វៀតណាម​ទាមទារ​ឱ្យ​ចិន​ដក​នាវា​រុករក​ប្រេង​ចេញពី​ដែនទឹក​មាន​ជម្លោះ​

417
ចែករម្លែក

​របាយការណ៍​ថ្មីៗ​និយាយថា​មាន​ការប្រឈមមុខ​ដាក់​គ្នា​ធំ​មួយ​រវាង​នាវា​ឆ្មាំ​សមុទ្រ​មកពី​បណ្តា​ប្រទេស​ជិត​គ្នា​ជាប់​ប្រជុំ​កោះ​ស្ព្រាត​លី​( Spratly )​។​យោង​តាម​សារព័ត៌មាន​Al Jazeera ​បានឱ្យដឹងថា នៅពេលនេះ វៀតណាម​បាន​ប្រាប់​ចិន​ឱ្យ​ដក​នាវា​រុករក​ប្រេង​មួយ ចេញពី​ដែនសមុទ្រ​នោះ​។

​វត្តមាន​នាវា​នេះ​ទំនងជា​បាន​បង្ក​ឱ្យ​មាន​ជម្លោះ​ខ្លាំង នៅពេល​ដែល​បណ្តា​ប្រទេស​ច្រើន​ទៀត ដូចជា​វៀតណាម​បាន​បញ្ជូន​នាវា​របស់ខ្លួន​ជាច្រើន​គ្រឿង​ដើម្បី​ពិនិត្យ​វាយ​តំលៃ​​សភាពការណ៍​។​

​លោក​ស្រីឡេ ធី​ធូ ហាង អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​បាន​និយាយថា «​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ នាវា​ស្រាវជ្រាវ​Haiyang Dizhi 8 របស់​ចិន​និង​ក្រុម​​អមដំណើរ​ការពារ​មួយចំនួន​ទៀត​បាន​ធ្វើ​សកម្មភាព​នៅ​តំបន់​ភាគខាងត្បូង​នៃ​សមុទ្រ​ខាងកើត​(​សមុទ្រ​ចិន​ខាងត្បូង​)​នេះ​ដែល​បាន​រំលោភ​លើ​តំបន់​សេដ្ឋកិច្ច​និង​តំបន់​​បាតសមុទ្រ​របស់​វៀត​ណា​ម​។​តំបន់​នេះ​ស្ថិតនៅក្នុង​ដែនទឹក​របស់​វៀតណាម​ទាំងស្រុង​»​។​

​លោកស្រី​បាន​បន្ថែមថា សកម្មភាព​របស់​ចិន​គឺជា “​សកម្មភាព​ខុសច្បាប់​” ដែល​ត្រូវតែ​បញ្ឈប់​។​

​របាយការណ៍​ក្នុងស្រុក​បាន​និយាយថា​នាវា​កង​ឆ្មាំ​សមុទ្រ​ប្រដាប់អាវុធ​ចំនួន​៦​គ្រឿង​មក​ពី​វៀតណាម​និង​ចិន បាន​ស្ថិត​ក្នុង​ការឃ្លាំមើល​គ្នា​ទៅវិញទៅមក នៅ​តំបន់​នោះ​​ចាប់តាំងពី​ដើម​ខែ​កក្កដា​មក​៕​ដោយ​៖​សុខា​/sn

លោក​ស្រីឡេ ធី​ធូ ហាង អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​ បាន​អះអាង​ថា​តំបន់​ប្រទាញប្រទង់​នោះ​ស្ថិតក្នុង​ទឹកដី​វៀតណាម​