វៀតណាម​ដាក់គុក​​អតីត​ចៅហ្វាយក្រុង​​២​នាក់ ចំពោះ​ការគ្រប់គ្រង​សេដ្ឋកិច្ច​ខុស​

208
ចែករម្លែក

​តុលាការ​វៀត​ណាមួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​មករា​បាន​កាត់ទោស​ដាក់គុក​រយៈពេល​វែងដ​ល់​អតីតមន្ត្រី​ក្រុង​ដា​ណាំង​២​នាក់ ចំពោះ​ការចោទប្រកាន់​ថា​ពួកគេ​​គ្រប់គ្រង​សេដ្ឋកិច្ច​ខុស​។​

​ត្រា​ន់ វ៉ាន់ មិញ និង វ៉ាន់ ហ៊ូ​យ ជៀន ត្រូវបាន​តុលាការ​ក្រុង​ហាណូយ​កាត់ទោស​អោយ​ជាប់គុក​១៧​និង​១២​ឆ្នាំ​រៀងៗ​ខ្លួន នេះ​បើ​តាម​ការផ្សាយ​របស់​កា​សែត​យុវ​​ជន​។​

​មិញ ធ្លាប់ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ដា​ណាំង​ចាប់ពី​ឆ្នាំ​២០០៦​ដល់​២០១១ នៅពេល​ជៀន​បន្ត​តំណែង​នេះ​ពី​ឆ្នាំ​២០១១​ដល់​២០១៤​។​អ្នក​ទាំង​ពីរ ​ត្រូវបាន​ចោទប្រកាន់​ថា​រំលោភ​ច្បាប់​ស្តីពី​ទ្រព្យសម្បត្តិ​រដ្ឋ​និង​ការគ្រប់គ្រង​ដី ដោយ​បាន​លក់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ទៅអោយ​អ្នកជំនួញ​ម្នាក់ ជាហេតុ​នាំ​អោយ​​រដ្ឋ​ខាតបង់​ប្រាក់​២២​លាន​លាន​ដុង​(៩៤៩,៣៨​លាន​ដុល្លារ​)​។​

​ពួក​អ្នក​ស៊ើបអង្កេត​បាន​រក​ឃើញថា អ្នក​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ជាច្រើន​ដើម្បី​ផ្ទេរសិទ្ធិ​ប្រើប្រាស់​ដី​ទៅ​អោយ ផាន់ វ៉ាន់ វូ ដែល​ជា​អតីត​សេដ្ឋី​ជំនួញ​​អចលនទ្រព្យ​ម្នាក់​។​

​វូ បាន​ស្វះស្វែង​ភៀសខ្លួន​ទៅ​អាឡឺម៉ង់ តែ​ត្រូវបាន​ចាប់ខ្លួន​នៅ​វៀតណាម​កាលពី​ឆ្នាំមុន​។​បុរស​នេះ​ក៏​ត្រូវបាន​តុលាការ​កាត់ទោស​អោយ​ជាប់គុក​២៥​ឆ្នាំ​ផង​ដែរ​​កាលពី​ថ្ងៃ​ចន្ទ ដោយសារ​រំលោភ​ច្បាប់​រដ្ឋ​ស្តីពី​ការគ្រប់គ្រង​ដីធ្លី​។​

​តុលាការ​ដដែល​ក៏​បាន​កាត់ទោស​មនុស្ស​១៨​នាក់​ទៀត អោយ​ជាប់គុក​ពី​១​ឆ្នាំ​កន្លះ​ទៅ​៦​ឆ្នាំ ចំពោះ​ការពាក់ព័ន្ធ​របស់​ពួកគេ​ក្នុងករណីនេះ​៕ដោយ៖វាសនា

វ៉ាន់ ហ៊ូ​យ ជៀន​(​ឆ្វេង​)​និង​ត្រាន់ វ៉ាន់ មិញ អតីត​ប្រធាន​ក្រុង​ដា​ណាំ​ង ពេល​ឡើង​តុលាការ​កាលពី​ថ្ងៃ​១៣​មករា​