វៀតណាម​នឹង​គិត​ពន្ធ​លើ​ភេសជ្ជៈ​ផ្អែម​ពី ១០ ទៅ ២០ ភាគរយ ចំពេល​ពលរដ្ឋ​កើត​ជំងឺ​ធាត់​កាន់តែច្រើន​

546

​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​កាលពី​ថ្ងៃ​អង្គារ​ទី​២២​សីហា​បាន​ស្នើសុំ​ដក​ពន្ធ​លើ​ការប្រើប្រាស់​ពិសេស​លើ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​។ ប្រសិនបើ​ត្រូវបាន​អនុម័ត​នោះ សំណើ​នេះ​នឹង​ឃើញ​ពន្ធ​ត្រូវ​បានដាក់​លើ​ភេសជ្ជៈ​ដែលមាន​ជាតិ​កាបូ​ណាត​និង​គ្មាន​ជាតិ​កាបូ​ណាត ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​កីឡា និង​កាហ្វេ​និង​តែ ច្រក​ដប​។​

​ក្រសួង​បានស្នើ​ឱ្យ​គិត​អត្រាពន្ធ​លើ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ថ្មី ១០% ឬ ២០% ដែល​នឹងត្រូវ​អនុវត្ត​ចាប់ពី​ឆ្នាំ ២០១៩ ជាមួយ​អត្រា ១០% ជា​ជម្រើស​ពេញចិត្ត​បំផុត​។​

​សំណើ​នោះបាន​លើកឡើងថា “​ពន្ធ​នេះ​នឹង​ជួយ​គ្រប់គ្រង​លើ​ការប្រើប្រាស់​ភេសជ្ជៈ​ផ្អែម ហើយ​វា​ក៏​ជា​បទដ្ឋាន​អន្តរជាតិ​ផងដែរ​” ។​

​ជាក់ស្តែង ភេសជ្ជៈ​មាន​ជាតិ​កាបូ​ណាត (Carbonated Soft Drinks) បច្ចុប្បន្ន​មានតម្លៃ​ប្រហែល ១០.០០០ ដុង (០,៤៤ ដុល្លារ​) ក្នុង​មួយ​កំប៉ុង​។​

​នៅឯ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ ក្រសួង​បានលើកឡើង​ពី​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​បង្ហាញថា ការ​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន​ហួសប្រមាណ​អាច​នាំឱ្យមាន​ជំងឺ​ធាត់​។ ជំងឺ​ធាត់​ក៏​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ហានិភ័យ​ផ្នែក​សុខភាព​ជាច្រើន​ដូចជា​ជំងឺ​សរសៃឈាម​បេះដូង ជំងឺលើសឈាម និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

​ទន្ទឹមនឹង​នេះដែរ ការសិក្សា​មួយ​ដែល​បង្ហាញ​នៅក្នុង​ខែមិថុនា បាន​រកឃើញថា​ប្រហែល ២៥ ភាគរយ​នៃ​មនុស្សពេញវ័យ​ជនជាតិ​វៀតណាម​គឺ​លើស​ទម្ងន់​ឬ​ធាត់​។ អត្រា​លើស​ទម្ងន់​សម្រាប់​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​ក៏​កំពុង​កើនឡើង​ផងដែរ​។​

​យោងតាម​ក្រសួង​បានឱ្យដឹងថា បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ជាច្រើន​បានដាក់​ពន្ធ​លើ​ភេសជ្ជៈ​ដែលមាន​ជាតិ​ស្ករ​រួចទៅហើយ​។ អត្រា​បច្ចុប្បន្ន​គឺ​ពី ២០ ទៅ ២៥ ភាគរយ​នៅ​ប្រទេស​ថៃ ៥-១០ ភាគរយ​នៅ​ឡាវ និង ១០ ភាគរយ​នៅ​កម្ពុជា​។​

​ប្រទេស​មី​យ៉ាន់​ម៉ា ហ្វីលីពីន និង​ឥណ្ឌូណេស៊ី​កំពុង​ពិចារណា​លើ​ការដាក់​ពន្ធ​ផងដែរ​។​

​នៅ​ប្រទេស​វៀតណាម ពន្ធ​លើ​ការប្រើប្រាស់​ពិសេស​ត្រូវ​បានគិត​ទៅលើ​ទំនិញ​និង​សេវាកម្ម​ដែល​ចាត់ទុកថា​មិនមាន​សុខភាព​ល្អ​ឬ​របស់​ថ្លៃៗ​ដូចជា​ថ្នាំជក់ គ្រឿង​ស្រវឹង និង​រថយន្ត​ជាដើម​៕ ដោយ៖ កញ្ញាដាលីស

រូបតំណាង