វៀតណាម​សម្លាប់​ជ្រូក​ចោល​ចំនួន​២​លាន​ក្បាល ខណៈ​ដែល​ប៉េស្ត​ជ្រូក​អាហ្វ្រិកគំរាមកំហែង​កសិដ្ឋានៗ​ធំ​

576
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​វៀតណាម​បាន​និយាយថា វៀតណាម​សម្លាប់​ជ្រូក​ចោល​ចំនួន​២​លាន​ក្បាល​ដែល​បាន​ឆ្លង​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​នេះ ខណៈ​ដែល​វីរុស​នៃ​ជំងឺ​នេះ ​នៅតែ​បន្ត​ឆ្លង​រាលដាល​។​

​លោក Nguyen Xuan Cuong រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​បាន​និយាយ​នៅ​សម័យប្រជុំ​សភាជាតិ​កាលពី​ថ្ងៃ​សុក្រ​ទី​៣១​ឧសភា​ថា ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​​អាហ្វ្រិក ដែល​បាន​ចូល​ប្រទេស​វៀតណាម​នៅ​ដើមខែ​កុម្ភៈ បាន​ឆ្លង​រាលដាល​ដល់​៤៨​ខេត្ត​-​ក្រុង​ក្នុងចំណោម​៦៣​ខេត្ត​-​ក្រុង​នៅ​ប្រទេស​វៀតណាម​។​

​លោក​បាន​និយាយថា “​នេះ​ជា​បញ្ហា​ធំ ដែល​មិន​ធ្លាប់​ជួប​ពី​ពេល​មុន​នៅក្នុង​ឧស្សាហកម្ម​កសិកម្ម នៅលើ​ពិភពលោក​។​បើ​គ្មាន​វិធី​និង​ចំណាត់ការ​ត្រឹមត្រូវ​ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​​ហើយ​រួម​ផ្សំ​ជាមួយនឹង​បញ្ហា​អាកាសធាតុ​នោះ​ជំងឺ​នេះ​អាច​ឆ្លង​រីក​រាលដាល​ទៅ​តំបន់​ថ្មីៗ​និង​ឆ្លង​រាលដាល​ទៅ​នៅ​តំបន់ៗ​ចាស់​ឡើងវិញ​ព្រម​ទាំង​ទៅ​ដល់​កសិដ្ឋាន​ធំៗ​មួយចំនួន​​ទៀត​ផង​ដែរ​។​

​លោក បាន​និយាយថា វិធានការ​បង្ការ​បច្ចុប្បន្ន​គឺជា​ជម្រើស​តែមួយ​គត់​ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​។ ក្រសួង​សុខាភិបាល​កំពុង​តែ​ធ្វើ​ការស្រាវជ្រាវ​រក​វ៉ាក់សាំង​សម្រាប់​វីរុស​នៃ​ជំងឺ​នេះ​៕​ដោយ​៖​សុខា​/sb

ការឆ្លង​រាលដាល​នៃ​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​នេះ បាន​នាំឱ្យ​វៀតណាម​សម្លាប់​ជ្រូក​ចោល​ចំនួន​២​លាន​ក្បាល​ក្នុង​រយៈពេល​ពីរ​បី​ខែ​កន្លងទៅ​នេះ​