វៀតណាម​បង្កើន​អាយុ​ចូល​និវត្តន៍ ដើម្បី​កុំអោយ​ទីផ្សារការងារ​និង​ការធានារ៉ាប់រង​សង្គម​មាន​បញ្ហា​ធំ​

395
ចែករម្លែក

​វៀតណាម​នឹង​បង្កើន​អាយុ​ចូលនិវត្តន៍​ដល់​៦០​ឆ្នាំ​សំរាប់​ស្ត្រី និង​៦២​ឆ្នាំ​សំរាប់​បុរស ក្រោយ​ការកែប្រែ​ច្បាប់​ការងារ​ដោយ​សភា​។​ការកែប្រែ​នេះ​ត្រូវបាន​អនុម័ត ក្រោយ​សភា​បាន​​បោះឆ្នោត​កាលពី​ថ្ងៃ​ពុធ​ទី​២០​វិច្ឆិកា ដោយ​មាន​ការគាំទ្រ​ពី​សមាជិក​សភា​៩០​គាគ​រយ​។​

​អាយុ​ចូល​និវត្តន៍​សំរាប់​បុរស នឹង​ត្រូវ​ដំឡើង​ពី​៦០​ទៅ​៦២​ឆ្នាំ​ជា​បណ្តើរ នៅ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០២៨ នៅពេល​អាយុ​ចូលនិវត្តន៍​សំរាប់​ស្ត្រី​នឹងត្រូវ​បង្កើន​ពី​៥៥​ទៅ​៦០​នៅ​យ៉ាងយូរ​​ត្រឹម​ឆ្នាំ​២០៣៥​។​ទោះជា​យ៉ាងណា​បុគ្គលិក​កម្មករ​អាច​ចូលនិវត្តន៍​យឺត​ឬ​ឆាប់​ជាង​អាយុ​នេះ អាស្រ័យ​លើ​កាលៈទេសៈ​។​

​ជន​ណា​ដែល​ធ្វើការ​ក្នុង​បរិយាកាស​គ្រោះថ្នាក់ ឬ​លើក​ដាក់​ធ្ងន់​អាច​ចូល​វិវត្តន៍​ឆាប់​ជា​ង នៅពេល​អ្នកធ្វើការ​ក្នុង​វិស័យ​ឯកជន ឬ​ការងារ​ទាមទារ​ជំនាញ​ខ្ពស់ អាច​ឈប់​ធ្វើការ​​យឺត​ជាង តែ​ការបន្ថែម​មិន​ត្រូវ​លើក​៥​ឆ្នាំ​ទេ​។​

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា បាន​និយាយថា​«​ការបង្កើន​អាយុ​ចូលនិវត្តន៍​សន្សឹមៗ​នេះ​មាន​បំណង​ទប់ស្កាត់​ការជាប់គាំង​ទីផ្សារ​ការងារ​ភ្លាមៗ និង​ដើម្បី​រក្សា​ស្ថិរភាព​ន​យោ​​បាយ​និង​សង្គម​។​អាយុ​ចូល​និវត្តន៍​ថ្មី​នេះ​ក៏​អាច​ស្រប​តាម​ការរំពឹងទុក​អំពី​សុខភាព​និង​អាយុកាល​រស់នៅ​របស់​ប្រជាជន​វៀតណាម​ផងដែរ​។​

​សូមបញ្ជាក់​ថា វៀតណាម​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៩៦,២​លាន​នាក់ ក្នុងនោះ​មនុស្ស​ចាស់​មាន​ប្រមាណ​១១,៧​ភាគរយ​។​ការព្យាករណ៍​របស់​អង្គការសហប្រជាជាតិ​មួយ​​បាន​និយាយថា នៅ​ឆ្នាំ​២០៣០​ប្រជាជន​វៀតណាម​មាន​អាយុ​៦៥​ឆ្នាំ​ឡើង​មាន​១២,៩​ភាគរយ និង​ឡើងដល់​២៣​ភាគរយ​នៅ​ឆ្នាំ​២០៥០​។​

​បើ​និយាយ​អំពី​វ័យ​ចំណាស់​របស់​ពលរដ្ឋ​វៀតណាម ការធានារ៉ាប់រង​សង្គម​វៀតណាម​អាច​នឹង​ជួប​បញ្ហា​នៅ​ត្រឹម​ឆ្នាំ​២០២០​នេះ ហើយ​នឹង​ក្ស័យធន​នៅ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០៣៧ បើ​​នៅ​តែ​អនុវត្ត​ការចូល​និវត្តន៍​ត្រឹម​អាយុ​ដូច​សព្វថ្ងៃ​។​

​ការផ្លាស់ប្តូរ​ផ្សេងទៀត​នៅក្នុង​ច្បាប់​ការងារ រួម​មាន​ការបន្ថែម​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​មួយ​ថ្ងៃ​នៅ​ខែ​កញ្ញា ជាហេតុ​ធ្វើអោយ​ប្រទេស​នេះ​មាន​ថ្ងៃ​ឈប់សម្រាក​ផ្លូវការ​១០​ថ្ងៃ​​ក្នុង​មួយឆ្នាំ​៕​ដោយ​៖​វាសនា​

នៅ​ឆ្នាំ​២០៣០​ប្រជាជន​វៀតណាម​មាន​អាយុ​៦៥​ឆ្នាំ​ឡើង​មាន​១២,៩​ភាគរយ និង​ឡើងដល់​២៣​ភាគរយ​នៅ​ឆ្នាំ​២០៥០