វៀតណាម​នឹង​រៀបចំ​បុណ្យសព​ប្រធានាធិបតី ត្រឹ​ន ដាយ ក្វាង

1776
ចែករម្លែក

គណបក្សកុម្មុយនិស្តនិងរដ្ឋាភិបាលវៀតណាមបានប្រកាសថា វៀតណាមនឹងរៀបចំបុណ្យសពជាតិ និងការកាន់ទុក្ខថ្នាក់ជាតិនៅសប្ដាហ៍នេះសម្រាប់ ប្រធានាធិបតី លោក ត្រឹន ដាយ ក្វាង (Tran Dai Quang) ដែលបានទទួលមរណភាព កាលពីសប្តាហ៍មុនដោយសារជំងឺ នៅអាយុ៦១ ឆ្នាំ។

ទង់ជាតិវៀតណាមនឹងត្រូវបានបង្ហូតនៅពាក់កណ្ដាលដង ហើយសកម្មភាពកម្សាន្តនឹងត្រូវបានលុបចោលក្នុងអំឡុងពេលពិធីបុណ្យសព២ថ្ងៃដែលចាប់ផ្តើមនៅថ្ងៃពុធទី២៦កញ្ញា។

លោក ត្រឹន ដាយ ក្វាង នឹងត្រូវបានបញ្ចុះ នៅថ្ងៃព្រហស្បតិ៍ នៅភូមិកំណើតរបស់លោក នៅខេត្ត Ninh Binh ដែលមានចម្ងាយ១១៥គីឡូម៉ែត្រ ពីខាងត្បូងនៃទីក្រុងហាណូយ ។

សេចក្តីប្រកាសនេះ បាននិយាយថា ” មរណភាពរបស់លោក គឺជាការបាត់បង់ដ៏ធំធេងនៃបក្ស រដ្ឋ និងប្រជាជនរបស់យើង”។

លោកបានស្លាប់នៅមន្ទីរពេទ្យក្រុងហាណូយ កាលពីថ្ងៃសុក្រ ។ សារព័ត៌មានរដ្ឋវៀតណាមដែលបានដងស្រង់សម្តីវេជ្ជបណ្ឌិតម្នាក់ បាននិយាយថា លោក បានស្លាប់ដោយសារមេរោគដ៏កម្រប៉ុន្តែ សេចក្តីរាយការណ៍នេះ មិនបានបញ្ជាក់ថាជាមេរោគអ្វីនោះទេ។

ក្នុងពេលជាមួយគ្នាមេដឹកនាំពិភពលោកជាច្រើន បានផ្ញើមសាររំលែកទុក្ខ។ លោក ដូណាល់ ត្រាំ ប្រធានាធីបតីអាមេរិក បានហៅ លោក ត្រឹន ដាយ ក្វាង​ ថាជាមិត្តដ៏ល្អរបស់សហរដ្ឋអាមេរិក ខណៈពេលដែល ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយថា លោក ត្រឹន ដាយ ក្វាង​ គឺជាមិត្តជិតស្និទ្ធ និងជាមិត្តរបស់ប្រជាជនចិន ។

ដោយចាប់ផ្តើមពីមុខតំណែងជាមន្ត្រីសន្តិសុខមកនោះ លោក ត្រឹន ដាយ ក្វាង​ បានឡើងតំណែងជារដ្ឋមន្ត្រីនៃក្រសួងសន្តិសុខសារធារណៈ នៅឆ្ន២០១១ ហើយ ត្រូវបានបោះឆ្នោតជ្រើសរើសដោយសភា ឱ្យធ្វើជាប្រធានាធិបតី កាលពីខែមេសា ឆ្នាំ២០១៦៕

លោក ត្រឹន ដាយ ក្វាង