វៀតណាម​ដាក់គុក​អតីត​សមាជិក​ការិយាល័យ​នយោបាយ​រឿង​ពុករលួយ​

1207
ចែករម្លែក
  • 24
    Shares

​អតីត​សមាជិក​ការិយាល័យ​នយោបាយ​ម្នាក់​នៅ​វៀតណាម​ត្រូវបាន​កាត់ទោស​ដាក់គុក​១៨​ឆ្នាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​មីនា ដែល​វា​ជា​​ការដាក់ទោស​លើក​ទី​ពីរ​ក្នុងឆ្នាំនេះ​លើ​អតីត​ប្រធាន​ក្រុមហ៊ុន​ប្រេង​រូបនេះ នៅក្នុង​ផ្នែក​នៃ​យុទ្ធនា​ការប្រឆាំង​អំពើពុករលួយ​ក្នុងចំណោម​​មន្ត្រីជាន់ខ្ពស់​វៀតណាម​។​

​ឌី​ញ ឡា ថា​ង កាលពី​ខែមករា​ត្រូវបាន​កាត់ទោស​អោយ​ជាប់គុក​១៣​ឆ្នាំ​ដោយសារ​ការប្រព្រឹត្តិ​អំពើពុករលួយ​មួយ​។​លោក​ជា​មន្ត្រីជាន់ខ្ពស់​​បំផុត​ដែល​ត្រូវបាន​កាត់ទោស​ចំពោះ​ការប្រព្រឹត្តិ​អំពើពុករលួយ ដែល​ពួក​អ្នក​រិះគន់​និយាយថា​សំដៅ​បោសសម្អាត​មន្ត្រី​បក្ស​និង​សត្រូវ​​នយោបាយ​របស់​ក្រុម​មេដឹកនាំ​កុំម្មុយនីស្ត​។​

​ថា​ង អតីត​ប្រធាន​ក្រុមហ៊ុន​ប្រេង​រដ្ឋ​PetroVietnam (PVN)​ត្រូវបាន​តុលាការ​សំរេច​អោយ​ជាប់គុក​១៨​ឆ្នាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ចំ​​ពោះ​ការរំលោភច្បាប់​រដ្ឋ​ស្តីពី​ការគ្រប់គ្រង​សេដ្ឋកិច្ច​។​លោក​ក៏ត្រូវ​បង់ប្រាក់​២៦​លាន​ដុល្លារ​ជា​សំណង​ដល់​រដ្ឋ​។​

​រដ្ឋអាជ្ញា​បាន​និយាយថា លោក​ថា​ង​បានអនុម័ត​ការវិនិយោគ​មូលនិធិ​រដ្ឋ​ចំនួន​៣៥​លាន​ដុល្លារ​ទៅក្នុង​ធនាគារ​Ocean Bank​ដោយ​​គ្មាន​សុំ​ការអនុញ្ញាត​ពី​គណៈនាយក​របស់ PVN ក្រសួង​ហិរញ្ញវត្ថុ​និង​នាយករដ្ឋមន្ត្រី តែបើ​តាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​រដ្ឋ លោក​ថា​ង​ក្នុង​សវនាការ​និយាយថា​លោក​បានការ​អនុញ្ញាត​ពី​អតីត​នាយករដ្ឋមន្ត្រី ង្វៀន តឹ​ន យុង​។​

Ocean Bank​បាន​ជិត​ដួលរលំ​ក្រោយ​ការដឹកនាំ​ខុស​ជា​បន្តបន្ទាប់​របស់​មេដឹកនាំ​ខ្លួន រួមមាន​មនុស្ស​រាប់សិប​នាក់​ដែល​ត្រូវ​បានដាក់​​ទោស​កាលពី​ឆ្នាំទៅ​ដោយសារ​បន្លំ​លួច​ប្រាក់ ហើយ​ធនាគារកណ្តាល​វៀតណាម​បាន​ទិញយក​វា​តំលៃ​០​ដុល្លារ​នៅ​ឆ្នាំ​២០១៤​។​

​មន្ត្រីជាន់ខ្ពស់​៤​នាក់​ទៀត​ក៏​ត្រូវបាន​កាត់ទោស​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ដោយ​ត្រូវ​បានសំរេច​ដាក់គុក​រវាង​២២-២៣​ឆ្នាំ​ខណៈ​មន្ត្រី​ពីររូប​​ផ្សេង​ត្រូវ​បានសំរេច​អោយធ្វើ​ការអប់រំ​ជាថ្មី​នៅក្រៅ​ឃុំ ។​

​នី​ញ វ៉ាន់ គី​ញ អតីត​ប្រធាន​គណនេយ្យ​របស់​PVN​ត្រូវបាន​កាត់ទោស​អោយ​ជាប់គុក​២៣​ឆ្នាំ ។​

​ពួក​អ្នកសង្កេតការណ៍​បាន​និយាយថា ការបង្ក្រាប​អំពើពុករលួយ​នៅ​វៀតណាម ដឹកនាំ​ដោយ​ក្រុម​អភិរក្ស មាន​គោលដៅ​លើ​សម្ពន្ធមិត្ត​​របស់​អតីត​នាយករដ្ឋមន្ត្រី​យុង​ខ្លះ​។​

​សូមបញ្ជាក់ថា អតីត​នាយក​របស់​PVN​ម្នាក់ទៀត លោក​ទ្រី​ញ សួន ថា​ញ់ ត្រូវបាន​កាត់ទោស​ដាក់​គុក​មួយជីវិត​កាលពី​ពេលមុន​ក្នុង​​ឆ្នាំនេះ នៅក្នុង​ផ្នែក​នៃ​សវនាការ​ដំបូង​របស់​ថា​ង​។​

​វៀតណាម​បាន​ប្តេជ្ញា​ជីក​ឬ​សគល់​អំពើពុករលួយ​លើ​មន្ត្រីជាន់ខ្ពស់​ទាំង​ក្នុង​រដ្ឋ​ភិ​បាល​និង​ធុរកិច្ច​ហើយ​បាន​និយាយថា​ខ្លួន​ក៏​នឹង​ត្រួត​ពិ​​និត្យ​អំពើពុករលួយ​ប្រចាំថ្ងៃ​ផងដែរ​៕​ដោយ​៖​វាសនា​