ្ឋកិច្ច​ទាំងពីរ​នេះ​បានទទួល​ផលចំណេញ​ច្រើន​ពី​ពន្ធគយ​របស់​អាម៉េរិក​លើ​ចិន​ជាជាង​ពន្ធគយ​ចិន​លើ​អាម៉េរិក​។​

​ការវិភាគ​របស់​ក្រុមហ៊ុន​ខាងលើ​បាន​បង្ហាញថា ការបញ្ជាទិញ​របស់​អា​ម៉េ​រិ​ក​និង​ចិន​ជាង​ពាក់កណ្តាល​នៃ​ផលិតផល​បង់ពន្ធ​គយ​ចំនួន ១.៩៨១ មុខ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន​ត្រូវបាន​បត់​ទៅរក​ផ្លូវ​ផ្សេង​វិញ​។​

​ក្រុមហ៊ុន Nomura បានចាប់ផ្តើម​ជាមួយ​បញ្ជី​ពន្ធ​ផ្លូវការ​នៃ​លេខ​កូដ​ផលិតផល​នានា​និង​បាន​ប្រៀបធៀប​វា​ជាមួយ​ទិន្នន័យ​ពាណិជ្ជកម្ម​ប្រចាំខែ​នៃ​ទំនិញ​ដូចគ្នា ដោយ​ដាក់បញ្ចូល​ពន្ធ​ទាំងអស់​លើ​ទំនិញ​ចិន​តម្លៃ ២៥០ ពាន់​លាន​ដុល្លារ និង​ទំនិញ​អាម៉េរិក​តម្លៃ ១១០ ពាន់​លាន​ដុល្លារ​។ ក្រុមអ្នកវិភាគ​បាន​ប៉ាន់ប្រមាណ​ឃើញ​អំពី​ផលចំណេញ​ដល់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពូល​ទាំង ៥០ លើ​ពិភពលោក​ក្នុង​រយៈពេល ១២ ខែ​។​

​ពន្ធ​អាម៉េរិក​លើ​ចិន​បាន​ជំរុញឱ្យមាន​ការជំនួស​ការ​នាំចូល​សំខាន់ៗ​នៅក្នុង​ផលិតផល​អេ​ឡិច​ត្រូ​និ​ច និង​បន្ទាប់មក​គឺ​គ្រឿង​សង្ហា​រឹម​និង​ទំនិញ​សម្រាប់​ការធ្វើដំណើរ​។ សម្រាប់​ពន្ធ​របស់​ចិន​លើ​សហរដ្ឋ​អាម៉េរិក ការបញ្ជាទិញ​សណ្ដែកសៀង យន្តហោះ គ្រាប់​ធញ្ញជាតិ និង កប្បាស ទំនងជា​ត្រូវបាន​គេ​បង្វែរ​ឆ្ងាយ​ពី​សហរដ្ឋ​អាម៉េរិក​ទៅកាន់​ប្រទេស​ទី​បី ដូចជា ស៊ី​លី និង​អា​ហ្ស​ង់​ទីន​។​

​ក្រុមអ្នកវិភាគ​របស់ Nomura មើលឃើញ​សក្តានុពល​សម្រាប់​ការរំខាន​នៅក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ដោយហេតុថា​ចិន​និង​អាម៉េរិក​កំពុង​ឈ្លោះ​គ្នា​រឿង​បច្ចេកវិជ្ជា រួមទាំង​ការ​រឹតត្បិត​របស់​អាម៉េរិក​ទៅលើ​ក្រុមហ៊ុន​ចិន​ដ៏​ធំ Huawei Technologies Co. និង​ក្រុមហ៊ុន ZTE Corp ។​

​យោងតាម​កំណត់ត្រា​វិភាគ​ខាងលើ​បានឱ្យដឹងថា ជាង​ពាក់កណ្តាល​នៃ​ក្រុមហ៊ុន​អាម៉េរិក​កំពូល​ទាំង ២០ ដែល​បាន​ចុះបញ្ជី​លើស​ន្ទ​ស្សន៍ Standard & Poor’s 500 ជាមួយ​ការលក់​សុទ្ធ​នៅក្នុង​ប្រទេស​ចិន គឺ ជា​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និ​ច ដែលមាន​ចំណូល​រួម​សរុប​ចំនួន ១៤៤ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​៕ ដោយ៖ កញ្ញាដាលីស

វៀតណាម​ចំណេញ​ច្រើនជាងគេ​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​និង​ចិន