វៀតណាម​សន្យា​ចែករំលែក​បទពិសោធន៍​អភិវឌ្ឍន៍​ជា​មួយ​កូរ៉េខាងជើង​

367
ចែករម្លែក
  • 20
    Shares

​រដ្ឋមន្ត្រីការបរទេស​វៀតណាម​បាន​និយាយថា​ប្រទេស​វៀតណាម​មាន​ឆន្ទៈ​ចែករំលែក​ជាមួយ​កូរ៉េ​ខាងជើង​នូវ​បទពិសោធន៍​របស់​ខ្លួន​នៅក្នុង​ការអភិវឌ្ឍ​ជាតិ​និង​សមាហរណកម្ម​​អន្តរជាតិ​។​

​លោក ផាំ ប៊ីញ មី​ញ (Pham Binh Minh)​រដ្ឋមន្ត្រី​ការបរទេស​និង​ជា​ឧបនាយករដ្ឋមន្ត្រី​វៀតណាម​ផងដែរ​បាន​និយាយ​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​៣​ថ្ងៃ​របស់​លោក​ទៅ​កាន់​​ទីក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េខាងជើង ចាប់ពី​ថ្ងៃទី​១២​ខែ​កុម្ភៈ​ថា ជំហរ​របស់​វៀតណាម​គឺ​គាំទ្រ​ការចរចា​ដើម្បី​រក្សា​សន្តិភាព​សន្តិសុខ​និង​ស្ថិរភាព​នៅ​ឧបទ្វីប​នេះ​និង​ចូលរួម​​យ៉ាង​សកម្ម​ក្នុង​កិច្ចដំណើរការ​នេះ​។​

​ក្រសួងការបរទេ​សវៀ​ត​ណា​ម បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស លោក រី យ៉ុង ហូ និង លោក រី​ស៊ូ យ៉ុង អនុប្រធាន​​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​កម្មករ​កូរ៉េ​។​លោក រី យ៉ុង ហូ​បាន​អរគុណ​វៀតណាម​ចំពោះ​ជំហរ​និង​កិច្ច​ខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការជំរុញ​កិច្ចចរចា​សម្រាប់​សន្តិភាព​​នៅ​ឧបទ្វី​កូរ៉េ​នេះ​។​

​លោក​បាន​និយាយថា​ប្រទេស​របស់​លោក​ចង់​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​ស្រប​តាម​ស្ថានភាព​ថ្មី​ជា​ពិសេស​នៅ​ឆ្នាំ​២០២០ នៅពេល​ដែល​ប្រទេស​ទាំង​២​ប្រារព្ធ​ខួប​ទី​៧០​នៃ​​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។​

​លោក​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ​កាលពី​ខែវិច្ឆិកា​ហើយ​បាន​ជួបពិភាក្សា​ជាមួយ លោក ផាំ ប៊ីញ មី​ញ​។​

​ដំណើ​រទស្ស​និច្ច​របស់លោក លោក ផាំ ប៊ីញ មី​ញ​ទៅកាន់​កូរ៉េខាងជើង កើត​ឡើង​នៅ​មុន​ជំនួប​កំពូល​ដែល​បាន​គ្រោងទុក​នៅ​ខែ​នេះ រវាង​ប្រនាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ​និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅ​ទីក្រុង​ហាណូយ​៕​ដោយ​៖​សុខា​/sn

លោក ផាំ ប៊ីញ មី​ញ (​រូប​ស្តាំ​) ចាប់​ដៃ​ជាមួយ​លោក រី ស៊ូ យ៉ុង នៅ​ទីក្រុង​ព្យុង​យ៉ាង​កាលពី​ថ្ងៃទី​១៣​ខែ​កុម្ភៈ ឆ្នាំ​២០១៩

#