វៀតណាម​ទាមទារ​អោយ​ចិន​ដក​នាវា ចេញពី​ដែនសមុទ្រ​ជម្លោះ​ជាបន្ទាន់​

731
ចែករម្លែក

​វៀតណាម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​កក្កដា​បាន​អំពាវនាវ​ឱ្យ​មាន “​ការដកចេញ​ជាបន្ទាន់​” នៃ​នាវា​ចិន​មួយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ដែល​ភាព​តានតឹង​អំពី​ដែន​​សមុទ្រ​ដែល​មាន​ជម្លោះ​គឺ​កាន់តែ​ខ្លាំង​ឡើង​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​សប្តាហ៍​មុន​បាន​ចេញ​សេចក្តីអំពាវនាវ​ថ្មី​មួយ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ​គោរព​ការអះអាង​របស់​ខ្លួន​ចំពោះ​តំបន់​ដែល​សម្បូរ​ធនធាន​និង​​ដែល​ត្រូវ​បាន​ទាមទារ​គ្រប់គ្រង​ផងដែរ​ជា​យូរអង្វែង​មក​ហើយ​ដោយ​វៀតណាម​និង​តៃវ៉ាន់ ហ្វីលីពីន ម៉ាឡេស៊ី​និង ព្រុយ​ណេ​។​

​រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​ឆ្លើយ​តប​ដោយ​និយាយថា​ខ្លួន​បាន​ផ្ញើ​សារ​ជាច្រើន​ទៅ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដោយ​ទទូច​ឱ្យ​នាវា​ស្រាវជ្រាវ​ចិន​មួយ​ចាកចេញ​ពី​ទឹកដី​របស់​​ខ្លួន​ហើយ​បាន​ធ្វើ​ការទាមទារ​ជា​ថ្មី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ឱ្យ​ដក​នាវា​នោះ​ចេញ​។​

អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេស​វៀត​ណា​ម Le Thi Thu Hang

​ដោយ​មិន​បង្ហាញ​ទីតាំង​ពិតប្រាកដ​នៃ​នាវា​នេះ អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេស​វៀត​ណា​ម លោកស្រី Le Thi Thu Hang បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា “​វៀតណាម​ធ្វើ​​ការទាក់ទង​គ្នា​តាម​ការទូត​យ៉ាង​សមស្រប ដោយ​ស្នើ​ឱ្យ​មាន​ការដកថយ​ជាបន្ទាន់​ពី​តំបន់​សេដ្ឋកិច្ច​វៀតណាម​” ។​លោកស្រី​បាន​បន្ថែមថា ” វៀតណាម​ប្តេជ្ញា​ការពារ​សិទ្ធិ​អ​ធិ​​បតេ​យ្យ​ភាព​របស់​យើង​ដោយ​ម៉ឺងម៉ាត់​តាមរយៈ​មធ្យោបាយ​សន្តិវិធី ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​” ។​

​នាវា ដែល​ជា​របស់​ក្រុម​ស្រាវជ្រាវ​ភូមិសាស្ត្រ​ចិន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​នេះ​បាន​ចាប់ផ្តើម​ធ្វើ​ការស្រាវជ្រាវ​នៅ​ជុំវិញ​ប្រជុំ​កោះ​Spratly ដែល​មាន​ជម្លោះ​នេះ កាលពី​ថ្ងៃ​​ទី​៣​ខែកក្កដា​។​នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​(CSIS) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាម៉េរិក ។​

​មជ្ឈមណ្ឌល​CSIS​នេះ​បាន​និយាយថា​នៅ​មុន​ពេល​វា​ត្រូវបាន​គេ​ប្រទះឃើញ​នោះ នាវា​ឆ្មាំ​សមុទ្រ​ចិន​មួយ​ក៏​បាន​ល្បាត​នៅ​ជិត​នាវា​ផ្គត់ផ្គង់​ច្រើន​គ្រឿង​របស់​វៀតណាម នៅក្នុង​ស្ថាន​​ភាព “​គំរាមកំហែង​” ផងដែរ​។​

​ចិន​មិន​បាន​បញ្ជាក់​អំពី​វត្តមាន​នៃ​នាវា​របស់ខ្លួន​នៅក្នុង​តំបន់​នោះ​ទេ​និង​ក៏​មិន​ទាន់​ប្រតិកម្ម​យ៉ាងណា​ចំពោះ​ការទាមទារ​របស់​វៀត​ណា​ម​ដែរ​៕ដោយ៖សុខា/sn

​រូប​ឯកសារ​បង្ហាញ នាវា​ឆ្មាំ​សមុទ្រ​ចិន ដេញ​នាវា​វៀតណាម​ក្រោយពី​វា​បាន​បើក​ចូល​ចម្ងាយ​១៦​គីឡូម៉ែត្រ​ពី​សំណង់​អណ្តូងរ៉ែ​ប្រេង​Haiyang Shiyou 981​នៅ​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ឆ្នាំ​២០១៤