វៀត ប៊ុន​ឌឿ​ន និង ម៉ន សា​ម៉េ​ត ស្វាគមន៍​អ្នក​ប្រដាល់​ថៃ​លើស​ង្វៀន​ខា​រ៉ា​បាវ​

1066
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: លើស​ង្វៀន​ខា​រ៉ា​បាវ​របស់​អាស៊ីអាគ្នេយ៍រ​សៀ​ល​ថ្ងៃទី​១​កញ្ញា អ្នក​ប្រដាល់​កម្ពុជា ម៉ន សា​ម៉េ​ត ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក នឹង​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ ឃុន សៀក​ឡេ​ក (Khun Soeklek) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ត​ម្ង​ន់​៥៧​គីឡូក្រាម​។​

​សា​ម៉េ​ត ពេលនេះ​កម្លាំង​គេ​ឆាប់​ធ្លាក់​ខ្លាំងណាស់ តែ​គេ​ជា​អ្នក​ប្រដាល់​ចិត្តធំ និង​មាន​កលល្បិច​វ៉ៃ​នៅ​គ្រាន់បើ​។ អ្នក​ប្រដាល់​រូបនេះ ចូលចិត្ត​វាយ​បន្ថែម​លើ​គូប្រកួត ក្នុងខណៈដែល​គូប្រកួត​ដួល ឬ​ក្រោយ​ពេលដែល​អាជ្ញាកណ្ដាល​ស្រែក​ឃាត់​។ គេ​វ៉ៃ​នៅ​រហ័ស​គ្រាន់បើ​ដែរ តែ​នៅពេលដែល​កម្លាំង​គេ​អស់​ដល់​កម្រិត​នោះ គេ​វ៉ៃ​ក្បាច់​ម៉ែ​ចែក​ឲ្យ​តែម្ដង​។ អ្នក​ប្រដាល់​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៣៦​ដង ឈ្នះ​១០០​ដង ចាញ់​៣១​ដង និង​ស្មើ​ពិន្ទុ ៥ ដង​។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ​ឃុន សៀក​ឡេ​ក​វិញ គេ​ក៏​មិនជា​ខ្សោយ​ឡើយ​។ កណ្ដាប់ដៃ ជង្គង់ និង​ស្នៀត​ទាត់​របស់គេ​អស្ចារ្យ​ណាស់​។ អ្នក​ប្រដាល់​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥​ដង ឈ្នះ​៥៤​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ​ចំនួន​១​ដង​។ ជំនួប​មួយ​នេះ មិនដឹងថា នរណា​ជួប​សំនាងល្អ​នោះឡើយ​។​

​ចំពោះ វៀត ប៊ុន​ឌឿ​ន មកពី​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​វិញ​នោះ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ផាត ប្រា​ចៅ (Phat Prachao) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។​

​ប៊ុន​ឌឿ​ន ជា​អ្នក​ប្រដាល់​ដែលមាន​ផ្លែ​វ៉ៃ​ល្អ ពិសេស​ក្នុងស្ថានភាព​ចង្អៀត​កែង​របស់គេ​វ៉ៃ​ចេញ​មាន​ប្រសិទ្ធភាព​ណាស់​។ ទោះជា​យ៉ាងណា ក៏​មួយរយៈ​នេះ​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ជួប​បរាជ័យ​ច្រើនណាស់ ដោយសារតែ​គេ​មិនសូវ​ចូល​ក្លិប​ហ្វឹកហាត់​និង​ហ្វឹកហាត់​មិនបាន​ល្អ​។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៥​ដង ឈ្នះ​៦០​ដង ចាញ់ ១៣​ដង និង​ស្មើ​ពិន្ទុ ២​ដង​។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ ផាត ប្រា​ចៅ វិញ​នេះ​ជា​លើក​ទី​១ ហើយ ដែល​គេ​មក​ប្រកួត​ស្រុក​ខ្មែរ​។ មិនមាន​នរណា​ដឹងថា អ្នក​ប្រដាល់​រូបនេះ​វ៉ៃ​ល្អ ឬក៏​យ៉ាងណា​ឡើយ​។ កំណត់ត្រា​ប្រកួត​របស់​អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ប្រសើរ​នោះទេ គឺ​គេ​ធ្លាប់​ប្រកួត​ចំនួន​៥៧​ដង ឈ្នះ​២៩​ដង ចាញ់​២៧​ដង និង​ស្មើ​ពិន្ទុ​១​ដង​។ នេះ​ជាការ​ប្រកួត​មួយ​ដែល​មិនដឹងថា នរណា​ជួប​សំណាងល្អ​នោះទេ​។​

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ខេន ភារ​ម្យ ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ វីន ដេវីត ក្លិប​នាគរាជ​ចតុមុខ ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម​។ ង៉ែត វុ​ធ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ សង គង់ ក្លិប​អេ​ភូ​ថង​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​៕ ល​