វៀតណាម​បញ្ជូន​សាកសព​៣៩​នាក់​ដែល​ស្លាប់​នៅក្នុង​រថយន្ត​ធំ​អង់គ្លេស​មក​ប្រទេស​វិញ​

340
ចែករម្លែក

​វៀតណាម​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​វិច្ឆិកា​ ​ថា​ខ្លួន​កំពុង​ធ្វើ​ការនាំ​សាកសព​ចំនួន​៣៩​នាក់​ដែល​ឥឡូវ​ត្រូវបាន​ស្គាល់​ថា​ជា​ជនជាតិ​វៀតណាម​នោះ​ត្រឡប់​មក​ប្រទេស​វិញ​​ក្រោយ​ត្រូវ​បាន​រកឃើញ​នៅក្នុង​រថយន្ត​ធំ​មួយ​នៅ​ជិត​ទីក្រុង​ឡុង​ដ៏​កាលពី​ខែ​មុន និង​ការវិភាគ​និង​ពិនិត្យ​ឯកសារ​បញ្ជាក់​ថា​ជនរ​ង​គ្រោះជា​ជនជាតិ​វៀតណាម​។​

​ការ​ធ្វើ​មាតុភូមិនិវត្តន៍​សាកសព​ទាំងនេះ ត្រូវបាន​ធ្វើឡើង នៅ​ពេល​ប៉ូលិស​អង់គ្លេស​បាន​បញ្ជាក់ថា​អ្នក​ទាំងនោះ​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​កន្ទុយ​រថយន្ត​សណ្តោង​កាលពី​​ថ្ងៃទី​២៣​ខែ​តុលា​នោះ​គឺ​មកពី​ប្រទេស​វៀតណាម​។​

​នៅក្នុង​លិខិត​មួយ​ដែល​ត្រូវបាន​ទទួល​បាន​ដោយ​សារព័ត៌មាន​AFP និង​បញ្ជូន​ទៅ​ក្រុម​គ្រួសារ​ទាំងនោះ​ដែល​បុរស​៣១ នាក់​និង​ស្ត្រី​៨ នាក់​បាន​ស្លាប់​នោះ នាយករដ្ឋមន្ត្រី​​វៀតណាម​លោក​ង្វៀន សួន​ហ្វ៊ុក បាន​និយាយថា​” សោកនាដកម្ម​នេះ​បាន​បណ្តាលឱ្យ​ពួកគេ​និង​ប្រជាជន​វៀតណាម​នៅ​ទូទាំង​ពិភពលោក​”​ឈឺចាប់​មិន​ចេះ​ចប់​” ហើយ​បាន​​ប្តេជ្ញា​ថា​នឹង​នាំ​ជនរងគ្រោះ​ទាំង​នោះ​ត្រឡប់​មក​មាតុភូមិ​វិញ “​។​

​សាកសព​ទាំងនេះ ត្រូវបាន​រកឃើញ​នៅ​ខាងក្នុង​រថយន្ត​ធំ​ដែល​ចូល​ប្រទេស​អង់គ្លេស​តាម​នាវា​ចម្លង​មួយ​ពី​ប្រទេស​បែលហ្ស៊ិក ហើយ​ចត​នៅ​ជិត​កំពង់ផែ​Purfleet នៅក្នុង​តំបន់​អ៊ី​សសេស​ប្រទេស​អង់គ្លេស​។​

​ក្រុម​អាជ្ញាធរ​វៀតណាម​បាន​ចាប់​ឃុំខ្លួន​មនុស្ស​ចំនួន​១១ នាក់​នៅ​វៀតណាម ពី​បទ​រត់ពន្ធ​ឬ​ជួញដូរ​មនុស្ស​ខុសច្បាប់​ទៅ​បរទេស ។​

​ប៉ូលិស​អង់គ្លេស​បាន​ចោទប្រកាន់​អ្នកបើករថយន្ត​ជនជាតិ​អៀឡង់​អាយុ​២២​ឆ្នាំ​នេះ​ពី​បទ​មនុស្សឃាត លាង​លុយ និង ផ្សំគំនិត​ក្នុង​ការជួញដូរ​មនុស្ស​ខុសច្បាប់​៕​ដោយ​៖​សុខា​/sn

ស្រ្តីវៀតណាមយំ និងត្រូវលួងលោមដោយស្រ្តីម្នាក់ទៀត ក្រោយទទួលដំណឹងថា សាច់ញាត់គាត់ម្នាក់ស្លាប់ក្នុងសោកនាដកម្មនៅអង់គ្លេស