វៀតណាម​ផ្អាក​នាំចេញ​អង្ករ​ដើម្បី​ធានា​សន្តិសុខ​ស្បៀង​

95
ចែករម្លែក

​គយ​វៀតណាម​បាន​ឈប់​ចេញ​លិខិតអនុញ្ញាត​សំរាប់​ការនាំចេញ​អង្ករ​ដើម្បី​ធានា​សន្តិសុខ​ស្បៀង​នៅពេល​ជម្ងឺ​កូវី​ត​១៩​កាន់តែ​បង្កើន​ចំនួន​អ្នក​ឆ្លង​នៅ​ក្នុងប្រ​​ទេ​ស​នេះ​។​

​ការសំរេច​មួយ​ចេញ​ដោយ​អគ្គនាយករង​គយ ម៉ា​យ សួន ថាញ់ បាន​ស្នើសុំ​នាយកដ្ឋាន​គ​យ​ខេត្ត​ក្រុង​ទាំងអស់​ឈប់​ចេញ​លិខិត​នាំចេញ​អង្ករ​ចាប់ពី​ថ្ងៃ​អង្គារ​ទី​២៤​មីនា​។​

​ការសំរេចចិត្ត​នេះ​កើត​ឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​វៀតណាម​ចេញ​បញ្ជា​នៅ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​អោយ​ធានា​សុវត្ថិភាព​ស្បៀង​ចំ​ពេល​មាន​ការវិវត្តន៍​កាន់​​តែ​ស្មុគស្មាញ​អំពី​ជម្ងឺ​កូវី​ត​១៩​។​

​ទោះជា​យ៉ាងណា ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​បាន​ស្នើសុំ​នាយ​ក​រដ្ឋមន្ត្រី​ពន្យារពេល​អនុវត្ត​ការផ្អាក​នេះ ខណៈ​មាន​ការតវ៉ា​ពី​បណ្តា​ក្រុមហ៊ុននាំចេញ​ដោយ​​សារ​តែ​ភាព​បន្ទាន់​នៃ​ការផ្អាក​នេះ​។​ក្រសួង​បាន​និយាយថា ខ្លួន​នឹង​វាយ​តំលៃ​ទិន្នផល​ជាក់ស្តែង​នៃ​ផល​ស្រូវប្រាំង បរិមាណ​អង្ករ​ត្រូវ​នាំ​ចេញ​ដែល​ចុះ​កិច្ចសន្យា​​ហើយ និង​បរិមាណ​ក្នុង​ឃ្លាំង​ពិតប្រាកដ​មុន​ស្នើសុំ​ដំណោះស្រាយ​មួយ​។​

​វៀតណាម​បច្ចុប្បន្ន​ជា​ប្រទេស​នាំចេញ​អង្ករ​ធំ​បំផុត​លំដាប់​ទី​៣​ក្នុង​លោក​បន្ទាប់ពី​ឥណ្ឌា​និង​ថៃ​។​កាលពី​ឆ្នាំមុន ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​នាំចេញ​​អង្ករ​៦,៣៧​លាន​តោន តំលៃ​២.៨១០​លាន​ដុល្លារ​៕​ប្រែ​សម្រួល​៖​វាសនា​

​នៅ​២​ខែ​មកនេះ ការនាំចេញ​អង្ករ​វៀតណាម​កើនឡើង​ដោយសារ​ពិភពលោក​ជួប​ជម្ងឺ​កូវី​ត​១៩