វៀតណាម​បើក​សម្ភោ​ធ​រោងចក្រ​ផលិត​គ្រឿងបន្លាស់​យន្តហោះ​ទី​១​របស់ខ្លួន​

719
ចែករម្លែក

​រោងចក្រ​ផលិត​គ្រឿងបន្លាស់​យន្តហោះ​ដំបូង​គេ​របស់​វៀតណាម​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ពហុ​ផលិតផល​របស់​កូរ៉េខាងត្បូង Hanwha Group ត្រូវបាន​សម្ពោធ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​ធ្នូ​នៅ​ទីក្រុង​ហាណូយ​។​

​មាន​ទីតាំងនៅ​សួន​បច្ចេកវិជ្ជា​ខ្ពស់​ហាវ​ឡាក់​នៃ​ទីក្រុង​ហាណូយ ក្រុមហ៊ុន Hanwha Aero Engines នឹង​ផលិត​គ្រឿងបន្លាស់​ម៉ាស៊ីន​យន្តហោះ​សម្រាប់​នាំចេញ​។​

​រោងចក្រ​ដែលមាន​តម្លៃ ២០០ លាន​ដុល្លារ​នេះ ត្រូវគេ​រំពឹងថា​នឹង​ផលិត​ផលិតផល​ដំបូង​របស់ខ្លួន​នៅ​ខែមករា​ឆ្នាំ ២០១៩​។​

​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​នេះ លោក​ង្វៀន វ៉ាន់​ប៊ិ​ញ ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​កណ្តាល​របស់​ប​ក្ស​បាន​និយាយថា គម្រោង​នេះ​នឹង​ក្លាយទៅជា​តំណាង​មួយ​សម្រាប់​ការផ្ទេរ​បច្ចេកវិជ្ជា​ពី​សហគ្រាស​កូរ៉េ​ទៅ​វៀតណាម ដោយ​បើកឱកាស​ដើម្បី​ទទួលបាន​បច្ចេកវិជ្ជា​សំខាន់ៗ​និង​កសាង​សមត្ថភាព​នៅក្នុង​ប្រទេស​វៀតណាម​។​

​លោក​បាន​និយាយថា វា​នឹង​បង្កើត​ឥទ្ធិពល​ហូរហៀរ ដែល​ទាក់ទាញ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ខ្ពស់​នានា​មកពី​កូរ៉េខាងត្បូង និង​បណ្តា​ប្រទេស​ដទៃទៀត​ទៅកាន់​សួន​បច្ចេកវិជ្ជា​ខ្ពស់​ហាវ​ឡាក់​។​

​ប្រធាន​ក្រុមហ៊ុន Hanwha Group លោក គីម សឹង​យឹ​ន បាន​និយាយថា ពួកគេ​គឺជា​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​យន្តហោះ​កូរ៉េខាងត្បូង​តែមួយគត់ ហើយ​ស្ថិត​ក្នុងចំណោម ១០ ក្រុមហ៊ុន​ដែលមាន​បច្ចេកវិជ្ជា​ជឿនលឿន​បំផុត​នៅក្នុង​ពិភពលោក​។​

​អ្នកបច្ចេកទេស​ជាង ៤០ នាក់​មកពី​ក្រុមហ៊ុន Hanwha Group មាន​វត្ត​មាននៅ​រោងចក្រ​នេះ​ដើម្បី​បណ្តុះបណ្តាល​អ្នកបច្ចេកទេស​វៀតណាម​ប្រហែល ២០០ នាក់​។​

​រោងចក្រ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​បង្កើត​ការងារ​សម្រាប់​កម្មករ​រាប់ពាន់នាក់ បណ្តុះបណ្តាល​កម្មករ​ឱ្យមាន​សមត្ថភាព​ខ្ពស់ ផ្ទេរ​ចំណេះធ្វើ និង​រួមចំណែក​ដល់​សមត្ថភាព​បច្ចេកវិជ្ជា​របស់​វៀតណាម​។​

​លោក​គីម​បាន​និយាយថា លោក​សង្ឃឹមថា ជាមួយនឹង​បច្ចេកវិជ្ជា​ទំនើបៗ រោងចក្រ​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​ឧស្សាហកម្ម​អាកាសចរណ៍​របស់​វៀត​ណា​ម​និង​ការផលិត​មាន​ភាពច្បាស់លាស់​។​

​លោក ជូ ង៉ុ​ក​អា​ញ់ រដ្ឋមន្ត្រីក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​បាន​និយាយ​ក្នុង​ពិធី​នេះ​ថា វៀតណាម​នឹង​បន្ត​គាំទ្រ​ដល់​ក្រុមហ៊ុន Hanwha ក្នុងអំឡុង​ការធ្វើ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នាពេល​អនាគត​។​

​រហូតមកទល់​បច្ចុប្បន្ន សួន​បច្ចេកវិជ្ជា​ខ្ពស់​ហាវ​ឡាក់​មាន​គម្រោង​វិនិយោគ​ចំនួន ៨៧ ជាមួយនឹង​ដើមទុន​ចុះបញ្ជី​សរុប​ចំនួន ៧៨ លាន​លាន​ដុង (៣,៣៥ ពាន់​លាន​ដុល្លារ​)៕ ដោយ៖ កញ្ញាដាលីស

សួន​បច្ចេកវិជ្ជា​ខ្ពស់​ហាវ​ឡាក់​មាន​គម្រោង​វិនិយោគ​ចំនួន ៨៧ ជាមួយនឹង​ដើមទុន​ចុះបញ្ជី​សរុប​ចំនួន ៧៨ លាន​លាន​ដុង