វៀតណាម​បង្កើត​អង្គភាព​តាន​ដាន​«​ព័ត៌មាន​ក្លែងក្លាយ​»

609
ចែករម្លែក

វៀតណាម កាលពីថ្ងៃពុធទី៣១តុលាបានបង្កើតអង្គភាពមួយដើម្បីតាមដានមើលព័ត៌មាន១០០លានក្នុងមួយថ្ងៃដើម្បីរក«ព័ត៌មានក្លែងក្លាយ» ដែលនេះជាវិធានការមួយដែលនឹងរឹតបន្តឹងលើសេរីភាពសារព័ត៌មានអ៊ិនធឺណិត។

រដ្ឋបក្សតែមួយនេះបានដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីបង្កើនការត្រួតត្រារបស់ខ្លួនលើទំនាក់ទំនងតាមអនឡាញ ដែលពួកអ្នករិះគន់និយាយថាមានបំណងដាក់ទោសចាប់កំហុសសកម្មជនដែលប្រើFacebook និងYouTubeជាធម្យោបាយធ្វើសកម្មភាពជាចម្បងរបស់ពួកគេ។

ពួកសមាជិកសភាបានអនុម័តលើច្បាប់សន្តិសុខអ៊ិនធឺណិតដ៏តឹងរ៉ឹងមួយកាលពីខែកក្កដា ដោយតំរូវអោយក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតស្តុកទុកទិន្នន័យនៅក្នុងប្រទេសនិងដកចេញ«អត្ថបទឬរូបភាពណាដែលមានខ្លឹមសារបំពុល» បើមានសំណើអោយធ្វើដូច្នេះ។បណ្តាក្រុមហ៊ុនដូចជា Facebook និងGoogleក៏នឹងត្រូវប្រគល់ទិន្នន័យអ្នកប្រើបើរដ្ឋាភិបាលស្នើ។

តែមិនមានក្រុមហ៊ុនណាមួយនៃក្រុមហ៊ុនខាងលើបានធ្វើអត្ថាធិប្បាយយ៉ាងណាទេចំពោះច្បាប់នេះ។

វៀតណាម បានដាក់ចេញវិធានការជាបន្តបន្ទាប់ដើម្បីបង្កើនការត្រួតត្រារបស់ខ្លួនលើទំនាក់ទំនងតាមអនឡាញ

ចំណាត់ការនេះត្រូវបានដាក់ចេញបន្ទាប់ពីឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់បានប្រកាសថា កងកម្លាំងឃ្លាំមើលអ៊ិនធឺណិត១០.០០០នាក់ត្រូវបានបង្កើតឡើងសំរាប់តាមដានមើលការបង្ហោះតាមអនឡាញ។

យោងតាមគេហទំព័ររបស់រដ្ឋាភិបាល រដ្ឋមន្រ្តីព័ត៌មានវៀតណាម លោកង្វៀន ម៉ាញ់ហ៊ុង បាននិយាយថា ប្រព័ន្ធចុងក្រោយនេះរួមមានសូហ្វវែរដែលអាចអានពត៌មានរួមទាំងពិនិត្យរូបភាព១០០លានក្នុងមួយថ្ងៃដើម្បី«វិភាគ វាយតំលៃនិងចាត់ថ្នាក់ពួកវា។វាចាំបាច់ដែលដាក់ទោសជនណាដែលផ្សាយព័ត៌មានខុសនៅលើបណ្តាញសង្គម…យើងមិនអាចទុកអោយរណស្សិរនេះគ្មានការគ្រប់គ្រងទេ»។

ក្រសួងសន្តិសុខសាធារណៈវៀតណាមនិយាយថា ច្បាប់នេះមានបំណងរារាំងបង្ការការវាយប្រហារតាមអ៊ិនធឺណិត ដូចជាការសាបព្រួស«កម្លាំងអរិភាពនិងប្រតិកិរិយា»ដែលប្រើទំនាក់ទំនងក្នុងបណ្តាញសង្គមដើម្បីបង្កជាអំពើហិង្សានិងការប្រឆាំង តែវាបង្កកំហឹងពីអាមេរិកនិងសហភាពអឺរ៉ុបព្រមទាំងបណ្តាក្រុមសិទ្ធិមនុស្ស៕ដោយ៖វាសនា