វៀតណាម​ប្រុង​ខ្ចី​លុយ​ឥណ្ឌា​៥០០​លាន​ដើម្បី​ទិញ​សព្វាវុធ​តតាំង​ជាមួយ​សកម្មភាព​វា​នា​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​

2338
ចែករម្លែក

​វៀតណាម​មាន​ផែនការ​សុំ​ការគាំទ្រ​ពី​ឥណ្ឌា​ក្នុង​ជម្លោះទឹកដី​របស់ខ្លួន​ជាមួយ​ចិន​នៅក្នុង​ជំនួប​សន្តិសុខ​នា​ខែ​នេះ​រវាង​ប្រទេស​ទាំង​ពីរ នៅពេល​ភាព​តានតឹង​អំពី​ការអះអាង​​អធិបតេយ្យភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​មើលទៅ​ហាក់​ស្ងប់ស្ងាត់​តែ​វា​កាន់តែ​តានតឹង​ឡើង​។​

នាវាចិននៅក្នុងសមុទ្រចិនខាងត្បូង

តាមពិត​ភាព​តានតឹង​រវាង​វៀតណាម​និង​ចិន​បាន​កើនឡើង​ពេញ​មួយ​ឆ្នាំ​នេះ ដោយសារ​តែ​អ្វី​ដែល​វៀតណាម​អះអាងថា​ជា​ការទន្ទ្រាន​ចូល​នៃ​នាវា​ចិន​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​​មុខ​របស់​ខ្លួនៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​ហៅ​សមុទ្រ​ខាងកើត​។​បើ​តាម​សារព័ត៌មាន​express.co.uk ចាប់តាំងពី​ដើម​ឆ្នាំ​មក នាវា​ចិន​២៨​គ្រឿង​បាន​ចូលក្នុង​​ដែនទឹក​ដែល​ត្រួតត្រា​ដោយ​វៀតណាម តែ​ក៏​អះអាង​ជា​កម្មសិទ្ធិ​ដោយ​ចិន​។​ប្រការនេះ​នាំអោយ​មាន​ការតវ៉ា​ប្រឆាំង​យ៉ាង​ក្រេវក្រោធ​ពី​រដ្ឋាភិបាល​វៀតណាម ដែល​បាន​បញ្ជូន​ការ​​តវ៉ា​ការទូត​ជាង​៤០​ទៅកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​បើ​តាម​សារព័ត៌មាន​ខាង​លើ ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​ឥណ្ឌា លោក​ផាំ សាញ់ ចា​វ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​ជូនដំណឹង​ដល់​ចិន​ថា «​គេ​​មិនគួរ​រំលោភ​ដែនទឹក​របស់​យើង​និង​គួរ​ដក​នាវា​ទាំងអស់​អោយបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​»​។​

​លោក​ទូត បាន​និយាយថា​រដ្ឋាភិបាល​មាន​ផែនការ​ពិភាក្សា​អំពី​ការ​ជ្រៀតចូល​នេះ​ជាមួយ​ឥណ្ឌា នៅក្នុង​ជំនួប​សន្តិសុខ​ប្រចាំឆ្នាំ​នា​ពេល​ខាង​មុខ​នៅ​ក្រុង​ហូជីមិញ​។​

​វត្តមាន​នាវា​ចិន​ក៏​នៅ​ជិត​នឹង​ដែនទឹក​កន្លែង​ដែល​ក្រុមហ៊ុន​ថាមពល​ឥណ្ឌា​ONCG Videsh​កំពុង​ធ្វើ​អាជីវកម្ម​រុករក​ប្រេង​និង​ឧស្ម័ន​ផងដែរ​។​

​វៀតណាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ឥណ្ឌា​ហើយ​រដ្ឋាភិបាល​ទាំង​ពីរ​មាន​ផែនការ​ពិភាក្សា​អំពី​បញ្ហា​ជា​ច្រើន​ចាប់​ពី​សន្តិសុខ​ដល់​ពាណិជ្ជកម្ម​និង​ការវិនិយោគ ព្រមទាំង​កិច្ចសហការ​​លើ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​។​តែ​របៀប​វារ​កំពូល គឺ​ការសុំ​ខ្ចី​លុយ​ឥណ្ឌា​៥០០​លាន​ដុល្លារ​ដើម្បី​ទិញ​សព្វាវុធ នេះ​បើ​តាម​express.co.uk​។​

