វៀតណាម​និង​សហភាព​អឺរ៉ុប​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី

699
ចែករម្លែក

​សហភាព​អឺរ៉ុប និង​វៀតណាម​កាលពី​ថ្ងៃអាទិត្យ​ទី​៣០​មិថុនា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​ដែល​នឹង​កាត់ចោល​ពន្ធគយ​លើ​ទំនិញ​ស្ទើរ​គ្រប់​មុខ​​ខណៈ​មាន​ការព្រួយបារម្ភ​កើន​ឡើង​អំពី​ការ​គាំពារ​និយម​នៅ​ទូ​ទាំង​សកលលោក​។​

​ការចុះហត្ថលេខា​នេះ​ត្រូវបាន​ធ្វើឡើង​ចំ​ពេល​មាន​ចលាចល​ពាណិជ្ជកម្ម​ទូទាំង​ពិភពលោក មួយ​ភាគ​ធំ​បណ្តាលមកពី​ជម្លោះ​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន និង​ការចាកចេញ​របស់​អ​ង់​​គ្លេ​សពី​សហភាព​អឺរ៉ុប​ដែល​ចោល​ស្រមោល​ខ្មៅ​លើ​កំណើន​សកល​។​

​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​អបអរ​ដោយ​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​លោក​ស្រី​Cecilia Malmstrom ថា​ជា​«​ចំណុច​សំខាន់​ជា​ប្រវត្តិសាស្ត្រ​មួយ​»​រវាង​ដៃគូ​ពាណិជ្ជកម្ម​។​លោកស្រី​​បាន​និយាយ​នៅ​ឯ​ពិធី​ចុះហត្ថលេខា​នេះ​ថា​«​យើង​ចង់​ធានាថា ពាណិជ្ជកម្ម​អឺរ៉ុប​នៅក្នុង​តំបន់​មាន​ផលប៉ះពាល់​វិជ្ជមាន ដូច្នេះ​យើង​ត្រូវការពារ​វា​នៅក្នុង​កិច្ចព្រមព្រៀង​នេះ​»​។​

​សេដ្ឋកិច្ច​ផ្តោតលើ​ការនាំចេញ​របស់​វៀតណាម ត្រូវបាន​លើកទឹកចិត្ត​ដោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ តែ​វា​នឹង​ចូល​ជា​ធរមាន​បាន ទាល់តែ​ត្រូវ​បាន​អនុម័ត ប្រហែល​​ជា​នៅ​ចុងឆ្នាំ​។​ការបើក​ទីផ្សារ​អឺរ៉ុប​សំរាប់​ទំនិញ​វៀតណាម មុខ​ជា​នឹង​បង្កើន​ការនាំ​ទំនិញ​ទៅកាន់​ប្លុក​នេះ ដូចជា​វាយ​ន​ភណ្ឌ ស្បែកជើង ស្មា​ត​ហ្វូន​និងផ្នែក​ផ្សំ​កុំព្យូទ័រ​។​

​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ក៏​ចង់​ហក់​ចូលក្នុង​ទីផ្សារ​មាន​ប្រជាជន​៩៥​លាន​នាក់​របស់​វៀតណាម ដែល​មាន​វណ្ណៈ​អ្នកប្រើប្រាស់​រីកចំរើន​ដ៏​លឿន​។​

​វៀតណាម​ក៏​កំពុង​ទទួល​ផល​ពី​ជម្លោះ​ពាណិជ្ជកម្ម​ចិន​-​អាម៉េរិក ដែល​គេ​ឃើញ​ក្រុមហ៊ុន​មួយចំនួន​បាន​រើ​ទីតាំង​ផលិតកម្ម​របស់​គេ​ពី​ចិន​មក​វៀតណាម​។​

​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​និង​វៀតណាម នៅ​ទីបំផុត​នឹង​នាំ​ដល់​ការកាត់បន្ថយ​ពន្ធ​៩៩​ភាគរយ​លើ​ទំនិញ​នាំចូល​ពី​វៀតណាម​ទៅ​អឺរ៉ុប​។​ដោយ​ត្រូវ​បាន​ចាត់ទុកថា​ជា​​កិច្ចព្រមព្រៀង​គុណភាព​ខ្ពស់ វា​ក៏​រួមបញ្ចូល​ច្បាប់​អំពី​សិទ្ធិ​ការងារ និង​ការ​គាំពា​របិរ​ស្ថាននិង​កម្មសិទ្ធិបញ្ញា​៕​ដោយ​៖​វាសនា​

(​ពី​ឆ្វេង​) ស្នងការ​អឺរ៉ុប​ខាង​ពាណិជ្ជកម្ម​លោកស្រី​Cecilia Malmstrom រដ្ឋមន្ត្រី​ធុរកិច្ច​-​ពាណិជ្ជកម្ម​និង​សហគ្រិនភាព រ៉ូ​ម៉ានី លោក Stefan Radu Oprea និង​រដ្ឋមន្ត្រី​ឧស្សាហ​​កម្ម​និង​ពាណិជ្ជកម្ម​វៀតណាម​Tran Tuan Anh ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី សហភាព​អឺរ៉ុប​-​វៀតណាម នៅ​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​៣០​មិថុនា​