វៀតណាម​ទិញដ្រូន​យោធា​៦​គ្រឿងពី អាម៉េរិក

994
ចែករម្លែក

Insitu ដែល​ជា​សាខា​ក្រុមហ៊ុន​Boeing​អាម៉េរិក​បាន​និយាយថា ខ្លួន​ទើប​ទទួល​ការបញ្ជា​ទិញ​យន្តហោះ​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​)​ពី​វៀតណាម​, នេះ​បើ​តាម​ការប្រកាស​របស់​ក្រសួង​ការ​​ពារ​ជាតិ​អាម៉េរិក​កាលពី​ថ្ងៃ​០១​មិថុនា​។​

​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការពារជាតិ​អាម៉េរិក ក្រុមហ៊ុន​Insitu នឹង​ផលិត​យន្តហោះ​ដ្រូ​ន​ScanEagle UAVs ចំនួន​៦​គ្រឿង​ក្នុង​តំលៃ​៩,៨​លាន​ដុល្លារ​សំរាប់​វៀត​​ណា​ម​។​ក្រុមហ៊ុន​ក៏​នឹង​ផ្តល់​គ្រឿងផ្សំ​និង​គ្រឿងបន្លាស់ ព្រមទាំង​ការហ្វឹកហាត់​ប្រើ ដោយ​បញ្ជូន​អ្នកជំនាញ​មក​បង្ហាត់បង្ហាញ​បច្ចេកទេស​មួយ​រយៈពេល​ផងដែរ​។​

​កិច្ចសន្យា​ទិញ​លក់​នេះ​នឹង​ត្រូវ​អនុវត្ត​នៅ​យ៉ាងយូរ​ត្រឹម​ខែ​មីនា​ឆ្នាំ​២០២២​។​

​យឹង ទែ ប៉ាក់ នាយក​ទីផ្សារ​របស់​Boeing​ប្រចាំ​អាស៊ី បាន​និយាយ​កាលពី​ខែ​មីនា​ឆ្នាំ​មុន​នៅ​ពិព័រណ៍​អាកាសចរណ៍​និង​សមុទ្រ​អន្តរជាតិ​មួយ​នៅ​ម៉ាឡេស៊ី​ថា ការលក់ដ្រូន​ទៅអោយ​​កង​ឆ្មាំ​ឆ្នេរសមុទ្រ​វៀតណាម​នឹង​ត្រូវ​គាំទ្រ​ហិរញ្ញវត្ថុ​ដោយ​អាម៉េរិក​។​

ScanEagle ប្រវែង​១,៥២​ម៉ែត្រ​នេះ ជា​ដ្រូ​ន​ស៊ើបការណ៍​ហោះ​ក្នុង​រយៈ​កំពស់​ទាប និង​ចម្ងាយ​ជិត​។​វា​អាច​ហោះ​លើ​៤​គីឡូម៉ែត្រ និង​សំកាំង​លើ​សមរភូមិ​ណាមួយ​បាន​ដល់​ទៅ​២០​ម៉ោង​​អាស្រ័យ​លើក​ការកំណត់​កម្មវិធី​ជា​មុន​។​

​កាលពី​ខែ​កុម្ភៈ មេបញ្ជាការ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​អាម៉េរិក ឧត្តនា​វី ហ្វីល ដាវី​សុន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា វៀតណាម​កំពុង​ស្វែងរក​គ្រឿង​បរិក្ខា​ពី​អាម៉េរិក​​រួម​មាន​យន្តហោះ​គ្មាន​មនុស្ស​បើក​ScanEagle របស់​Boeing យន្តហោះ​ហ្វឹកហាត់ Beechcraft T-6 Texan II​និង​នាវា​ឆ្មាំ​សមុទ្រ​អាម៉េរិក​ប្រើ​ហើយ​មួយ​។​

​កាសែត​ក្នុងស្រុក​មួយ​កាលពី​ខែ​សីហា​ឆ្នាំមុន​បាន​ស្រង់​សម្តី​មន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​ដែលថា វៀតណាម​បាន​ចុះហត្ថលេខា​ទិញ​គ្រឿង​បរិក្ខា​យោធា​អាម៉េរិក​តំលៃ​៩៤,៧​លាន​ដុល្លារ​។​

​កាលពី​ខែ​មីនា នាវាចម្បាំង​អាម៉េរិក​USS Carl Vinson​បាន​ទៅ​ដល់​ក្រុង​ដា​ណាំ​ង ជា​ដំណើរ​ចូល​សំចត​ជា​ប្រវត្តិសាស្ត្រ​មួយ ដោយ​នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក​ចាប់តាំងពី​ឆ្នាំ​១៩៧៥​។​វា​នាំ​ទៅ​ជាមួយ​ទូក​ល្បាត​(​អូប័រ​)Metal Shark​ចំនួន​៦​គ្រឿង​ដើម្បី​ជា​អំណោយ​ដល់​រដ្ឋាភិបាល​វៀតណាម​៕​ដោយ​៖​វាសនា​

ScanEagle​ជា​ដ្រូ​ន​ស៊ើបការណ៍​អាច​ហោះ​លើ​៤​គីឡូម៉ែត្រ និង​សំកាំង​លើ​សមរភូមិ​ណាមួយ​បាន​ដល់​ទៅ​២០​ម៉ោង​