វៀតណាម​ស៊ើបអង្កេត​អតីត​មេបញ្ជាការ​ទ័ពជើងទឹក​ចំពោះ​ការធ្វេសប្រហែស​

516
ចែករម្លែក

​ង្វៀន វ៉ាន់ ហៀន អតីត​អនុរដ្ឋមន្ត្រី​ការពារជាតិ​និង​ជា​អតីត​មេបញ្ជាការ​ទ័ពជើងទឹក​វៀតណាម កំពុង​ស្ថិត​ក្រោម​ការស៊ើបអង្កេត​ចំពោះ​ការ​ធ្វេសប្រហែស​លើ​ការគ្រប់គ្រង​ដី​របស់​​អង្គភាព​។​

​ទីភ្នាក់ងារ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​នៅ​ក្រោម​ក្រសួង​ការពារជាតិ សហការ​ជាមួយ​រដ្ឋ​អយ្យការ​យោធា បាន​ចេញ​សេចក្តីសំរេច​ធ្វើ​ការស៊ើបអង្កេត​នេះ​កាលពី​ថ្ងៃ​អង្គារ​ទី​២២​តុលា ។​​ហៀន ឥឡូវ កំពុង​ស្ថិត​ក្រោម​ការ​បង្ខាំង​អោយ​នៅ​ក្នុងផ្ទះ​។​

ង្វៀន វ៉ាន់ ហៀន កាលពី​នៅ​ជា​មេបញ្ជាការ​កងទ័ពជើងទឹក កាលពី​ឆ្នាំ​២០១៥

​ការស៊ើបអង្កេត​នេះ​ជា​ផ្នែក​នៃ​បណ្តឹង​អំពី​ការ​ឆបោក​និង​ការគ្រប់គ្រង​ដី ដែល​បាន​នាំ​អោយ​អតីត​វរសេនីយ៍ឯក ឌិញ ង៉ុក ហេ ត្រូវបាន​តុលាការ​កាត់ទោស​ដាក់គុក​១២​ឆ្នាំ​កាល​​ពី​ឆ្នាំ​មុន​។​

​ហៀន អាយុ​៦៥​ឆ្នាំ ត្រូវ​បាន​បណ្តេញចេញ​ពី​កងទ័ពជើងទឹក ក្រោម​ការសំរេចចិត្តរ​បស់​នាយករដ្ឋមន្ត្រី ង្វៀន សួន ហ្វ៊ុក កាលពី​ខែ​មុន ចំពោះ​«​ការ​រ​លោភ​ធ្ងន់ធ្ងរ​ណាស់​» ពេល​លោក​​នៅ​ធ្វើជា​មេបញ្ជាការ​ទ័ពជើងទឹក​រវាង​ឆ្នាំ​២០០៤​និង​២០១៥​។​

​ចំពោះ​កំហុស​នេះ​លោក​ត្រូវ​បាន​បណ្តេញ​ឬ​ដក​មុខតំណែង​ទាំង​អស់​ពី​បក្ស​កុំម្មុយនិស្ត​កាលពី​ខែមិថុនា​។​

​សូមបញ្ជាក់​ថា បក្ស​កុំម្មុយនិស្ត​វៀតណាម មាន​ការដាក់វិន័យ​៤​ប្រភេទ គឺ​ដំបូង ស្តីបន្ទោស ព្រមាន ទម្លាក់​តំណែង​និង​ចុងក្រោយ​បណ្តេញចេញ​។​

​ហៀន ជាមួយ​នាយ​ទាហានជើងទឹក​២​រូប​ទៀត បាន​ទទួលខុសត្រូវ​ចំ​ពោះ​ការរំលោភ​ការគ្រប់គ្រង​ដី​ជា​ច្រើន នេះ​បើ​តាម​ការបញ្ជាក់​ពី​គណៈកម្មាធិការ​អធិការកិច្ច​មជ្ឈិម ដែល​​ជា​អង្គការ​កំពូល​របស់​រដ្ឋ​។​ការរំលោភ​នេះ​នាំ​ដល់​ការខាតបង់​ហិរញ្ញវត្ថុ​ច្រើន និង​ប៉ះពាល់​ជា​ខ្លាំង​ដល់​កេរ្តិ៍ឈ្មោះ​បក្ស​កុំម្មុយនិស្ត និង​កងទ័ពជើងទឹក​។​

​ការបង្ក្រាប​អំពើ​ពុករលួយ​ជាទូទៅ ត្រូវបាន​ដឹកនាំ​ធ្វើ​ដោយ​ប្រធាន​បក្ស​និង​ជា​ប្រធានាធិបតី​វៀតណាម លោក​ង្វៀន ភូ​ជុង​ដែល​នាំ​ដល់​ការដាក់ទោស​មន្ត្រីជាន់ខ្ពស់​និង​កណ្តាល​​មួយចំនួន​ធំ​នៅ​រយៈពេល​៣​ឆ្នាំ​មកនេះ​៕​ដោយ​៖​វាសនា​