វៀតណាម​ប្រហារជីវិត​បុរស​ឡាវ​ចំពោះ​ការ​លួច​នាំ​ចូល​ថ្នាំញៀន​៣០០​គីឡូក្រាម​

540
ចែករម្លែក

បុរស​ឡាវ​វ័យ​២៤​ឆ្នាំ​ម្នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែតុលា​ឆ្នាំ​មុន​ជាមួយនឹង​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីនជាង​៣០០​គីឡូក្រាម​នៅ​វៀតណាម​កណ្តាល​ត្រូវបាន​កាត់ទោស​ប្រហារ​​ជីវិត​កាលពី​ថ្ងៃ​ពុធ​ទី​២៨​សីហា​។​

​សេង វ៉ាង ត្រូវបាន​តុលាការ​ខេត្ត​ក្វាង ប៊ិញ រកឃើញ​មាន​ទោសកំហុស​ចំពោះ​ការ​លួច​នាំ​ចូល​សារធាតុ​ញៀន​ខុសច្បាប់​។​

​វ៉ាង បាន​ប្រាប់​ប៉ូលិស​ថា​ខ្លួន​បាន​ស្គាល់​បុរស​វៀតណាម​ម្នាក់​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៨​ហើយ​ជនជាតិ​វៀតណាម​នោះ​បាន​ជួល​ខ្លួន​អោយ​នាំ​ថ្នាំញៀន​ទៅ​កាន់​ក្រុង​ដា​ណាំ​ង​​នៅ​វៀតណាម​កណ្តាល ជាមួយនឹង​ថ្លៃឈ្នួល​១​ម៉ឺន​ដុល្លារ​។​

បុរស​ឡាវ សេង វ៉ាង ឈរ​ក្នុង​សវនាការ​ក្នុង​ខេត្ត ក្វា​ង ប៊ិញ កាលពី​ថ្ងៃ​២៨ សីហា​

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​១២​តុលា ឆ្នាំ​២០១៨ វ៉ា​ង​បាន​បើក​រថយន្ត​មួយ​នៅតាម​ផ្លូវ​ជាតិ​1A​ទៅ​កាន់​ក្រុង​ដា​ណាំង​ជាមួយ​មិត្ត​វៀតណាម​ឈ្មោះ​ជី​ញ​។​ពួកគេ​ត្រូវ​ប៉ូលិស​ឃាត់​ចំពោះ​​ការបើក​លឿន​។​ពួកគេ​បាន​ព្យាយាម​សូក​ប៉ូលិស តែ​ពេល​ប៉ូលិស​មិន​ទទួល​ពួកគេ​ក៏​នាំគ្នា​រត់​ចូល​ព្រៃ​។​

​ក្នុង​រថយន្ត ប៉ូលិស​បាន​រកឃើញ​ថ្នាំ​ញៀន​៣០៨,៦​គីឡូក្រាម លាក់​ក្នុង​កញ្ចប់​តែ​។​

​ក្រោយ​ការរត់​គេ​ខ្លួន​អស់​ពេល​ជិត​១​ថ្ងៃ វ៉ាង​ត្រូវបាន​ចាប់ខ្លួន ខណៈ​បុរស​វៀតណាម​ឈ្មោះ​ជី​ញ នៅ​គេចខ្លួន​នៅ​ឡើយ​ដល់​សព្វថ្ងៃ​។​

​សូប​បញ្ជាក់ថា វៀតណាម​បាន​ក្លាយ​ជា​មណ្ឌល​ជួញដូរ​ថ្នាំញៀន​ដ៏​សំខាន់​មួយ​មក​ពី​តំបន់​ត្រីកោណមាស​ទោះជា​មានច្បាប់​ប្រឆាំង​ថ្នាំញៀន​តឹងរឹង​បំផុត​មួយ​ក្នុងចំណោម​ច្បាប់​​ប្រឆាំង​ថ្នាំញៀន​តឹងរឹង​បំផុតៗ​នៅក្នុង​លោក​។​ជន​ណា​ដែល​មាន​ឬ​លួច​នាំ​ចូល​ថ្នាំញៀន​ហេ​រ៉ូ​អ៊ីន ឬ​កូកាអ៊ីន​ចាប់ពី​៦០០​ក្រាម​ឡើង​ឬ​មេតំ​ហ្វេ​តា​មីន​២,៥​គីឡូក្រាម​ឡើង​នឹងប្រ​​ឈម​ការដាក់ទោស​ប្រហារជីវិត​។​

​កាលពី​ថ្ងៃ​៣១​ឧសភា​ឆ្នាំ​នេះ បុរស​ឡាវ​ម្នាក់ទៀត​ក៏​ត្រូវ​តុលាការ​ខេត្ត​ង៉េ​អាន​ភាគ​កណ្តាល​កាត់ទោស​ប្រហារជីវិត​ចំពោះ​ការនាំ​ថ្នាំញៀន​១០,៧​គីឡូក្រាម​ចូល​ក្នុង​ប្រទេស​វៀតណាម​៕​ដោយ​៖​វាសនា​