វៀតណាម​ថ្កោលទោស​និង​បញ្ជូន​នាវា​ទៅ​តាមដាន​វា​នា​ស្រាវជ្រាវ​ចិន​ក្រោយ​ពី​វា​វិល​មក​កាន់​ដែនទឹក​ជម្លោះ​ជាថ្មី​

314
ចែករម្លែក

​នាវា​ចិន​បាន​វិល​មក​កាន់​ដែនទឹក​មាន​ជម្លោះ​ជា​ថ្មី​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​អះអាង​ជា​កម្មសិទ្ធិ​ដោយ​ចិន​និង​វៀតណាម នៅពេល​ភាព​តានតឹង​រវាង​ប្រទេស​អាស៊ី​ទាំងពីរ​​កើនឡើង​។​

​នាវា​ស្រាវជ្រាវ​មួយ​មក​ពី​ក្រុង​ប៉េកាំង​ត្រូវបាន​ប្រទះ​ឃើញ​បើក​កាត់​ផ្នែក​នៃ​ដែនទឹក​មាន​ជម្លោះ ជាហេតុ​នាំ​អោយ​វៀតណាម​ផ្ទុះ​កំហឹង​និង​ថ្កោលទោស​។​វៀតណាម​បាន​និយាយ​​ថា​នាវា​នេះ​បាន​ចាក​ចេញពី​តំបន់​នេះ​កាលពី​សប្តាហ៍​មុន តែ​បាន​វិល​មក​វិញ​កាលពី​ថ្ងៃ​អង្គារ​ទី​១៣​សីហា​ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ហាណូយ​និង​ប៉េកាំង​បាន​ប្រឈមមុខគ្នា​អស់​​ពេល​១​ខែ​ដោយសារ​តែ​វត្តមាន​របស់​នាវា​ស្រាវជ្រាវ​នេះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​ហៅ​ថា​សមុទ្រ​ខាងកើត​។​

​អ្នកនាំពាក្យ​ក្រសួង​ការបទេស​វៀតណាម លោកស្រី ឡេ ធី ធូ ហាង កាលពី​ថ្ងៃ​សុក្រ​ទី​១៦​សីហា បាន​ចោទប្រកាន់​ថា​នាវា Haiyang Dizhi 8 និង​វា​នា​អម​ការពារ​របស់​វា​ថា​រំលោភ​​ដែទឹក​វៀតណាម​និង​ថា​អំពើ​របស់​នាវា​ចិន​ប្រឆាំង​នឹង​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​។​

​កាលពី​ខែ​មុន នាវា​ស្រាវជ្រាវ​ភូមិសាស្ត្រ ឬ​រុករក​រ៉ែ​ចិន​Haiyang Dizhi 8​បាន​ចូល​មក​ធ្វើការ​ស្រាវជ្រាវ​រុករក​នៅ​ជិត​ប្រជុំ​កោះ​ស្ព្រ៉ា​ត​លី​ដែល​ក៏​អះអាង​ជា​កម្មសិទ្ធិ​ដោយ​ចិន​​និង​វៀតណាម​។​វៀតណាម​ក៏​បាន​បញ្ជូន​នាវា​ទៅ​តាមដាន​យ៉ាង​ដិតដល់​ផងដែរ​។​

​កាន់តែ​បារម្ភ​សំរាប់​វៀតណាម​ទៀត​នោះ នាវា​ស្រាវជ្រាវ​នេះ​ត្រូវបាន​អម​ការពារ​ដោយ​នាវា​ឆ្មាំ​សមុទ្រ​ចិន ដែល​បង្កើតបាន​ជា​កង​នាវា​មួយ​នៅក្នុង​ដែនទឹក​ជម្លោះ​៕​ដោយ​៖​វាសនា​

នាវាស្រាវជ្រាវចិនអមការពារដោយនាវាឆ្មាំសមុទ្រ