វៀតណាម​រឹតត្បិត​មនុស្ស​មកពី​តំបន់​ផ្ទុះ​Covid-19 នៅពេល​វីរុស​ចាប់ផ្តើម​វាយប្រហារ​ឧស្សាហកម្ម​កាត់ដេរ​និង​ទេសចរណ៍​របស់​ខ្លួន​

147
ចែករម្លែក

បណ្តា​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​វៀតណាម​នឹង​ប្រឈម​ការខ្វះខាត​វត្ថុ​ធាតុ​ដើម​ធ្ងន់ធ្ងរ​ចាប់ពី​ត្រីមាស​ទី​២​នៃ​ឆ្នាំ​នេះ ​ដោយសារ​តែ​កូរ៉ូណា​វីរុស​ថ្មី​​រារាំង​ដល់​បណ្តាញ​ផ្គត់ផ្គង់​របស់​គេ នេះ​បើ​តាម​ការអះអាង​របស់​ប្រធាន​សមាគម​វាយនភណ្ឌ​និង​សម្លៀក​បំពាក់​វៀតណាម​កា​លពី​ថ្ងៃ​អង្គារ​ទី​២៥​កុម្ភៈ​។​

​សម្លៀក​បំពាក់​និង​វាយ​ន​ភណ្ឌ​គឺជា​ទំនិញ​នាំចេញ​រក​ចំណូល​ធំ​លំដាប់​ទី​៣​របស់​វៀតណាម បន្ទាប់​ពី​ស្មា​ត​ហ្វូន​និង​គ្រឿង​អេ​ឡិច​ត្រូនិច​។​បណ្តា​ក្រុមហ៊ុន​ផលិត​សម្លៀក​​បំពាក់​នៅក្នុង​ប្រទេស​អា​ស៊ី​អាគ្នេយ៍​មួយ​នេះ ពឹង​ភាគច្រើន​លើ​វត្ថុធាតុដើម​ពី​ចិន កន្លែង​ដែល​វីរុស​បាននិងកំពុង​បង្អាក់ដំណើរ​ការផលិត​កម្ម​។​

​បើ​តាម​លោក វូ ឌឹ​ក យ៉ាង ប្រធាន​សមាគម​នេះ បានឲ្យដឹងថា បណ្តា​ក្រុមហ៊ុន​សហគ្រាស​ក្នុងស្រុក​មាន​វត្ថុធាតុដើម​គ្រប់គ្រាន់​ត្រឹម​ចុង​ត្រីមាស​ទី​១ ហើយ​​ក្រុមហ៊ុន​ជាច្រើន​ប្រឈម​ការខ្វះខាត​វត្ថុធាតុដើម​ធ្ងន់ធ្ងរ​នៅ​ត្រីមាស​ទី​២​ដោយ​មាន​មាន​បញ្ហា​នាំ​ចូល​មក​ពី​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​។​

​សូម​រំលឹក​ថា អ្នក​ឆ្លង​វីរុស​Covid-19​ទាំង​១៦​នាក់​នៅ​វៀតណាម​ត្រូវបាន​ព្យាបាល​ជា​និង​ចេញ​ពី​មន្ទីរពេទ្យ​អស់ហើយ និង​មិន​មាន​ការឆ្លង​ថ្មី​ទេ​ចាប់តាំងពី​ថ្ងៃ​១៣​កុម្ភៈ​មក​។​

​ទោះជា​យ៉ាងណា វៀតណាម​ហាក់​ចាត់វិធានកា​រ​រឹតបន្តឹង​ថ្មី​និង​ខ្លាំង​ជាង​មុន ដោយ​កាលពី​ថ្ងៃ​អង្គារ នាយករដ្ឋមន្ត្រី​វៀតណាម​បាន​និយាយថា​គ្មាន​នរណាម្នាក់​​មកពី​តំបន់​ផ្ទុះ​ជំងឺ​Covid-19 នឹងត្រូវ​អនុញ្ញាត​ឲ្យ​ចូល​វៀតណាម​ទេ​។​ ​

