វៀតណាម​សម្លឹង​ទៅរក​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​មី​យ៉ាន់​ម៉ា​

469

ក្នុងពេល​ទទួល​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង សាន​ស៊ូ​ជី កាលពី​ថ្ងៃ​សុក្រ​ទី​២០​មេសា ប្រធាន​បក្ស​វៀតណាម​លោក​ង្វៀន ភូ ត្រុងបាន​មានប្រសាសន៍​ថា​វៀត​​ណា​ម​តែងតែ​ភ្ជាប់​សារសំខាន់​នៃ​ការពង្រឹង​និង​ពង្រីក​មិត្តភាព​និង​កិច្ចសហការ​ជាមួយ​មី​យ៉ាន់​ម៉ា​។​

​លោក​លេខា​បក្ស​បាន​វាយ​តំលៃ​ខ្ពស់​អំពី​ការអភិវឌ្ឍន៍​ទំនាក់ទំនង​វៀតណាម​-​មី​យ៉ាន់​ម៉ា​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ និង​បាន​សម្តែង​ក្តីសង្ឃឹម​ថា​ដំណើរ​ទស្សនកិច្ច​របស់​​លោក​ស្រី​នឹង​កត់សំគាល់​ព្រឹត្តិការណ៍​សំខាន់​ជា​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។​

​សូមបញ្ជាក់​ថា លោកស្រី​អ៊ុង សាន​ស៊ូ​ជី បានធ្វើ​ទស្សនកិច្ច​វៀតណាម​ជា​លើកដំបូង​ចាប់ពី​ថ្ងៃ​១៩​ដល់​២០​មេសា ក្នុង​បំណង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​។​ដំណើរ​ទស្សនកិច្ច​​នេះ​កើតឡើង​ចំ​ពេល​ទំនុកចិត្ត​នយោបាយ​និង​កិច្ចសហប្រតិបត្តិការ​កើនឡើង​រវាង​ប្រទេស​ទាំង​ពីរ​។​

​លោក​អគ្គលេខា​បក្ស​ក៏បាន​ស្វាគមន៍​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​រវាង​មេដឹកនាំ​មី​យ៉ាន់​ម៉ា​រូបនេះ​និង​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន ភុក ដោយ​ស្នើ​អោយ​ភាគី​ទាំងពី​ជំរុញ​​កិច្ចសហការ​លើ​គ្រប់​វិស័យ ជាពិសេស​ពាណិជ្ជកម្ម ការវិនិយោគ​និង​ការផ្លាស់ប្តូរ​វប្បធម៌​។​

​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា ក៏​បាន​រំលេច​អំពី​សារសំខាន់​នៃ​កិច្ចសហការ​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​បញ្ជាក់​អះអាង​ឡើងវិញ​ថា​មី​យ៉ាន់​ម៉ា​នឹង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​វៀតណាម​​នៅក្នុង​ការរក្សា​សន្តិភាព ស្ថេរភាព​និង​កិច្ចសហការ​នៅក្នុង​តំបន់​ហើយនឹង​ក្នុង​ការស្ថាបនា​សហគមន៍​អាស៊ាន​ឯកភាព​និង​ខ្លាំងក្លា​មួយ​។​

​អ៊ុង​សាន ស៊ូ​ជី ក្នុងជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​សរសើរ​គំរោង​វិនិយោគ​របស់​វៀតណាម​នៅក្នុង​ប្រទេស​របស់​លោក​ស្រី​។​ក្នុងអំឡុងពេល​ជួបពិភាក្សា មេ​​ដឹកនាំ​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ស្វះស្វែង​រក​វិធី​ធ្វើ​យ៉ាងណា​អោយ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​ដល់​១.០០០​លាន​ដុល្លារ​។​

​វៀតណាម​ជា​វិនិយោគិន​ធំ​បំផុត​ទី​៧​នៅ​មី​យ៉ាន់​ម៉ា ជាមួយនឹង​៧០​គំរោង ក្នុង​តំលៃ​ជិត​២​ពាន់​លាន​ដុល្លារ​៕

​​លេខា​បក្ស​វៀតណាម លោក​ង្វៀន ភូ ត្រុង ចាប់ដៃ ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី ក្នុងជំនួប​កាលពី​ថ្ងៃ​២០​មេសា​