វៀតណាម​នឹង​កាត់បន្ថយ​តំបន់​ដំណាំ​ម្រេច ខណៈ​ដែល​តម្លៃ​សកល​ធ្លាក់ចុះ​

1380
ចែករម្លែក

​ប្រធាន​សមាគម​ម្រេច​របស់​ប្រទេស​វៀតណាម​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​មេសា​ថា​ប្រទេស​វៀតណាម​គ្រោង​នឹង​កាត់បន្ថយ​តំបន់​ដាំ​ម្រេចខ្មៅ​របស់ខ្លួន​ចំនួន​២៦,៧​ភាគរយ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការធ្លាក់​ចុះ​តម្លៃ ជា​សកល​នោះ​។​

​ប្រទេស​វៀតណាម​គឺ​ជា​អ្នក​នាំ​ចេញ​ម្រេចខ្មៅ​ដ៏​ធំ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក ដោយ​មាន​បរិមាណ​នាំ​ចេញ​ពី​៦០​ទៅ​៦៥​ភាគរយ​នៃ​ពាណិជ្ជកម្ម​សកល​និង​ស្ទើរ​​តែ​ពាក់កណ្តាល​នៃ​ទិន្នផល​សកល​។​

​លោក Nguyen Nam Hai ប្រធាន​សមាគម​ម្រេច​វៀតណាម បាន​និយាយថា “​យើង​នឹង​កាត់បន្ថយ​ផ្ទៃដី ចំនួន​១១០.០០០ ហិកតា​ពី​ចំនួន​ផ្ទៃដី​១៥០.០០​ហិកតា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​​ខាងមុខនេះ ដោយ​លើក​ទឹកចិត្ត​កសិករ​ឱ្យដាំ​ដំណាំ​ផ្សេងៗ​ទៀត ហើយ លុបបំបាត់​ដីចម្ការ​ម្រេច​ដែល​គ្មាន​គុណភាព ” ។​

​លោក​បន្តថា​” ឥឡូវ​នេះ​ដោយសារ​ទិន្នផល​កើនឡើង ប៉ុន្តែ​តម្លៃ​បាន​ធ្លាក់ចុះ​ហើយ​យើង ត្រូវ​កាត់បន្ថយ​ផ្ទៃដី​ដាំ​ដំណាំ​ម្រេច​” ។​

​ការនាំចេញ​ម្រេចខ្មៅ​របស់​វៀតណាម​ក្នុង​ត្រីមាស​ទី​មួយ បាន​កើនឡើង​១៧,៥​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន គឺ មាន​ចំនួន​៦០.០៣៣​តោន ប៉ុន្តែ​ប្រាក់​​ចំណូល​នាំចេញ​នៅក្នុង​រយៈពេល​នោះ​បាន​ធ្លាក់ចុះ​អស់​៣១,៤​ភាគរយ មក​នៅ​ត្រឹម​ប្រាក់​ចំណូល​២២១ លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​គយ​វៀតណាម​។​

​លោក Nguyen Nam Hai បាន​និយាយថា ការនាំ​ចេញ​សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ​នៃ​ឆ្នាំ​២០១៨​នេះ គឺ​ត្រូវបាន​ព្យាករណ៍​ថា​នឹង​នៅ​មាន​ចំនួន​តិច បើ​ប្រៀបធៀប​​នឹង​ឆ្នាំ​មុន គឺ​មាន​ប្រហែល​២១៥.០០០​តោន​។​

​ទីផ្សារ​សំខាន់ៗ​របស់​វៀតណាម​សម្រាប់​ម្រេច​នេះ គឺមាន សហរដ្ឋអាមេរិក ឥណ្ឌា ចិន និង អឺរ៉ុប​៕ដោយ៖សុខា/SN

​វៀតណាម​គឺ​ជា​អ្នក​នាំ​ចេញ​ម្រេចខ្មៅ​ដ៏​ធំ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក ដោយ​មាន​បរិមាណ​នាំ​ចេញ​ពី​៦០​ទៅ​៦៥​ភាគរយ​នៃ​ពាណិជ្ជកម្ម​សកល​