​វៀតណាម​និង​ចិន​មាន​ប្រវត្តិ​ឈ្មោះ​គ្នា​អំពី​ប្រភព​ថាមពល​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​កាលពី​ឆ្នាំ​២០១៤​ចិន​បាន​បញ្ជូន​សំណង់​រុករក​ប្រេង​Haiyang Shiyou 981​ទៅកាន់​​តំបន់​នោះ​ដោយ​បង្ក​កុបកម្ម​ប្រឆាំង​ចិន​នៅ​វៀតណាម​។​នៅ​ឆ្នាំ​នេះ វៀតណាម​បាន​បង្ខំ​អោយ​នាវា​រុករក​ប្រេង​ចិន​មួយ​ចាក​ចេញពី​តំបន់​វែន​ហ្កា​ត ប៊ែង ក្នុង​សមុទ្រ​ចិន​ខាងត្បូង​​កន្លែង​ដែល​ខ្លួន​កំពុង​ធ្វើ​អាជីវកម្ម​ប្រេង​ក្រោម​បាតសមុទ្រ​។​

​បច្ចុប្បន្ន​វៀតណាម​ក៏​កំពុង​រក​ភស្តុ​ង​តាម​មក​បញ្ជាក់​របាយការណ៍​ដែលថា សំណង់​អណ្តូងប្រេង​មួយ​របស់​ចិន​កំពុង​មាន​វត្តមាន​នៅក្នុង​សមុទ្រ​ខាងកើត​(​សមុទ្រ​ចិន​ខាងត្បូង​)​។​​យោង​តាម​សារព័ត៌មាន​vnexpress អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម ឡេ ធី ហាង បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​តុលា​ថា ការប្រកាស​ដោយ​អង្គការ​បក្ស​ចិន​មួយ​​ដែល​ថា​សំណង់​អណ្តូង​ប្រេង​Haiyang Shiyou 982​ត្រូវបាន​បញ្ជូន​មក​កាន់​សមុទ្រ​ចិន​ខាងត្បូង​កំពុង​ត្រូវ​ស្វះស្វែង​រក​ការបញ្ជាក់​ថា​វា​ត្រូវបាន​បញ្ជូន​មក​កាន់​ទី​តាំង​ណា​ជាក់​​លាក់​។​

​របាយការណ៍​អះអាង​បាន​និយាយថា​អណ្តូង​ប្រេង Haiyang Shiyou 982 បានធ្វើ​សកម្មភាព​អាជីវកម្ម​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ចាប់តាំងពី​ថ្ងៃ​២១​កញ្ញា​នៅ​តំបន់​ដែល​មាន​​ជំរៅ​ទឹក​៣.០០០​ម៉ែត្រ​។​

vnexpress បាន​និយាយថា ការប្រកាស​ស្វែងរក​សំណង់​ធ្វើ​អាជីវកម្ម​ប្រេង​ទឹក​ជ្រៅ​នេះ​កើតឡើង​ចំ​ពេល​មាន​របាយការណ៍​ថា នាវា​រុករក​ប្រេង​ចិន Haiyang Dizhi 8​និង​នាវា​​អម​របស់​វា​ពង្រីក​ប្រតិបត្តិការ​របស់​វា​ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​វៀតណាម​។​

​ទោះជា​យ៉ាងណា រាល់​សកម្មភាព​នាវា​និង​អណ្តូងប្រេង​របស់​ចិន ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អះអាងថា​ត្រូវបាន​ធ្វើ​ហើយ​នឹង​ត្រូវ​ធ្វើឡើង​នៅក្នុង​ដែន​អធិបតេយ្យភាព​របស់​​ចិន​តែប៉ុណ្ណោះ​៕​ដោយ​៖​វាសនា​