វៀតណាម​ដាក់គុក​សក​ម្ម​ជន​បន្ទាប់ពី​ហាម​មិនអោយ​ក្រុម​សិទ្ធិមនុស្ស​ចូលរួម​វេទិកា​សេដ្ឋកិច្ច​

3041
ចែករម្លែក

ជនប្រឆាំងវៀតណាមម្នាក់ត្រូវបានដាក់គុក១២ឆ្នាំចំពោះបទចោទប្រកាន់ថាព្យាយាមផ្តួលរំលំរដ្ឋាភិបាល នៅប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលកុំម្មុយនីស្តវៀតណាមបដិសេធមិនអោយពួកអ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្រុងហាណូយ។

វៀតណាមមានប្រវត្តិសិទ្ធិមនុស្សមិនសូវល្អនិងរងការរិះគន់ថាបង្រ្កាបព្រៃផ្សៃលើអ្នករិះគន់នៅរយៈពេល២ឆ្នាំមកនេះ ដែលបានចាប់ដាក់គុកមនុស្សមួយចំនួនធំ។

ង្វៀន ទ្រុង ទ្រុក សមាជិកក្រុមភាតរភាពសំរាប់លទ្ធិប្រជាធិបតេយ្យ​ ត្រូវបានកាត់ទោសអោយជាបគុក១២ឆ្នាំចំពោះការប៉ុនប៉ងផ្តួលរំលំរដ្ឋ នេះបើតាមមេធាវីរបស់គាត់បាននិយាយក្រោយសវនាការកន្លះថ្ងៃនៅខេត្តក្វាងប៊ីញ។បុរសវ័យ៤៤ឆ្នាំនេះ បានបដិសេធការចោទប្រកាន់ ខណៈមេធាវីរបវស់គាត់បាននិយាយថា ទ្រុក មិនមានឱការយុត្តិធម៌ទេនៅក្នុងតុលាការ។

នៅក្នុងតុលាការ ទ្រុក បាននិយាយថា”ខ្ញុំមិនមានបំណងផ្តួលរំលំរដ្ឋាភិបាលទេ ខ្ញុំគ្រាន់តែគាំទ្រនិងសរសើរលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងការការពារបរិស្ថាននៅវៀតណាម”។

ទ្រុកគឺជាសមាជិកចុងក្រោយម្នាក់នៃក្រុម”ភាតរភាពសំរាប់លទ្ធិប្រជាធិបតេយ្យ”នេះដែលត្រូវបានកាត់ទោសដាក់គុកនៅវៀតណាម។កាលពីខែមេសា សមាជិកក្រុមនេះ៦នាក់ត្រូវបានកាត់ទោសដាក់គុកចំពោះការចោទប្រកាន់ពីបទមានផែនការប្រឆាំងរដ្ឋ។

យ៉ាងហោចណាស់សកម្មជន៩៧នាក់ត្រូវបានកាត់ទោសដាក់គុកនៅវៀតណាម គិតមកត្រឹមខែមេសាឆ្នាំនេះ ក្នុងនោះ៤០នាក់ត្រូវបានកាត់ទោសពីបទប្រឆាំងរដ្ឋ៕ដោយ:វាសនា

កាលពីខែមេសា សមាជិកក្រុម”ភាតរភាពសំរាប់លទ្ធិប្រជាធិបតេយ្យ​ “៦នាក់ ត្រូវបានកាត់ទោសដាក់គុក ដោយរួមមានសហស្ថាបនិក ង្វៀន វ៉ាន់ ដាយ ដែលក្រោយមកត្រូវានដោះលែងនិងចេញទៅអាល្លឺម៉ង់ស្ងាត់ៗ

#