​នាយករដ្ឋមន្ត្រី​ង្វៀន សួន​ហ្វ៊ុក បាន​ស្នើ​ឲ្យ​ក្រសួងការបរទេស​អនុវត្ត​គោលនយោបាយ​ថ្មី​ចំពោះ​កូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ ជប៉ុន​និង​ប្រទេស​រួម​តំបន់​ដែល​​រាយការណ៍​អំពី​ការផ្ទុះ​ជំងឺ​Covid-19 ,​នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​វៀត​ណា​ម។​

​ពលរដ្ឋ​នៃ​ប្រទេស​ដែល​រង​ការវាយប្រហារ​ដោយ​Covid-19 ទោះ​ជា​មក​នៅ​កន្លែង​មិនមាន​កើត​វីរុស​នេះ​ក្តី នឹង​តម្រូវឲ្យ​បង្ហាញ​លិខិត​ប្រកាស​ស្តីពី​សុខភាព​និង​​បំពេញបែបបទ​ចាំបាច់​បន្ថែម​នៅ​ពេល​ចូល​វៀតណាម​។​

​ចំណែក​ពលរដ្ឋ​វៀតណាម​មកពី​តំបន់​ផ្ទះ​ជំងឺ​នៅ​ចិន អាច​វិល​មក​ស្រុក​តែ​ត្រូវធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​នៅ​ពេល​មកដល់​ប្រទេស​វៀតណាម​។​

​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ កាលពី​ថ្ងៃ​ពុធ​ទី​២៦​កុម្ភៈ​វៀតណាម​បានចាប់ផ្តើម​ហាម​មិនឲ្យទេសចរ​កូរ៉េ​ខាងត្បូង​មកពី​តំបន់​កើត​Covid-19​ចូល​​ក្នុងប្រទេស​ខ្លួន​ទេ ដែល​នេះ​ជាការ​វាយ​សំពង​មួយ​ព្រនង់​ទៀត​លើ​វិស័យ​ទេសចរណ៍​ដែល​រងគ្រោះ​រួចជាស្រេច​ហើយ​ដោយសារ​បាត់​ទេសចរ​ចិន​។​

​រដ្ឋាភិបាល​បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា មនុស្ស​មកពី​តំបន់​ទាំងនោះ​ហើយ​ត្រូវ​ចូល​វៀតណាម​សម្រាប់​ហេតុផល​ផ្សេងៗ​ត្រូវតែ​ធ្វើ​ចត្តា​ឡី​ស័ក​(​នៅ​ដាច់​ពី​គេ​)១៤​ថ្ងៃ​នៅពេល​ចូលមក​ដល់​វៀតណាម​។​

​ចំណាត់ការ​រឹតបន្តឹង​របស់​វៀតណាម​នេះ​ត្រូវបាន​អនុវត្ត​បន្ទាប់ពី​មាន​បញ្ជា​ពី​នាយករដ្ឋមន្ត្រី និង​ចំនួន​អ្នក​ឆ្លង​Covid-19 នៅ​កូរ៉េ​ខា​ត្បូង​កើន​ឡើង​ជាង​១.១០០​នាក់​។​

​សារព័ត៌មាន​រដ្ឋ​វៀតណាម​បាន​និយាយថា កូរ៉ូណា​វីរុស​នេះ​អាច​នាំអោយ​វិស័យ​ទេសចរណ៍​វៀតណាម​ខាតបង់​ពី​៥,៩​ទៅ​៧,៧​ពាន់​លាន​ដុល្លារ សម្រាប់​ពេល​៣​ខែ​ទៅ​​មុខ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

បុគ្គលិក​វេជ្ជសាស្ត្រ​វៀតណាម​នៅ​ក្រុង​ដា​ណាំង បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ​វ៉ា​លី​ស​របស់​អ្នកដំណើរ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​២៤​កុម្ភៈ​