វៀតណាម​ប្រកាសថា​នឹង​ខ្វះ​ថាមពល​អគ្គិសនី​ធ្ងន់ធ្ងរ​ចាប់ពី​ឆ្នាំ ២០២១

308
ចែករម្លែក

ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​ពុធ​ទី​៣១​កក្កដា​ថា វៀតណាម​នឹង​ប្រឈមមុខ​នឹង​កង្វះ​ថាមពល​អគ្គិសនី​យ៉ាងធ្ងន់ធ្ងរ​ចាប់ពី​ឆ្នាំ ២០២១ ខណៈដែល​តម្រូវការ​អគ្គិសនី​កើនឡើង​លឿន​ខ្លាំង​ជាង​ការបង្កើត​រោងចក្រ​ថាមពល​អគ្គិសនី​ថ្មីៗ​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អាចធ្វើឱ្យ​រាំងស្ទះ​ដល់​លំហូរ​វិនិយោគ​បរទេស​ចូលទៅ​ក្នុងប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​បំផុត​មួយ​នៅ​អាស៊ី​ហើយនឹង​ប៉ះពាល់​ដល់​ឋានៈ​វៀតណាម​ក្នុងនាម​ជា​អ្នកទទួល​ផលចំណេញ​ធំ​បំផុត​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាម៉េរិក​និង​ចិន​។​

​ក្រសួង​បាន​និយាយថា តម្រូវការ​អគ្គិសនី​របស់​វៀតណាម​នឹង​លើស​ការផ្គត់ផ្គង់​របស់​ខ្លួន​ចំនួន ៦,៦ ពាន់​លាន​គីឡូវ៉ាត់ម៉ោង​នៅត្រឹម​ឆ្នាំ ២០២១ ដែល​តួលេខ​នេះ​នឹង​កើនឡើង​ដល់ ១៥ ពាន់​លាន​គីឡូវ៉ាត់ម៉ោង​នៅ​ឆ្នាំ ២០២៣ ស្មើនឹង​ប្រមាណ ៥​ភាគរយ​នៃ​តម្រូវការ​អគ្គិសនី​នៅ​ឆ្នាំ​នោះ ដែល​ព្យាករណ៍​សម្រាប់​ប្រទេស​ទាំងមូល​។

​ក្រសួង​បាន​ប្រាប់​រ៉​យ​ទ័​រថា ក្រៅពី​បញ្ហា​ខ្វះខាត​អគ្គិសនី គម្រោង​ថាមពល​ជាច្រើន​នៅ​វៀតណាម​កំពុង​ប្រឈម​នឹង​ការពន្យារពេល​ដ៏​យូរ​ផងដែរ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួង​បានឱ្យដឹងថា “​ក្រុមហ៊ុន​អភិវឌ្ឍន៍​កំពុង​ប្រឈម​នឹង​ការលំបាក​ក្នុងការ​ទទួលបាន​មូលនិធិ​គ្រប់គ្រាន់​ពី​ប្រភព​ក្នុងស្រុក​ហើយ​រដ្ឋាភិបាល​បាន​រឹតត្បិត​ការធានា​របស់ខ្លួន​សម្រាប់​ប្រាក់កម្ចី​បរទេស​”​។​

​សេចក្តីថ្លែងការណ៍​នេះ​បន្ថែមថា ប្រទេស​វៀតណាម​នឹងត្រូវ​ការ​ថវិកា​ជា​មធ្យម​ចំនួន ៦,៧ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដើម្បី​ពង្រីក​សមត្ថភាព​ផលិត​ថាមពល​ប្រចាំឆ្នាំ​របស់ខ្លួន​ចំនួន ១០ ភាគរយ​នៅ​ចន្លោះ​ឆ្នាំ ២០១៦ និង ២០៣០ ។​

​សេចក្តីថ្លែងការណ៍​នេះ​បានឱ្យដឹង​ទៀតថា “​នេះ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ ដោយសារ​តម្លៃ​អគ្គិសនី​បច្ចុប្បន្ន​នៅ​ប្រទេស​វៀតណាម​សឹងតែ​មិន​អាចឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​រកប្រាក់​ចំណេញ​បាន​”​។​

​កាលពី​ខែមិថុនា ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយថា គម្រោង​ចំនួន ៤៧ ក្នុងចំណោម​គម្រោង​ថាមពល​អគ្គិសនី​ចំនួន ៦២ របស់​វៀតណាម ដែល​ផលិត​អគ្គិសនី​កម្លាំង ២០០ មេ​ហ្កា​វ៉ា​ត់ (MW) ឬ​ច្រើនជាង​នេះ​បាននិងកំពុង​ប្រឈម​នឹង​ការពន្យារពេល យ៉ាងហោចណាស់​ក៏​យឺត​ជាង​កាលកំណត់ ២ ឆ្នាំ​ដែរ​។​

​យោងតាម​ទិន្នន័យ​រដ្ឋាភិបាល ដោយសារ​វៀតណាម​មាន​ប្រជាជន ៩៦ លាន​នាក់​និង​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ប្រចាំឆ្នាំ​ប្រមាណ ៧​ភាគរយ ដែល​ជំរុញ​ដោយ​ការវិនិយោគ​និង​ការនាំ​ចេញទៅ​បរទេស​ដ៏​រឹងមាំ​នោះ ការផលិត​ថាមពល​របស់​វៀតណាម​នឹងត្រូវ​ការកើនឡើង​ពី​ប្រមាណ ៤៨.៦០០ មេ​ហ្កា​វ៉ា​ត់​បច្ចុប្បន្ន​ដល់ ៦០.០០០ មេ​ហ្កា​វ៉ា​ត់​នៅ​ឆ្នាំ ២០២០ និង ១២៩.៥០០ មេ​ហ្កា​វ៉ា​ត់​នៅ​ឆ្នាំ ២០៣០៕ ដោយ៖ កញ្ញាដាលីស/Ha

ចាប់ពី​ឆ្នាំ​២០២១ វៀតណាម​នឹង​ប្រឈម​កង្វះ​អគ្គិសនី​ធ្ងន់ធ្ងរ