វៀតណាម​បង្ក្រាប​ថ្នាំញៀន ក្រោយ​មាន​ឃាតកម្ម​និង​ចាប់​ថ្នាំញៀន​ច្រើនៗ​

857
ចែករម្លែក

​អាជ្ញាធរ​ក្រុង​ហូជីមិញ​កំពុង​បង្ក្រាប​ថ្នាំញៀន ជាពិសេស​ពពួក​ថ្នាំ​មេតំ​ហ្វេ​តា​មីន ដែល​ការប្រើប្រាស់​វា​បាន​ក្លាយ​ជា​ទូទៅ​។​

​ប៉ូលិស​បាន​បញ្ជា​អោយ​មាន​ការស៊ើបអង្កេត​រក​អ្នកប្រើប្រាស់​ថ្នាំញៀន​និង​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​តាម​រង្គសាល ក្លឹប​រាំ​និង​ការប្រគុំ​តន្ត្រី​ដើម្បី​រារាំង​ការប្រើ​ថ្នាំញៀន​​នៅ​តាម​ទីតាំង​ទាំងនោះ​។​

​ថ្នាំ​ហេ​រ៉ូ​អ៊ីន ត្រូវបាន​ប្រើ​នៅ​វៀតណាម​ជា​យូរ​មក​ហើយ ភាគច្រើន​ក្នុងចំណោម​អ្នក​ប្រើ​វ័យចាស់ៗ តែ​ការប្រើ​ថ្នាំញៀន​ផលិត​ពី​វត្ថុធាតុដើម​សិប្បនិមិ្មត ដូច​ជា​មេតំ​ហ្វេ​តា​មីន​​កំពុង​មាន​កំណើន​កើនឡើង​ក្នុងចំណោម​យុវជន​ដែល​ចូលចិត្ត​សេពគប់​ក្រុម​ដើរ​ស៊ីផឹក​សប្បាយ​។​

​អាជ្ញាធរ​បាន​និយាយថា ថ្នាំញៀន​កាន់តែ​បង្កបញ្ហា ដោយ​ទីក្រុង​នេះ​ក្លាយជា​ចំណុច​ឆ្លងកាត់​ថ្នាំញៀន ដោយសារ​តែ​ឡូ​ជី​ស្ទិក​និង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​របស់​វា​។​ឧក្រិដ្ឋជន​កាន់តែ​មាន​​ជំនាញ​នៅក្នុង​ការប្រើ​វិធីសាស្ត្រ​និង​ដូរ​ទីតាំង​ស្តុក​និង​ចែកចាយ​។​

​កាលពី​ខែ​មីនា ប៉ូលិស​ក្រុង​បាន​បង្ក្រាប​ថ្នាំញៀន​ធំៗ​ចំនួន​៣​ដោយ​ចាប់​បាន​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​និង​ហេ​រ៉ូ​អ៊ីន​ជិត​៩០០​គីឡូក្រាម​។​ថ្នាំ​ទាំងអស់នេះ​មាន​ប្រភព​ចេញមក​ពី​តំបន់​​ត្រីកោណមាស​ដែលជា​ចំណុចប្រសព្វ​នៃ​ប្រទេស​ថៃ ម៉ា​យ៉ាន់​ម៉ា ឡាវ​និង​ចិន​។​

​ក្នុងការ​ការបង្ក្រាប​២​ករណី ថ្នាំញៀន​ត្រូវបាន​គេ​គ្រោង​បញ្ជូន​ពី​ក្រុង​ហូជីមិញ​ទៅកាន់​តៃវ៉ាន់​និង​ហ្វីលីពីន​។​

​កាលពី​ខែ​មុន ថ្នាំ​មេតំ​ហ្វេ​តា​មីន​១,១​តោន​ទៀត​ត្រូវបាន​រឹបអូស​ជាមួយ​នឹង​ការចាប់ខ្លួន​បុរស​តៃវ៉ាន់​២​នាក់​។​

​ទីក្រុង​វៀតណាម​ភាគ​ខាងត្បូង​នេះ​មាន​អ្នកញៀន​ថ្នាំ​២៣.០០០​នាក់​នៅក្នុង​បញ្ជី​ផ្លូវការ តែ​ចំនួន​ពិត​អាច​ខ្ពស់​ជាង​នេះ​ឆ្ងាយ ខណៈ​អ្នកញៀន​ថ្មី​កាន់តែ​មាន​វ័យក្មេង​ឡើង​​និង​ប្រើ​ថ្នាំ​ប្រភេទ​ផ្សេងៗ ជាពិសេស​មេតំ​ហ្វេ​តា​មីន និង​ការ​ញៀន​របស់​ពួកគេ​ជា​មូលហេតុ​នៃ​ឃាតកម្ម​និង​ចោរកម្ម​កើនឡើង​នៅ​ពេល​ថ្មីៗ​។​

​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន បុរស​វ័យ​២៩​ឆ្នាំ​ម្នាក់​បាន​សម្លាប់​ជីដូន ម្តាយ​និង​ម្តាយមីង​របស់​ខ្លួន​ក្នុងពេល​បុរស​នេះ​បែក​ថ្នាំ​មែនទែន​។​កាលពី​ខែ​មីនា បុរស​វ័យ​២៦​ឆ្នាំ​ម្នាក់​បាន​​ប្រើ​ថ្នាំ​មេតំ​ហ្វេ​តា​មីន​និង​បាន​សម្លាប់​ឪពុកម្តាយ​ព្រម​ទាំង​ជីដូន​ង​ខ្លួន​និង​ជីដូន​របស់​មិត្តស្រី​។​

​វៀតណាម​ក្លាយជា​មជ្ឈមណ្ឌល​ជួញដូរ​ថ្នាំញៀន​ខុស​ច្បាប់​មក​ពី​តំបន់​ត្រីកោណមាស ។​ប្រទេស​នេះ​ក៏​មាន​ច្បាប់​ថ្នាំញៀន​តឹងរឹង​បំផុត​នៅក្នុង​លោក​។​ជន​ណា​ដែល​មាន​ថ្នាំញៀន​​ហេ​រ៉ូ​អ៊ីន​ចាប់ពី​៦០០​ក្រាម​(០,៦​គី​ឡូ​)​ឡើង​ឬ​មេតំ​ហ្វេ​តា​មីន​២,៥​គីឡូក្រាម​ឡើង​ប្រឈម​ការកាត់ទោស​ប្រហារជីវិត​៕ដោយ៖វាសនា

កាលពី​ខែ​មុន គេ​ចាប់បាន​ថ្នាំ​មេតំ​ហ្វេ​តា​មីន​១,១​តោន​ត្រូវ​រឹបអូស​បាន​នៅ​ក្រុង​ហូជីមិញ