វៀតណាម​នឹង​បិទ​គណនី​ហ្វេ​ស​ប៊ុ​ក ដែលមាន​ម្ចាស់​ជា​អ្នករកស៊ី​តាម​អន​ឡាញ តែ​បដិសេធ​បង់ពន្ធ​

1179
ចែករម្លែក

​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ ទី​២៦ មិថុនា​នេះ​ថា បណ្តា​ទីភ្នាក់ងារ​ពាក់ព័ន្ធ​នានា​របស់​វៀតណាម​នឹង​សហការ​ជាមួយ​ហ្វេ​ស​ប៊ុ​ក​ដើម្បី​បិទ​គណនី​ណា ដែលមាន​ម្ចាស់​លក់ដូរ​ផលិតផល​យ៉ាងសកម្ម​លើ​បណ្តាញ​សង្គម​នេះ ប៉ុន្តែ​បដិសេធ​បង់ពន្ធ​ជូន​រដ្ឋ​។​

​នាយកដ្ឋាន​ពន្ធដារ​ទូ​ទៅ​វៀតណាម បាន​ណែនាំ​ឱ្យ​បណ្តា​នាយកដ្ឋាន​ពន្ធ​នានា​នៅ​ទូទាំងប្រទេស​ឱ្យ​ចាត់វិធានការ​ក្តៅ​ដើម្បី​ដោះស្រាយ​ជាមួយ​អ្នកលក់ដូរ​តាម​អន​ឡាញ ដែល​រក​ចំណូល​ជាង ១០០ លាន​ដុង (​ជាង ៤.៤០០ ដុល្លារ​) ប៉ុន្តែ​បដិសេធ​បង់ពន្ធ​ជូន​រដ្ឋ​។ នេះ​បើតាម​កាសែត​យុវជន​។

​កាសែត​នេះ​បាន​ដកស្រង់​សម្តី​មន្ត្រី​ពន្ធ​ម្នាក់​ដោយ​និយាយថា “​យើង​មិន​ចង់​ជ្រើស​យក​វិធានការ​នេះ​ទេ (​បិទ​គណនី​ហ្វេ​ស​ប៊ុ​ក​) ប៉ុន្តែ​ត្រូវតែ​ធ្វើបែបនេះ ប្រសិនបើ​អ្នកលក់ដូរ​តាម​អន​ឡាញ​ទទូច​មិន​ព្រម​បង់ពន្ធ​”​។

នាយកដ្ឋាន​ពន្ធដារ​ក្រុង​ហាណូយ ថ្មីៗ​នេះ​បា​នប​ញ្ជូ​លិខិត​ជាច្រើន​ទៅ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ជិត ១៣.៥០០ ដែល​ធ្វើ​ជំនួញ​យ៉ាងសកម្ម ដោយ​ស្នើឱ្យ​ពួកគេ​បង់ពន្ធ​។

កាសែត​មួយទៀត​ឈ្មោះ Tien Phong បាន​ដកស្រង់​ស្ថិតិ​ថ្មី​បំផុត​របស់​នាយកដ្ឋាន​ពន្ធដារ ក្នុង​ក្រុង​ហាណូយ គឺមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ជិត ១៧.០០០ ដែល​ចូលរួម​ក្នុង​ការលក់​ផលិតផល ឬ ផ្តល់​សេវាកម្ម នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

កាលពី​ខែ​មុន នាយកដ្ឋាន​ពន្ធដារ​ក្រុង​ហូជីមិញ បាន​បញ្ជូន​លិខិត​ដល់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ជិត ១៣.៥០០ ដោយ​ស្នើឱ្យ​ពួកគេ​បំពេញ​ពាក្យ​ចុះឈ្មោះ​បង់ពន្ធ​នៅ​ការិយាល័យ​ពន្ធ​។ ក៏ប៉ុន្តែ ម្ចាស់​គណនី​ភាគច្រើន​មិនទាន់​បង្ហាញមុខ​នៅឡើយ​ទេ​៕