វៀតណាម​ដាក់គុក​២​នាក់​ចំពោះ​ការដុត​រថយន្ត​ប៉ូលិស​នៅ​អំឡុង​ពេល​ធ្វើ​ការតវ៉ា​ប្រឆាំង​ច្បាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​

293
ចែករម្លែក

​បុរស​២​នាក់​ត្រូវបាន​ផ្តន្ទាទោស​ឱ្យ​ជាប់គុក​ដោយសារ​ដុត​រថយន្ត​របស់​ប៉ូលិស​ចំនួន​៦​គ្រឿង​ក្នុងអំឡុង​ធ្វើ​តវ៉ា​កាលពី​ឆ្នាំមុន​ប្រឆាំង​ច្បាប់​ស្តីពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​បាន​​បង្ក​ឱ្យ​ខាត​បង់អស់​២០០.០០០​ដុល្លារ​។​

​តុលាការ​នៅ​ខេត្ត​ប៊ីញ​ធួន​(Binh Thuan) កាលពី​ថ្ងៃ​អង្គារ​ទី​២១​ឧសភា បានសម្រេច​ដាក់ទោស​បុរស​ឈ្មោះ​Dang Ngoc Tan អាយុ​១៩​ឆ្នាំ​ឱ្យ​ជាប់គុក​១៧​ឆ្នាំ ហើយ​Pham Thanh អាយុ​៣១​ឆ្នាំ ឱ្យ​ជាប់គុក​១១​ឆ្នាំ​ពី​បទ​បំផ្លាញ​ទ្រព្យសម្បតិ្ត​ដោយ​ចេតនា​។​

​ពួកគេ​ជា​ក្រុម​មនុស្ស​ទី​១​ដែល​ត្រូវបាន​កាត់ទោស​ចំពោះ​ការបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​អំឡុងពេល​ធ្វើ​ការតវ៉ា​កាលពី​ខែ​មិថុនា​កន្លង​ទៅ នៅ​ខេត្ត Binh Thuan ។

​កាលពី​ខែ​កញ្ញា​ឆ្នាំមុន ពួក​គេ​នេះ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​រួចហើយ ដោយ​ម្នាក់​ជាប់គុក​៤​ឆ្នាំ​និង​ម្នាក់​ទៀត​ជាប់គុក​៤​ឆ្នាំកន្លះ​ពី​បទ​រំខាន​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​។​

​ការតវ៉ា​នៅ​ខេត្ត Binh Thuan គឺ​ស្ថិត​នៅក្នុង​ចំណោម​ការតវ៉ា​ជាច្រើន​ដែល​បាន​ផ្ទុះឡើង​នៅ​ទូទាំង​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​១០​និង​ទី ១១​ខែមិថុនា ឆ្នាំមុន ។​នៅក្នុង​​ការតវ៉ា​នេះ គេ​ឃើញ​មនុស្ស​រាប់ពាន់​នាក់​ធ្វើ​ការតវ៉ា​នៅ​តាម​ផ្លូវ​នានា​នៅ​ទីក្រុង​ហាណូយ ទីក្រុង​ដា​ណាំ​ង (Da Nang)​ទីក្រុង​ហូជីមិញ​និង​នៅ​បណ្តា​ខេត្ត​មួយចំនួន​ដែល​​មាន​បដា​តវ៉ា​ដែល​អំពាវនាវ​ឱ្យ លុបចោល​ច្បាប់​ស្តីពី​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​៕​ប្រែ​សម្រួល​៖​សុខា​

Dang Ngoc Tan និង​Pham Thanh ស្ថិត​នៅ​តុលាការខេត្ត​Binh Thuan កាលពី​ថ្ងៃទី​២១​ខែ​ឧសភា​ឆ្នាំ​២០១៩