វៀតណាម​ដាក់​មនុស្ស​ជាច្រើន​ភូមិ​នៅ​ដាច់​ពី​គេ​ដើម្បី​តាមដាន​រក​វីរុស​

216
ចែករម្លែក

​មនុស្ស​ប្រមាណ​១០.០០០​នាក់​នៅ​ជិត​រដ្ឋធានី​វៀតណាម កំពុង​ត្រូវ​ដាក់​នៅ​ដាច់​ពី​គេ​កាល​លពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​កុម្ភៈ ក្រោយ​ពី​ការឆ្លង​កូរ៉ូណា​វីរុស​៦​ករណី​​ត្រូវបាន​រកឃើញ​នៅ​ទីនោះ​។​

​ការ​រាំងខ្ទប់​មនុស្ស​ស្ទើរ​មួយ​ឃុំ​សុន ឡយ ក្នុង​ខេត្ត​វិញ​ហ្វ៊ុក ចម្ងាយ​៤០​គីឡូម៉ែត្រ​ពី​ទីក្រុង​ហាណូយ​នេះ​ជា​ការធ្វើ​ចត្តា​ឡីស័​ក​មនុស្ស​ទ្រង់ទ្រាយ​ធំ​លើកដំបូង​នៅ​ក្រៅ​​ប្រទេស​ចិន ចាប់តាំងពី​វីរុស​នេះ​បាន​លេចមុខ​ឡើង​ដំបូង​នៅ​ចិន​ភាគ​កណ្តាល​កាលពី​ចុងឆ្នាំ​មុន​។​

​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​សុខាភិបា​ល​វៀតណាម​បាន​និយាយថា​«​ចាប់ពី​ត្រឹម​ថ្ងៃ​១៣​កុម្ភៈ ឆ្នាំ​២០២០ យើង​នឹង​អនុវត្ត​ការងារ​ចត្តា​ឡីស័​ក​តំបន់​មាន​ការ​​ឆ្លង​វីរុស​នៅក្នុង​ឃុំ សុន ឡយ​។​រយៈពេល​នៃ​ការធ្វើ​ចត្តា​ឡីស័​កនេះ​២០​ថ្ងៃ​»​។​

​សុន ឡយ ជា​តំបន់​ធ្វើ​កសិកម្ម ផ្សំ​ឡើង​ដោយ​ភូមិ​ជាច្រើន​។​

​ក្រសួង​សុខាភិបាល​កាលពី​មុន​បាន​និយាយ​ថា​មនុស្ស​៥​នាក់​នៅ​សុន ឡយ បាន​ឆ្លង​វីរុស និង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អះអាងថា មាន​ការឆ្លង​៦​ករណី​។​

​ប៉ូលិស​វៀតណាម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ការ​ចេញ​ចូល​ភូមិ​នៅ​ឃុំ​សុន ឡយ ជាច្រើន នៅពេល​បុគ្គលិក​សុខាភិបាល ពាក់​ម៉ាស់​មុខ​និង​សម្លៀក​​បំពាក់​ការពារ បាញ់ថ្នាំ​សម្លាប់​មេរោគ​។​

​អ្នក​ភូមិ​ម្នាក់ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា​អាជ្ញាធរ​បាន​ណែនាំ​អ្នក​ភូមិ​អោយ​ចៀសវាង​កន្លែង​មាន​មនុស្ស​ច្រើនៗ ហើយ​«​ការរស់នៅ​ចាប់ផ្តើម​ប៉ះ​​ពា​ល់ ។​ឥឡូវ​យើង​មិន​អាច​ចេញ​ពី​ភូមិ​ដូច​ធម្មតា​បានទេ​»​។​

​សូមបញ្ជាក់​ថា មនុស្ស​ជាង​១.៣៥០​នាក់​បាន​ស្លាប់​នៅ​ចិន​ដោយសារ​កូរ៉ូណា​វីរុស​ថ្មី និង​ជិត​៦០.០០០​នាក់​ផ្សេង​ទៀត​បាន​ឆ្លង​ចាប់តាំងពី​ពេល​វា​បង្ហាញ​មុខ​ឡើង​​ដំបូង​នៅ​ក្រុង​វូ​ហាន កាលពីដើម​ខែ​មករា​។​ឥឡូវ​ចិន​ធ្វើ​ចត្តា​ឡីស័​កនៅ​ពេញខេត្ត​ហ៊ូ​ប៉ីនិ​ង​តំបន់​មួយចំនួន​ទៀត​ដោយ​ប៉ះពាល​មនុស្ស​ប្រមាណ​៥៦​លាន​នាក់​។​

​វៀតណាម​ដែល​មាន​ព្រំប្រទល់​ជាប់​ចិន​បាន​ហាមឃាត់​ជើងហោះហើ​រទាំង​ទៅ​និង​មក​ពី​ចិន តែ​នៅ​តែ​មាន​ការឆ្លង​វីរុស​នេះ​១៦​ករណី រួមទាំង​អ្នក​នៅ​ឃុំ សុន ឡយ ផង​៕​ប្រែ​សម្រួល​៖​វាសនា​

ប៉ូលិស​វៀតណាម​ឈរ​យាម​នៅ​ប៉ុស្ត​ត្រួតពិនិត្យ​នៅ​ច្រកចូល​ភូមិ​មួយ​ក្នុង​ឃុំ សុន ឡយ​