វៀតណាម​រកឃើញ​ស្រកាពង្រូល​និង​ភ្លុក​មួយ​តោន​ក្នុងឡាំងអីវ៉ាន់​

777
ចែករម្លែក

អាជ្ញាធរវៀតណាមកាលពីថ្ងៃសុក្រសប្តាហ៍មុនបានរកឃើញស្រកាពង្រូលនិងភ្លុកទម្ងន់ជិតមួយតោនដែលត្រូវបានដឹកតាមយន្តហោះមកពីប្រទេសនីហ្សេរីយ៉ា។

កាចាប់បានលើកចុងក្រោយនេះជាភស្តុតាងនៃការអនុវត្តច្បាប់ប្រឆាំងជំនួញសត្វព្រៃនៅទន់ខ្សោយនៅក្នុងប្រទេសវៀតណាម ដែលពួកអ្នកជំនាញបានបន្ទោសលើការអនុញ្ញាតអោយមានទីផ្សារងងឹតសំរាប់ជំនួញសត្វព្រៃ។

បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានក្លាយជាផ្លូវឆ្លងកាត់សម្រាប់ភ្លុកដែលត្រូវបានជួញដូរមកពីអាហ្រ្វិកមកកាន់ផ្នែកផ្សេងៗនៃទ្វីអាស៊ី ជាពិសេសចិន។

ពង្រូលជាសត្វមានតំលៃនៅវៀតណាមនិងនៅក្នុងតំបន់ដោយសារតែសាច់និងការយកស្រកាវាធ្វើថ្នាំ។

វៀតណាមហាមប្រាមជំនួញភ្លុកដំរីនិងកុយរមាស ព្រមទាំងស្រកាពង្រូល តែជំនួញលួចលាក់នៅតែមាន។

កាលពីថ្ងៃសុក្រទី២៨កញ្ញានៅអាកាសយានដ្ឋានណូយបៃ ក្នុងក្រុងហាណូយ ពួកមន្រ្តីបានរកឃើញក្រសាពង្រូលទម្ងន់៨០៥គីឡូក្រាមព្រមទាំងភ្លុកនិងផលិតផលធ្វើពីភ្លុកទម្ងន់១៩៣គីឡូក្រាមនៅក្នុងឡាំងជាងម្ភៃ។ទំនិញនេះត្រូវបានបញ្ជូនមកពីក្រុមហ៊ុន២នៅនីហ្សេរីយ៉ានិងបានមកដល់តាំងពីថ្ងៃ២១កញ្ញាតែមិនមានអ្នកមកទទួលទេ។

វៀតណាមហាមប្រាមជំនួញភ្លុកនៅឆ្នាំ១៩៩២ តែជំនួញខុសច្បាប់នេះនៅតែមាន។កាលពីឆ្នាំមុន ប៉ូលិសបានចាប់បានភ្លុកទម្ងន់២,៧តោននៅក្នុងខេត្តថាញ់ហ័រ និងកាលពីខែតុលាឆ្នាំ២០១៦ មន្រ្តីគយចាប់បានភ្លុកទម្ងន់៣,៥តោននៅកំពង់ផែក្រុងហូជីមិញ៕ដោយ៖វាសនា