វៀតណាម​ហាមឃាត់​ខ្សែភាពយន្ត​គំនូរជីវចល “Abominable” ជុំវិញ​ផែនទី​សមុទ្រ​ចិន​ខាងត្បូង​

335
ចែករម្លែក

​វៀតណាម​បាន​ដក​ភាពយន្ត “Abominable” ចេញពី​រោងកុន ពីព្រោះ​ខ្សែភាពយន្ត​គំនូរជីវចល​ផលិត​ដោយ​សហរដ្ឋ​អាម៉េរិក​និង​ចិន​នេះ បានបង្ហាញ​ផែនទី​គាំទ្រ​ដល់​ការអះអាង​កាន់កាប់​របស់​ចិន​លើ​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ជម្លោះ​។​

​រូបភាព​នៅក្នុង​ឈុត​មួយ​ក្នុង​រឿងនេះ​បានបង្ហាញ​ពីអ្វី​ដែល​គេ​ហៅថា​ខ្សែបន្ទាត់ ៩ ត្រេ ដែលជា​បន្ទាត់​ដាច់ៗ​នៅ​ជុំវិញ​ដែនទឹក​សម្បូរ​ធនធាន ដែល​ចិន​អះអាងថា​ជា​ទឹកដី​របស់ខ្លួន​។ ការអះអាង​កាន់កាប់​ទឹកដី​ទាំងនោះ​គឺ​ត្រួតស៊ីគ្នា​នឹង​ការទាមទារ​របស់​វៀត​ណា​ម​និង​រដ្ឋាភិបាល​អាស៊ី​ដទៃទៀត​ដែរ ហើយ​សាលាក្តី​អន្តរជាតិ​នៅ​ឆ្នាំ ២០១៦ បានធ្វើឱ្យ​មោឃភាព​នូវ​ការអះអាង​កាន់កាប់​ទឹកដី​ដ៏​ធំធេង​របស់​ចិន​ក្នុង​បន្តឹង​មួយ​ប្តឹង​ដោយ​ហ្វីលីពីន​។​

​ភាពយន្ត “Abominable” ដែល​ដំណាល​អំពី​ក្មេងស្រី​ជនជាតិ​ចិន​ម្នាក់​ដែល​ជួយ​សត្វ​យ៉េ​ទី​ឱ្យ​ត្រឡប់ទៅផ្ទះ​វា​វិញ​នៅលើ​ភ្នំ​ហេមពាន្ត គឺ ជាការ​សហការគ្នា​រវាង​ក្រុមហ៊ុន DreamWorks Animation របស់​អាម៉េរិក និង ក្រុមហ៊ុន Pearl Studio នៅក្នុង​ប្រទេស​ចិន​។​

​កាសែត​រដ្ឋ​វៀតណាម Tuoi Tre បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្សែភាពយន្ត​នេះ​បានដាក់​បញ្ចាំង​នៅតាម​រោងកុន​វៀតណាម​អស់​រយៈពេល​មួយ​សប្តាហ៍ មុនពេល​វា​ត្រូវបាន​ដកចេញ​។​

​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​រប​ស់​រដ្ឋាភិបាល​លោក​ង្វៀន ធូ​ហា និយាយថា “​យើង​នឹងមាន​ការប្រុងប្រយ័ត្ន​ខ្លាំង​ជាង​មុន​ក្នុងការ​ត្រួតពិនិត្យ​”​។​

​នាយកដ្ឋាន​នេះ​ទទួលខុសត្រូវ​ចំពោះ​ការត្រួតពិនិត្យ​លើ​ខ្សែភាពយន្ត​ទាំងអស់​ទាក់ទិន​នឹង​អំពើហិង្សា ផ្លូវភេទ និង សារ​នយោបាយ​មិន​អំណោយផល​នៅក្នុង​ប្រទេស​វៀតណាម​ផ្តាច់ការ​៕ ដោយ៖ កញ្ញាដាលីស

ខ្សែភាពយន្ត​គំនូរជីវចល “Abominable” ត្រូវបាន​ដកចេញ​ពី​រោងកុន​វៀតណាម